ចូរបង្ហាញចិត្តគំនិតជាអ្នកត្រួសត្រាយ
១ អ្នកផ្សាយព្រះរាជាណាចក្រគ្រប់រូបអាចបង្ហាញចិត្តគំនិតជាអ្នកត្រួសត្រាយ មិនថាពួកគេមានកាលៈទេសៈអាចបំរើជាអ្នកត្រួសត្រាយបានឬមិនបានក៏ដោយ។ អ្នកផ្សាយទាំងឡាយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបង្គាប់ដែលថាត្រូវផ្សព្វផ្សាយនិងបញ្ចុះបញ្ចូលឲ្យមានសិស្សនោះ។ (ម៉ាថ. ២៨:១៩, ២០; កិច្ច. ១៨:៥) ពួកគេស្រឡាញ់មនុស្ស និងធ្វើពលិកម្មដើម្បីបំពេញកិច្ចបំរើ។ (ម៉ាថ. ៩:៣៦; កិច្ច. ២០:២៤) អ្នកបំរើរបស់ព្រះយេហូវ៉ាសុខចិត្តធ្វើអ្វីទាំងអស់ដើម្បីជួយអ្នកឯទៀតរៀនសេចក្ដីពិត។ (១កូ. ៩:១៩-២៣) ឥឡូវយើងនឹងពិចារណាគំរូរបស់បុគ្គលម្នាក់ដែលបានបង្ហាញចិត្តគំនិតជាអ្នកត្រួសត្រាយ នោះគឺភីលីពដែលជាអ្នកផ្សាយដំណឹងល្អ។
២ ការផ្សព្វផ្សាយនិងការបង្រៀន: ភីលីពមានភារកិច្ចសំខាន់ៗក្នុងក្រុមជំនុំគ្រីស្ទាននៅសតវត្សរ៍ទីមួយ។ (កិច្ច. ៦:១-៦) យ៉ាងណាក៏ដោយ គាត់បានលេចធ្លោជាអ្នកផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែង។ (កិច្ច. ៨:៤០) សព្វថ្ងៃនេះដែរ ទន្ទឹមជាមួយនឹងការបំពេញភារកិច្ចក្នុងក្រុមជំនុំ អ្នកចាស់ទុំនិងអ្នកងារជំនួយអាចបង្ហាញចិត្តគំនិតជាអ្នកត្រួសត្រាយដោយនាំមុខក្នុងកិច្ចផ្សព្វផ្សាយយ៉ាងខ្នះខ្នែង។ នេះពិតជាលើកទឹកចិត្តក្រុមជំនុំយ៉ាងខ្លាំងណាស់!—រ៉ូម ១២:១១
៣ ក្រោយស្ទេផានបានស្លាប់នោះ ការបៀតបៀនបានចំរើនឡើងយ៉ាងខ្លាំង ទាំងនាំឲ្យជីវិតរបស់បណ្ដាសិស្សរបស់ព្រះយេស៊ូមានការលំបាកណាស់។ ក៏ប៉ុន្តែ ភីលីពបានបន្តផ្សព្វផ្សាយ ហើយគាត់មានតួនាទីសំខាន់ក្នុងការចាប់ផ្ដើមផ្សព្វផ្សាយដល់ជនជាតិសាម៉ារី។ (កិច្ច. ៨:១, ៤-៦, ១២, ១៤-១៧) យើងអាចយកតម្រាប់តាមគំរូរបស់គាត់ដោយបន្តផ្សាយដំណឹងល្អនៅពេលដែលយើងមានការល្បងល និងដោយផ្សាយដល់មនុស្សគ្រប់សាសន៍ដោយមិនរើសអើង។—យ៉ូន. ៤:៩
៤ ការប៉ិនប្រសប់របស់ភីលីពក្នុងការបង្រៀនព្រះបន្ទូលរបស់ព្រះគឺសឲ្យឃើញក្នុងកំណត់ហេតុអំពីមន្ត្រីជនជាតិអេចូពីដែលបានក្លាយជាគ្រីស្ទាន។ (កិច្ច. ៨:២៦-៣៨) ការបណ្ដុះបណ្ដាលសមត្ថភាពប្រើព្រះគម្ពីរនិងវែកញែក‹ពន្យល់បទគម្ពីរ›ជាវិធីមួយទៀតដែលយើងបង្ហាញចិត្តគំនិតជាអ្នកត្រួសត្រាយ។ (កិច្ច. ១៧:២, ៣) ដូចភីលីពដែរ យើងរកឱកាសផ្សាយដំណឹងល្អនៅកន្លែងណាដែលមានមនុស្ស ហើយនៅគ្រប់ឱកាសដែលសមរម្យ។
៥ ក្រុមគ្រួសារនិងក្រុមជំនុំ: ចិត្តគំនិតនិងគំរូរបស់ភីលីពប្រាកដជាបានមានឥទ្ធិពលល្អទៅលើកូនស្រីៗរបស់គាត់។ (កិច្ច. ២១:៩) ស្រដៀងគ្នាដែរ មាតាបិតាគ្រីស្ទានដែលទុកកិច្ចបំរើព្រះរាជាណាចក្រជាអាទិភាពក្នុងជីវិត ក៏លើកទឹកចិត្តកូនឲ្យធ្វើដូចគ្នាដែរ។ ពិតមែនថាមាតាឬបិតាអស់កម្លាំងនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យដោយសារបានធ្វើការក្នុងកំឡុងសប្ដាហ៍នោះ តែដោយខ្នះខ្នែងផ្សព្វផ្សាយដល់អ្នកឯទៀត ពួកគាត់អាចទុកគំរូមួយដែលនឹងដក់ជាប់ជានិច្ចក្នុងចិត្តកូន។—សុ. ២២:៦
៦ ភីលីពបានបង្ហាញភាពរាក់ទាក់ដល់ប៉ុលនិងលូកាដែលជាគ្រីស្ទានដ៏ខ្នះខ្នែងក្នុងកិច្ចបំរើព្រះយេហូវ៉ា។ (កិច្ច. ២១:៨, ១០) តើយើងអាចគាំទ្រនិងបង្ហាញការអបអរចំពោះអ្នកដែលខ្នះខ្នែងបំរើព្រះសព្វថ្ងៃនេះបានយ៉ាងដូចម្ដេច? ប្រហែលជាយើងអាចសុំផ្សព្វផ្សាយជាមួយនឹងអ្នកត្រួសត្រាយណាម្នាក់នៅពេលព្រឹកឬពេលរសៀល នៅថ្ងៃណាដែលមិនសូវមានអ្នកណាចេញទៅផ្សព្វផ្សាយឡើយ។ (ភី. ២:៤) យើងក៏អាចអញ្ជើញពួកគេមកផ្ទះរបស់យើង ដើម្បីសំណេះសំណាលលើកទឹកចិត្តគ្នា។ មិនថាយើងមានកាលៈទេសៈយ៉ាងណាក៏ដោយ ចូរយើងទាំងអស់គ្នាព្យាយាមបង្ហាញចិត្តគំនិតជាអ្នកត្រួសត្រាយ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើអាចបកស្រាយអត្ថន័យនៃការមានចិត្តគំនិតជាអ្នកត្រួសត្រាយយ៉ាងណា?
២. តើអ្នកចាស់ទុំនិងអ្នកងារជំនួយអាចយកតម្រាប់តាមការខ្នះខ្នែងរបស់ភីលីពក្នុងកិច្ចបំរើយ៉ាងដូចម្ដេច?
៣. នៅពេលដែលយើងមានការល្បងល តើយើងអាចបង្ហាញចិត្តគំនិតជាអ្នកត្រួសត្រាយយ៉ាងដូចម្ដេច?
៤. ស្តីអំពីការបង្រៀន តើភីលីពបានទុកគំរូអ្វី?
៥. តើអ្វីអាចជួយមាតាបិតាគ្រីស្ទានធ្វើឲ្យចិត្តគំនិតជាអ្នកត្រួសត្រាយដក់ជាប់ក្នុងចិត្តកូន?
៦. តើយើងអាចបង្ហាញការអបអរចំពោះអ្នកត្រួសត្រាយក្នុងក្រុមជំនុំរបស់យើងយ៉ាងដូចម្ដេច?