ប្អូនប្រុសយុវវ័យ តើប្អូនកំពុងព្យាយាមឲ្យបានមុខងារឬទេ?
១. តើប្អូនប្រុសម្នាក់គួរធ្វើតាមការណែនាំនៅធីម៉ូថេទី១ ៣:១ តាំងពីពេលណា?
១ «ប្រសិនបើបុរសណាកំពុងព្យាយាមឲ្យបានមុខងារ . . . គាត់ចង់បានកិច្ចការដ៏ល្អប្រសើរ»។ (១ធី. ៣:១) ពាក្យទាំងនេះបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយចង់លើកទឹកចិត្តបងប្អូនប្រុសៗឲ្យព្យាយាមមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិក្នុងក្រុមជំនុំ។ ដើម្បីធ្វើដូច្នេះ តើប្អូនត្រូវតែជាមនុស្សពេញវ័យឬ? ការពិត គឺជាការល្អបំផុតសម្រាប់ប្អូនព្យាយាមឲ្យបានមុខងារ ពេលដែលប្អូននៅក្មេងជំទង់នៅឡើយ។ តាមរបៀបនេះប្អូនអាចទទួលការបង្ហាត់បង្រៀននិងបង្ហាញថាប្អូនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការតែងតាំងជាជំនួយការខាងកិច្ចបម្រើនៅពេលប្អូនមានអាយុច្រើនជាង។ (១ធី. ៣:១០) ប្រសិនបើប្អូនជាយុវវ័យដែលបានជ្រមុជទឹកហើយ តើតាមរបៀបណាប្អូនអាចព្យាយាមឲ្យបានមុខងារ?
២. តើប្អូនអាចបណ្ដុះនិងបង្ហាញស្មារតីលះបង់ប្រយោជន៍ខ្លួនយ៉ាងដូចម្ដេច?
២ ស្មារតីលះបង់ប្រយោជន៍ខ្លួន: សូមចាំថាប្អូនកំពុងព្យាយាមឲ្យបានមុខងារដើម្បីកិច្ចការដ៏ល្អប្រសើរ មិនមែនដើម្បីបានមុខមាត់ទេ។ ដូច្នេះ សូមប្អូនបណ្ដុះបំណងចិត្តចង់ជួយបងប្អូន។ វិធីមួយ គឺដោយរំពឹងគិតអំពីគំរូដ៏ល្អរបស់លោកយេស៊ូ។ (ម៉ាថ. ២០:២៨; យ៉ូន. ៤:៦, ៧; ១៣:៤, ៥) អធិដ្ឋានសុំព្រះយេហូវ៉ាជួយប្អូនឲ្យចេះយកចិត្តទុកដាក់នឹងអ្នកឯទៀត។ (១កូ. ១០:២៤) តើប្អូនអាចផ្ដល់ជំនួយដ៏ចាំបាច់ណាមួយដល់បងប្អូនក្នុងក្រុមជំនុំដែលមានវ័យចាស់ ឬមានបញ្ហាសុខភាពឬទេ? តើប្អូនអាចស្ម័គ្រចិត្តជួយបោសសំអាតទីធ្លាបរិវេណខាងក្រៅ ឬជួយថែទាំអ្វីទៀតក្នុងសាលប្រជុំបានទេ? តើប្អូនអាចស្ម័គ្រចិត្តថ្លែងសុន្ទរកថាមួយជំនួសបងប្អូននៅសាលាកិច្ចបម្រើផ្សាយបានឬទេ? ប្អូននឹងឃើញថាការលះបង់ប្រយោជន៍ខ្លួនដើម្បីអ្នកឯទៀតនាំឲ្យប្អូនទទួលអំណរ។—សកម្ម. ២០:៣៥
៣. តើចំណងមិត្តភាពជាមួយព្រះសំខាន់យ៉ាងណា? ហើយតើប្អូនអាចបណ្ដុះឲ្យចំណងមិត្តភាពនេះរឹងមាំឡើងយ៉ាងដូចម្ដេច?
៣ ចំណងមិត្តភាពជាមួយព្រះ: ចំពោះអ្នកបម្រើក្នុងក្រុមជំនុំអ្វីដែលសំខាន់ជាងគឺចំណងមិត្តភាពដែលគាត់មានជាមួយព្រះ មិនមែនការប៉ិនប្រសប់ឬសមត្ថភាពពិសេសណាមួយនោះទេ។ បុរសម្នាក់ដែលមានចំណងមិត្តភាពជាមួយព្រះខំឲ្យមានទស្សនៈដូចព្រះយេហូវ៉ានិងលោកយេស៊ូ។ (១កូ. ២:១៥, ១៦) គាត់បង្ហាញ«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»។ (កាឡ. ៥:២២, ២៣) គាត់ជាអ្នកផ្សាយយ៉ាងខ្នះខ្នែង ដែលចាត់ទុកកិច្ចការរាជាណាចក្រជាអ្វីសំខាន់បំផុតក្នុងជីវិត។ (ម៉ាថ. ៦:៣៣) ប្អូនៗអាចបណ្ដុះឲ្យមានគុណសម្បត្ដិដូចព្រះដោយមានទម្លាប់ល្អក្នុងការសិក្សាផ្ទាល់ខ្លួន។ នេះរួមបញ្ចូលការអានគម្ពីរជារៀងរាល់ថ្ងៃ អានទស្សនាវដ្ដីប៉មយាមនីមួយៗ ថែមទាំងរៀបចំនិងចូលរួមកិច្ចប្រជុំ។ (ទំនុក. ១:១, ២; ហេ. ១០:២៤, ២៥) ពេលប៉ូលលើកទឹកចិត្តធីម៉ូថេឲ្យមានជំនឿនក្នុងចំណងមិត្តភាពជាមួយព្រះ ប៉ូលបានសរសេរថា៖ «ចូរប្រុងប្រយ័ត្នជានិច្ចនឹង . . . សេចក្ដីបង្រៀនរបស់អ្នក»។ (១ធី. ៤:១៥, ១៦) ដូច្នេះ ចូរប្អូនខំប្រឹងរៀបចំសុន្ទរកថាក្នុងសាលាកិច្ចបម្រើផ្សាយឲ្យបានល្អ។ ចូររៀបចំសម្រាប់កិច្ចបម្រើផ្សាយ ហើយចូលរួមក្នុងកិច្ចការនេះយ៉ាងទៀងទាត់។ កំណត់គោលដៅក្នុងកិច្ចបម្រើព្រះនិងខំដេញតាមគោលដៅនោះ ដូចជាកិច្ចបម្រើត្រួសត្រាយ កិច្ចបម្រើនៅបេតអែល ឬចូលសាលាបង្ហាត់បង្រៀនបងប្អូនប្រុសនៅលីវខាងគម្ពីរជាដើម។ ចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះនឹងជួយប្អូន«រត់ចេញពីសេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងភាពជាយុវវ័យ»។—២ធី. ២:២២
៤. តើការគួរឲ្យទុកចិត្តនិងភាពស្មោះត្រង់មានតម្លៃប៉ុនណា?
៤ គួរឲ្យទុកចិត្តនិងស្មោះត្រង់: នៅសតវត្សរ៍ទី១ បងប្រុសៗដែលបានត្រូវតែងតាំងឲ្យចែកចាយអាហារដល់គ្រិស្តសាសនិកដែលត្រូវការជំនួយ គឺជាអ្នកមាន«កេរ្ដិ៍ឈ្មោះល្អ»គួរឲ្យទុកចិត្តនិងស្មោះត្រង់។ ដូច្នេះពួកសាវ័កមិនចាំបាច់បារម្ភអំពីកិច្ចការនោះទេ។ នេះបានធ្វើឲ្យពួកសាវ័កស្រួលប្រមូលអារម្មណ៍ទៅលើកិច្ចការដ៏សំខាន់ផ្សេងទៀត។ (សកម្ម. ៦:១-៤) ដូច្នេះហើយ ពេលប្អូនទទួលភារកិច្ចណាក្នុងក្រុមជំនុំ សូមខំប្រឹងធ្វើអស់ពីសមត្ថភាព។ សូមយកតម្រាប់តាមណូអេដែលបានយកចិត្តទុកដាក់ធ្វើតាមបង្គាប់របស់ព្រះស្តីអំពីការសង់ទូក។ (លោ. ៦:២២) ភាពស្មោះត្រង់របស់ប្អូនបង្ហាញថាប្អូនមានភាពចាស់ទុំក្នុងការគោរពប្រណិប័តន៍ព្រះ ហើយគុណសម្បត្ដិនេះមានតម្លៃណាស់ចំពោះព្រះយេហូវ៉ា (សូមមើលប្រអប់ដែលមានចំណងជើងថា «ប្រយោជន៍ដែលមកពីការបង្ហាត់បង្រៀន»)។—១កូ. ៤:២
៥. ហេតុអ្វីប្អូនប្រុសយុវវ័យគួរព្យាយាមឲ្យបានមុខងារ?
៥ ដូចបានទាយទុក ព្រះយេហូវ៉ាកំពុងធ្វើឲ្យការប្រមូលមនុស្សជឿនទៅមុខ។ (អេ. ៦០:២២) ជាមធ្យម មនុស្សពីរសែនប្រាំម៉ឺននាក់ទទួលការជ្រមុជទឹកជារៀងរាល់ឆ្នាំ។ ដោយសារអ្នកថ្មីជាច្រើនកំពុងចូលក្នុងសេចក្ដីពិត យើងត្រូវការបងប្អូនប្រុសដែលមានលក្ខណៈគ្រប់គ្រាន់និងមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះឲ្យទទួលភារកិច្ចថែរក្សាក្រុមជំនុំ។ ឥឡូវនេះមានកិច្ចការច្រើនជាងមុនទៅទៀតដែលត្រូវធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ (១កូ. ១៥:៥៨) ប្អូនប្រុសយុវវ័យ តើប្អូនកំពុងព្យាយាមឲ្យបានមុខងារឬទេ? បើប្អូនកំពុងព្យាយាម ប្អូនចង់បានកិច្ចការដ៏ល្អប្រសើរមែន!
[ឃ្លាអក្សរធំនៅទំព័រ២]
ដោយសារអ្នកថ្មីជាច្រើនកំពុងចូលក្នុងសេចក្ដីពិត យើងត្រូវការបងប្អូនប្រុសដែលមានលក្ខណៈគ្រប់គ្រាន់និងមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះឲ្យទទួលភារកិច្ចថែរក្សាក្រុមជំនុំ
[ប្រអប់នៅទំព័រ៣]
ប្រយោជន៍ដែលមកពីការបង្ហាត់បង្រៀន
ប្អូនប្រុសយុវវ័យដែលមានលក្ខណៈគ្រប់គ្រាន់ ទទួលប្រយោជន៍ពីភារកិច្ចនិងការបង្ហាត់បង្រៀនដែលអ្នកចាស់ទុំឲ្យដល់គាត់។ ក្រោយពីកិច្ចប្រជុំ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់បានអង្គុយនៅលើវេទិកាផ្ដល់ការលើកទឹកចិត្តដល់អ្នកផ្សាយម្នាក់។ អ្នកត្រួតពិនិត្យឃើញប្អូនប្រុសម្នាក់កំពុងឈរក្បែរនោះ ដូច្នេះគាត់សួរប្អូនប្រុសនោះថា តើចាំនិយាយជាមួយនឹងគាត់ឬ? ប្អូនប្រុសបានឆ្លើយថាគាត់បានទទួលភារកិច្ចបូមធូលីដីនៅលើវេទិកាក្រោយពីកិច្ចប្រជុំនីមួយៗ។ ឪពុកម្ដាយរបស់ប្អូនប្រុសនេះរៀបចេញទៅ តែប្អូនប្រុសមិនចង់ចេញទៅទេ មុនបំពេញភារកិច្ចរបស់ខ្លួន។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលពេញចិត្តចេញពីវេទិកា។ គាត់បានមានប្រសាសន៍ថា៖ «អ្នកចាស់ទុំក្នុងក្រុមជំនុំនោះយកចិត្តទុកដាក់បង្ហាត់បង្រៀនប្អូនប្រុសយុវវ័យដែលមានលក្ខណៈគ្រប់គ្រាន់ ដោយប្រគល់ឲ្យពួកគេនូវភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ។ ជាលទ្ធផល គឺមិនចម្លែកឡើយដែលពួកគាត់លើកឡើងនូវឈ្មោះប្អូនប្រុសយុវវ័យម្នាក់ឲ្យធ្វើជាជំនួយការខាងកិច្ចបម្រើ កាលដែលខ្ញុំធ្វើទស្សនកិច្ចនៅក្រុមជំនុំនោះ»។