យើងត្រូវការជំនួយរបស់អ្នក
១ «សូមអរគុណសំរាប់ការងារជាច្រើនដែលអ្នកធ្វើដើម្បីពួកយើង។ ការងាររបស់អ្នកពិតជាជួយយ៉ាងច្រើនណាស់»។ សំដីនេះក៏បញ្ជាក់យ៉ាងច្បាស់អំពីកតញ្ញូធម៌ដែលយើងមានចំពោះអ្នកចាស់ទុំនិងអ្នកងារជំនួយក្នុងចំណោមយើង។ កាលដែលអង្គការរបស់ព្រះយេហូវ៉ាមានការរីកចំរើន យើងកាន់តែត្រូវការបុរសដែលមានភាពចាស់ទុំដើម្បីបំរើក្នុងក្រុមជំនុំជិត១០០.០០០ដែលមានទូទាំងពិភពលោក។ បើអ្នកជាបុរសនិងបានទទួលបុណ្យជ្រមុជទឹកហើយនោះ យើងត្រូវការជំនួយរបស់អ្នក។
២ សេចក្ដី «ប្រាថ្នា» ចង់បានឯកសិទ្ធិថែមទៀត: បើអ្នកប្រាថ្នាចង់បានឯកសិទ្ធិថែមទៀតខាងកិច្ចបំរើ តើអាចខំឲ្យបានឯកសិទ្ធិនោះយ៉ាងដូចម្ដេច? (១ធី. ៣:១) បើនិយាយឲ្យចំទៅ អ្នកត្រូវធ្វើជាគំរូល្អក្នុងគ្រប់ការទាំងអស់។ (១ធី. ៤:១២; ទីត. ២:៦-៨; ១ពេ. ៥:៣) ចូរចូលរួមឲ្យបានពេញលេញក្នុងកិច្ចផ្សព្វផ្សាយ ហើយជួយអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ។ (២ធី. ៤:៥) ចូរយកចិត្តទុកដាក់យ៉ាងស្មោះទៅលើអ្នកជឿគ្នីគ្នា។ (រ៉ូម ១២:១៣) ចូរសិក្សាព្រះបន្ទូលរបស់ព្រះដោយយកចិត្តទុកដាក់ ហើយបង្កើនសមត្ថភាព«បង្រៀន»។ (ទីត. ១:៩; ១ធី. ៤:១៣) ចូរយកចិត្តទុកដាក់នឹងកិច្ចការដែលអ្នកចាស់ទុំប្រគល់ឲ្យ។ (១ធី. ៣:១០) បើអ្នកជាមេគ្រួសារ ចូរ‹ត្រួតត្រាផ្ទះខ្លួនដោយស្រួលបួល›។—១ធី. ៣:៤, ៥, ១២
៣ ការបំរើជាបុរសតែងតាំងតម្រូវឲ្យចំណាយកម្លាំងថែមទាំងត្រូវចេះធ្វើពលិកម្មផងដែរ។ (១ធី. ៥:១៧) ហេតុដូច្នេះហើយ ពេលដែលខំឲ្យបានឯកសិទ្ធិ ចូរប្រមូលអារម្មណ៍ទៅលើការបំរើអ្នកឯទៀតដោយចិត្តរាបទាប។ (ម៉ាថ. ២០:២៥-២៨; យ៉ូន. ១៣:៣-៥, ១២-១៧) ចូររំពឹងគិតទៅលើចិត្តគំនិតរបស់ធីម៉ូថេ ហើយចូរព្យាយាមយកតម្រាប់តាមគាត់។ (ភី. ២:២០-២២) ដូចធីម៉ូថេដែរ ចូរឲ្យការប្រព្រឹត្តដ៏ល្អប្រសើររបស់អ្នកបង្ហាញថាអ្នកមានលក្ខណៈគ្រប់គ្រាន់ហើយ។ (កិច្ច. ១៦:១, ២) កាលដែលអ្នកលត់ដំខ្លួនឲ្យមានលក្ខណៈខាងវិញ្ញាណដែលចាំបាច់ដើម្បីអាចទទួលភារកិច្ចថែមទៀត ព្រមទាំងអនុវត្តតាមឱវាទណាដែលជូនដើម្បីជួយឲ្យអ្នករីកចំរើន នោះ‹មនុស្សទាំងឡាយ នឹងឃើញសេចក្ដីជំនឿនរបស់អ្នក›។—១ធី. ៤:១៥
៤ មាតាបិតាទាំងឡាយ! ចូរអប់រំកូនឲ្យចេះជួយ!: តាំងពីតូច កូនៗអាចរៀនឲ្យចេះជួយ។ ចូរអប់រំកូនឲ្យអង្គុយស្ដាប់នៅកិច្ចប្រជុំ ឲ្យផ្សព្វផ្សាយ ហើយឲ្យចរិយារបស់កូនធ្វើជាគំរូល្អនៅសាលព្រះរាជាណាចក្រហើយនៅឯសាលារៀន។ ចូរបង្រៀនកូនឲ្យចេះបំរើអ្នកឯទៀត ដោយជួយសំអាតសាលព្រះរាជាណាចក្រ ហើយជួយបងប្អូនវ័យចាស់ជាដើម។ យ៉ាងនេះ អ្នកឲ្យកូនទទួលសុភមង្គលដែលមកពីការឲ្យ។ (កិច្ច. ២០:៣៥) ការអប់រំបែបនេះនឹងជួយកូនទៅជាអ្នកត្រួសត្រាយ អ្នកងារជំនួយ និងអ្នកចាស់ទុំនៅថ្ងៃមុខ។