តើអ្នកមានតំបន់ផ្សាយផ្ទាល់ខ្លួនទេ?
១ តំបន់ផ្សាយផ្ទាល់ខ្លួនគឺជាតំបន់ផ្សាយមួយដែលបានត្រូវប្រគល់ឲ្យអ្នកទទួលខុសត្រូវ។ តំបន់នោះប្រហែលជានៅជិតហើយងាយស្រួល ដើម្បីអ្នកអាចផ្សព្វផ្សាយម្នាក់ឯង ឬក៏ជាមួយអ្នកផ្សេងទៀត។ ថ្វីបើ ការគាំទ្រប្រជុំសម្រាប់កិច្ចបម្រើផ្សាយនៃក្រុមជំនុំផ្ដល់ប្រយោជន៍ក៏ពិតមែន តែការមានតំបន់ផ្សាយផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយនៅឱកាសផ្សេងទៀត អាចជួយយើងក្នុងការធ្វើបន្ទាល់ឲ្យបានសព្វគ្រប់ ជាពិសេសចំពោះក្រុមជំនុំដែលមានតំបន់ផ្សាយច្រើន។—កិច្ច. ១០:៤២
២ អត្ថប្រយោជន៍: អ្នកខ្លះយល់ថាមានប្រយោជន៍ បើផ្សព្វផ្សាយនៅក្នុងតំបន់ផ្សាយផ្ទាល់ខ្លួនដែលស្ថិតនៅជិតកន្លែងធ្វើការពេលសម្រាកញ៉ាំបាយថ្ងៃត្រង់ ឬបន្ទាប់ពីធ្វើការចប់ភ្លាម។ អ្នកខ្លះទៀតចូលចិត្តផ្សព្វផ្សាយជាគ្រួសារ ក្នុងតំបន់របស់ខ្លួនអស់មួយម៉ោង ឬមួយម៉ោងជាងមុនការសិក្សាសៀវភៅតាមក្រុមជំនុំ។ ជាលទ្ធផលយើងមានការត្រឡប់ទៅជួប សិស្សព្រះគម្ពីរនៅតំបន់ផ្សាយផ្ទាល់ខ្លួនដែលជិតហើយងាយស្រួល នោះយើងអាចសន្សំសំចៃកម្លាំង ពេលវេលា និងសោហ៊ុយ។ ដោយព្រោះ យើងអាចសម្រេចកិច្ចការជាច្រើនក្នុងរយៈពេលដ៏ខ្លី។ ការមានតំបន់ផ្សាយផ្ទាល់ខ្លួនអាចជួយបងប្អូនខ្លះឲ្យបម្រើជាអ្នកត្រួសត្រាយជំនួយម្ដងម្កាល ឬអាចចុះឈ្មោះបម្រើជាអ្នកត្រួសត្រាយពេញពេលក៏បាន។ បន្ថែមទៀត ការផ្សព្វផ្សាយនៅតំបន់ផ្សាយផ្ទាល់ខ្លួន និងការមានភាពជិតស្និទ្ធជាមួយម្ចាស់ផ្ទះ អាចជួយឲ្យគាត់រឹតតែមានទំនុកចិត្តលើយើង ហើយយើងក៏អាចកែសម្រួលពាក្យផ្សាយទៅតាមអ្វីដែលម្ចាស់ផ្ទះយកចិត្តទុកដាក់។ នេះធ្វើឲ្យកិច្ចបម្រើផ្សាយរបស់យើងកាន់តែមានប្រសិទ្ធភាព។
៣ អ្នកត្រួសត្រាយម្នាក់ដែលបានទទួលការលើកទឹកចិត្តឲ្យមានតំបន់ផ្សាយផ្ទាល់ខ្លួនពីអ្នកត្រួតពិនិត្យមណ្ឌល បាននិយាយថា៖ «ខ្ញុំធ្វើតាមដំបូន្មាននេះ ហើយមិនយូរប៉ុន្មានខ្ញុំបានស្គាល់និងមានភាពស្និទ្ធស្នាលជាមួយម្ចាស់ផ្ទះដែលរស់នៅក្នុងតំបន់ផ្សាយរបស់ខ្ញុំ។ ខ្ញុំរៀបចំធ្វើការត្រឡប់ទៅជួបទៅតាមពេលវេលាដែលល្អសម្រាប់ពួកគាត់។ ជាលទ្ធផល ការត្រឡប់ទៅជួបរបស់ខ្ញុំបានកើនឡើងពី៣៥ទៅ៨០ក្នុងមួយខែ ព្រមទាំងមានសិស្សព្រះគម្ពីរប្រាំពីរនាក់»។
៤ របៀបដែលអាចមានតំបន់ផ្សាយផ្ទាល់ខ្លួន: បើអ្នកចង់មានតំបន់ផ្សាយផ្ទាល់ខ្លួន សូមជម្រាបបងប្រុសដែលជាអ្នកទទួលខុសត្រូវផ្នែកតំបន់ផ្សាយ។ សូមកុំញញើតនឹងអញ្ជើញអ្នកផ្សព្វផ្សាយម្នាក់ទៀតឲ្យមកជាមួយ និងកត់កំណត់ពីអ្នកដែលអត់នៅផ្ទះ។ អ្នកអាចព្យាយាមផ្សព្វផ្សាយឲ្យចប់ក្នុងរយៈពេលបួនខែ។ បើអ្នកមានការពិបាក អ្នកអាចសុំជំនួយពីអ្នកត្រួតពិនិត្យក្រុមសិក្សា ឬពីអ្នកផ្សេងទៀត។ ដល់ពេលផ្សព្វផ្សាយចប់ក្នុងរយៈបួនខែនោះ អ្នកអាចប្រគល់ទៅឲ្យអ្នកទទួលខុសត្រូវផ្នែកតំបន់ផ្សាយវិញ ឬក៏សុំផ្សព្វផ្សាយម្ដងទៀត។ ទោះជាយ៉ាងណាក្ដី អ្នកមិនគួររក្សាតំបន់ផ្សាយដដែលទុករហូតទេ ព្រោះអាចមានអ្នកដទៃត្រូវការ។ បើក្រុមជំនុំរបស់អ្នកមិនមានតំបន់ផ្សាយច្រើន ហើយអ្នកមិនអាចមានតំបន់ផ្សាយផ្ទាល់ខ្លួន ប្រហែលអាចសុំតែមួយផ្នែកពីអ្នកត្រួតពិនិត្យក្រុមសិក្សា។
៥ យើងមានសេចក្ដីបង្គាប់ឲ្យប្រកាសប្រាប់«ទូទៅគ្រប់ក្នុងលោកីយ»គឺជាកិច្ចការមួយដែលមានភាពធំសម្បើមមែន។ (ម៉ាថ. ២៤:១៤) ដូច្នេះ កិច្ចការនេះតម្រូវឲ្យមានការរៀបចំល្អ។ ការចូលរួមផ្សព្វផ្សាយជាក្រុមបន្ថែមទៅលើការផ្សព្វផ្សាយក្នុងតំបន់ផ្សាយផ្ទាល់ខ្លួន នោះអាចជួយយើងឲ្យផ្សាយដំណឹងល្អដល់មនុស្សបានច្រើនបំផុត។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើអ្វីជាតំបន់ផ្សាយផ្ទាល់ខ្លួន?
២. តើការមានតំបន់ផ្សាយផ្ទាល់ខ្លួននាំឲ្យបានប្រយោជន៍អ្វីខ្លះ?
៣. តើអ្នកត្រួសត្រាយម្នាក់ដែលមានតំបន់ផ្សាយផ្ទាល់ខ្លួនមានបទពិសោធន៍បែបណា?
៤. តើយើងអាចផ្សព្វផ្សាយនិងមានតំបន់ផ្សាយផ្ទាល់ខ្លួនតាមរបៀបណា?
៥. តើមានតម្រូវការអ្វីដើម្បីសម្រេចកិច្ចការដែលយើងបានទទួលក្នុងការផ្សព្វផ្សាយដំណឹងល្អ?