វិធីផ្សព្វផ្សាយនៅតំបន់ជំនួញ
១ តើអ្នកចង់ផ្សព្វផ្សាយនៅតំបន់ដែលធម្មតាមនុស្សទទួលស្វាគមន៍ភ្ញៀវ ហើយជាកន្លែងដែលអ្នកអាចជួបមនុស្សច្រើននោះឬទេ? ប្រហែលអ្នកអាចធ្វើដូច្នេះបាននៅកន្លែងខ្លះក្នុងតំបន់ផ្សាយនៃក្រុមជំនុំរបស់អ្នក។ តើតាមរបៀបណា? ដោយទៅជួបមនុស្សតាមហាងផ្សេងៗ។ អ្នកផ្សាយដែលធ្វើបន្ទាល់តាមហាងច្រើនតែទទួលនូវលទ្ធផលល្អ។
២ ក្រុមជំនុំខ្លះមានតំបន់ជំនួញជាផ្នែកនៃតំបន់ផ្សាយរបស់គេ។ បងប្រុសដែលមើលខុសត្រូវចំពោះតំបន់ផ្សាយ អាចរៀបចំផែនទីផ្សាយពិសេសសំរាប់តំបន់ដែលមានហាងជាច្រើន។ បើផែនទីផ្សាយណាដែលជាតំបន់មានលំនៅប្រជាជនហើយមានទាំងតំបន់ជំនួញដែរ នោះគួរបញ្ជាក់ឲ្យច្បាស់ថា យើងមិនត្រូវផ្សព្វផ្សាយតាមហាងផ្សេងៗទេ ទោះជាហាងទាំងនោះនៅម្ដុំផ្ទះប្រជាជនក៏ដោយ។ នៅតំបន់ផ្សាយផ្សេងទៀត យើងអាចផ្សព្វផ្សាយនៅតំបន់ជំនួញនិងលំនៅប្រជាជនក្នុងពេលដំណាលគ្នាបាន។ បើអ្នកមិនដែលធ្វើបន្ទាល់តាមហាងទេ ចូរចាប់ផ្ដើមផ្សាយតាមហាងតូចៗសិន។
៣ ប្រើវិធីស្រួលមួយ: ពេលធ្វើបន្ទាល់តាមហាង សំខាន់ដែលយើងស្លៀកពាក់ដូចយើងស្លៀកពាក់សំរាប់កិច្ចប្រជុំនៅឯសាលព្រះរាជាណាចក្រដែរ។ យកល្អយើងរើសយកពេលដែលហាងនោះពុំមានអតិថិជនច្រើន។ បើអាចធ្វើទៅបាន ចូរចូលទៅក្នុងហាងនៅពេលដែលគ្មានអតិថិជនរង់ចាំម្ចាស់ហាងឲ្យបំរើនោះ។ សុំការអនុញ្ញាតនិយាយជាមួយអ្នកកាន់កាប់ឬអ្នកចាត់ការ។ ចូរនិយាយយ៉ាងខ្លីចំៗនិងច្បាស់។ តើអ្នកអាចនិយាយអំពីអ្វី?
៤ ពេលនិយាយជាមួយម្ចាស់ហាងឬអ្នកកាន់កាប់ នោះអ្នកអាចនិយាយដូចតទៅថា៖ «អ្នកដែលធ្វើជំនួញមមាញឹកណាស់ដែលយើងកម្រជួបនៅផ្ទះ ហេតុនេះហើយបានជាយើងមកលេងអ្នកនៅឯហាងអ្នកតែម្ដង។ ទស្សនាវដ្ដីនេះជួយបំភ្លឺនូវទស្សនៈក្នុងពិភពលោកចំពោះព្រឹត្ដិការណ៍ផ្សេងៗដែលបានកើតឡើងនៅពេលថ្មីៗនេះ»។ រួចមក ពន្យល់នូវចំណុចដ៏ខ្លីមួយពីទស្សនាវដ្ដីនោះ។
៥ ធម្មតា អ្នកជំនួញចាប់អារម្មណ៍នឹងការប្រែប្រួលក្នុងសង្គមនិងបញ្ហាខាងសេដ្ឋកិច្ច។ ពួកគេចង់បានពត៌មានដែលមានប្រយោជន៍ចំពោះទំនាក់ទំនងជាមួយនឹងមនុស្ស ក្រុមគ្រួសារ និងអ្វីដែលមានប្រយោជន៍សំរាប់ពួកគេផងដែរ។ អ្នកអាចធ្វើឲ្យពួកគេចាប់អារម្មណ៍ដោយបង្ហាញនូវពាក្យដែលប្រកបដោយប្រាជ្ញាក្នុងព្រះគម្ពីរដែលមានក្នុងសៀវភៅស្តើង របៀបទទួលបានជីវិតដ៏គាប់ចិត្ត។ អ្នកអាចបង្ហាញសៀវភៅស្តើងនេះដោយនិយាយថា៖ «ខ្ញុំឈ្មោះ_____។ ខ្ញុំជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ហើយចង់មកប្រាប់នូវពត៌មានដែលធ្វើឲ្យបរិយាកាសក្នុងការិយាល័យនេះបានប្រសើរជាង។ ខ្ញុំដឹងថា មនុស្សគ្រប់គ្នាក្នុងការិយាល័យនេះខំប្រឹងធ្វើការណាស់ជារៀងរាល់ថ្ងៃ។ អ្នកច្បាស់ជាចាប់អារម្មណ៍នូវរបៀបបន្ថយភាពតានតឹងចិត្តនិងការងារដែលមានផលល្អ។ ខ្ញុំមានពត៌មាននេះចង់ប្រាប់អ្នក។ [សូមបង្ហាញសៀវភៅស្តើង] លោក_____ប្រហែលជាបានពិសោធនូវឥទ្ធិពលនៃភាពតានតឹងចិត្តដែលមានបន្ដិចម្ដងៗរហូតនាំដល់ក្ដីអន្តរាយតែម្ដង។ [សូមបង្ហាញទំព័រ៤ វគ្គ៥] សៀវភៅស្តើងនេះពិគ្រោះនូវសុភាសិតជំពូក៣០ដែលមានក្នុងព្រះគម្ពីរដែលអាចជួយឲ្យចេះប្រឈមមុខដោះស្រាយនឹងបញ្ហាផ្សេងៗ ដែលនាំឲ្យមានការតានតឹងចិត្តរាល់ថ្ងៃ។ អ្នកប្រហែលជាចាប់អារម្មណ៍នឹងប្រធានដូចជាទំនាក់ទំនងជាមួយមនុស្សនិងភាពតានតឹងចិត្ត។ ពេលខ្ញុំមកលើកក្រោយ បើអ្នកមានពេលបន្ដិចបន្តួចដូចថ្ងៃនេះ ខ្ញុំចង់បង្ហាញបទគម្ពីរមួយ។ តើខ្ញុំអាចមកជួបអ្នកពេលបរិភោគអាហារថ្ងៃត្រង់បានទេ?»។
៦ បណ្ដុះនូវចំណាប់អារម្មណ៍: អ្នកប្រហែលជាអាចដឹកនាំការសិក្សាព្រះគម្ពីរក្នុងតំបន់ជំនួញដែរ។ អ្នកត្រួសត្រាយពិសេសម្នាក់យកទស្សនាវដ្ដីទៅឲ្យម្ចាស់ហាងម្នាក់ជាទៀងទាត់។ នៅពេលដែលបុរសនោះប្រាប់ថាគាត់ចាប់អារម្មណ៍នឹងអ្វីដែលគាត់កំពុងតែអាន នោះអ្នកត្រួសត្រាយបង្ហាញនូវរបៀបសិក្សាព្រះគម្ពីរដោយប្រើសៀវភៅស្តើងតម្រូវ។ បងប្រុសយើងដឹកនាំការសិក្សាព្រះគម្ពីរនៅឯហាងរបស់បុរសនោះតែម្ដង។ ដោយគិតអំពីកាលៈទេសៈរបស់បុរសនេះ អ្នកត្រួសត្រាយបានដឹកនាំការសិក្សាព្រះគម្ពីរអស់តែ១០ឬ១៥នាទីប៉ុណ្ណោះ។ ដូច្នេះហើយ សូមឲ្យយើងបន្តស្វែងរកមនុស្សដែលគួរនឹងទទួលដំណឹងល្អ ដោយធ្វើបន្ទាល់នៅតំបន់ជំនួញ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើមានប្រយោជន៍ណាខ្លះដោយធ្វើបន្ទាល់នៅតំបន់ជំនួញ?
២. តើអាចរៀបចំតំបន់ជំនួញយ៉ាងដូចម្ដេច?
៣. តើអ្វីដែលនឹងជួយយើងឲ្យមានប្រសិទ្ធភាពពេលធ្វើបន្ទាល់តាមហាងផ្សេងៗ?
៤, ៥. តើយើងអាចនិយាយអ្វីពេលធ្វើបន្ទាល់ដល់ម្ចាស់ហាងឬអ្នកកាន់កាប់ហាង?
៦. តើយើងអាចបណ្ដុះចំណាប់អារម្មណ៍ក្នុងតំបន់ជំនួញយ៉ាងដូចម្ដេច?