យើងត្រូវតែគោរពអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា
ពេលដែលអ្នកឮឈ្មោះ កូរេ ដាថាន និងអ័ប៊ីរ៉ាម តើអ្នកគិតអំពីអ្វី? អ្នកច្បាស់ជាគិតអំពីការបះបោរ! តើពួកគេបានបះបោរប្រឆាំងនឹងអ្វី? ពួកគេបានប្រឆាំងនឹងអំណាចគ្រប់គ្រងរបស់ព្រះ។ ជនគណនា ជំពូកទី១៦រៀបរាប់អំពីរឿងខ្លោចផ្សារបស់ពួកគេ ហើយទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០២សង្ខេបរឿងនេះក្នុងអត្ថបទដែលមានប្រធានថា«ចូរចុះចូលយ៉ាងស្មោះ ចំពោះអំណាចគ្រប់គ្រងដែលព្រះតែងតាំង»។ យកល្អអ្នកអានពត៌មាននេះ រួចទស្សនាកាសែតវីដេអូឈុតសម្ដែងចំណងជើងថា ចូរគោរពអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា បង្ហាញពីរឿងដែលគួរឲ្យយកមកពិចារណា។ ក្នុងឈុតសម្ដែងនោះ អ្នកនឹងទស្សនានូវទំនាស់រវាងកូនប្រុសស្មោះត្រង់របស់កូរេនិងកូរេដែលបានតាំងខ្លួនជាគូប្រឆាំងនឹងព្រះមហាក្សត្រសកលលោក។ (ជនគណនា ២៦:៩-១១) ឈុតសម្ដែងនេះបង្ហាញពីព្រឹត្ដិការណ៍ពិតៗ ដែលគួរជំរុញយើងទាំងអស់គ្នាឲ្យព្យាយាមចំរើនទៅមុខក្នុងការបង្ហាញភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាថែមទៀត។
នៅពេលដែលអ្នកទស្សនាវីដេអូនេះ ចូរខំរកភស្តុតាងដែលបញ្ជាក់ថា កូរេនិងអ្នកចូលដៃជាមួយគាត់ មិនបានបង្ហាញភាពស្មោះត្រង់ក្នុងរឿងប្រាំមួយយ៉ាងដ៏សំខាន់: (១) តើពួកគេបង្ហាញការឥតគោរពចំពោះអំណាចគ្រប់គ្រងរបស់ព្រះយ៉ាងដូចម្ដេច? (២) តើពួកគេបានបណ្ដោយខ្លួនទៅតាមមហិច្ឆតា ចិត្តច្រណែន និងមោទនភាពខ្លួនយ៉ាងដូចម្ដេច? (៣) តើពួកគេបានប្រមូលអារម្មណ៍ទៅលើចំណុចខ្សោយរបស់អ្នកដែលព្រះយេហូវ៉ាតែងតាំងយ៉ាងដូចម្ដេច? (៤) តើពួកគេរអ៊ូរទាំអំពីរឿងអ្វីខ្លះ? (៥) ហេតុអ្វីបានជាពួកគេលែងស្កប់ចិត្តនឹងឯកសិទ្ធិដែលមានក្នុងកិច្ចបំរើ? (៦) តើពួកគេធ្វើដូចម្ដេចខ្លះដែលបង្ហាញថា ពួកគេចាត់ទុកភាពស្មោះត្រង់ជាមួយមិត្តភក្ដិនិងក្រុមគ្រួសារគឺសំខាន់ជាងភាពស្មោះត្រង់ជាមួយនឹងព្រះយេហូវ៉ា?
សូមឲ្យយើងពិចារណានូវរបៀបដែលយើងអាចទាញយកមេរៀនពីឈុតសម្ដែងក្នុងព្រះគម្ពីរស្តីពីទស្សនៈរបស់យើងចំពោះអំណាចគ្រប់គ្រងរបស់ព្រះសព្វថ្ងៃនេះ។ (១) តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការសម្រេចចិត្តរបស់អ្នកចាស់ទុំក្នុងក្រុមជំនុំ? ហេតុអ្វី? (២) តើយើងអាចទប់ទល់នឹងបំណងចិត្តមិនត្រឹមត្រូវយ៉ាងដូចម្ដេច? (៣) តើយើងគួរប្រព្រឹត្តយ៉ាងណាពេលឃើញភាពឥតគ្រប់ល័ក្ខណ៍របស់អ្នកដែលបានតែងតាំងឲ្យនាំមុខនោះ? (៤) តើយើងគួរធ្វើយ៉ាងណាបើចាប់ផ្ដើមរអ៊ូរទាំនៅក្នុងចិត្ត? (៥) តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះឯកសិទ្ធិណាដែលយើងមាន? (៦) តើភាពស្មោះត្រង់របស់យើងចំពោះអ្នកណាខ្លះដែលមិនគួរសំខាន់ជាងភាពស្មោះត្រង់ចំពោះព្រះ? តើនៅពេលណាដែលនេះប្រហែលជាពិបាកសំរាប់យើង?
ក្រោយក្រុមជំនុំពិភាក្សាអំពីពត៌មាននេះ សូមអញ្ជើញទស្សនាវីដេអូឈុតសម្ដែងម្ដងទៀត ដើម្បីធ្វើឲ្យមូលហេតុដែលត្រូវតែគោរពអំណាចរបស់ព្រះយេហូវ៉ាដក់ជាប់នៅក្នុងចិត្តគំនិតយើងជានិច្ច!—ទំនុកដំកើង ១៨:២៥; ៣៧:២៨