ចូរឲ្យយើងខំលើសទៅទៀតក្នុងកិច្ចបម្រើផ្សាយ
១ សាវ័កប៉ុលបានដាស់តឿនគ្រិស្តសាសនិកឲ្យដើរតាមផ្លូវរបស់ព្រះ ហើយឲ្យខំធ្វើដូចនេះឲ្យ«កាន់តែខ្លាំងឡើង»។ (១ថែ. ៤:១) តើនេះមានន័យអ្វីសម្រាប់យើង? ចំណុចមួយគឺថា យើងគួរតែខំរកវិធីចូលរួមកាន់តែច្រើនឡើងៗក្នុងសកម្មភាពខាងកិច្ចបម្រើព្រះ ហើយតែងតែព្យាយាម‹បំពេញការងាររបស់យើងគ្រប់ជំពូក›ជានិច្ច។—២ធី. ៤:៥
២ បំណងចិត្តត្រឹមត្រូវ : ការខំលើសទៅទៀតក្នុងកិច្ចបម្រើផ្សាយរបស់យើង គឺមកពីចិត្តចង់បម្រើព្រះដែលជាអ្នកបង្កើតយើងឲ្យកាន់តែច្រើនឡើង។ យើងចង់មានចំណងមិត្តភាពដ៏រឹងមាំជាមួយនឹងព្រះ ហើយខំរកវិធីធ្វើឲ្យកិច្ចបម្រើផ្សាយរបស់យើងកាន់តែប្រសើរឡើង។ ការមានទម្លាប់ល្អនិងបំណងចិត្តត្រឹមត្រូវនឹងជួយយើងឲ្យសម្រេចគោលដៅខាងកិច្ចបម្រើព្រះ។—ទំនុក. ១:១, ២; ភី. ៤:៦; ហេ. ១០:២៤, ២៥
៣ ការពង្រីកកិច្ចបម្រើផ្សាយតម្រូវឲ្យយើងបណ្ដុះឲ្យមានស្មារតីលះបង់ប្រយោជន៍ខ្លួន។ ស្មារតីបែបនេះអាចបណ្ដុះបានតាមរយៈការរំពឹងគិត ទាំងអធិស្ឋានតាមគំរូដ៏ល្អរបស់ព្រះយេស៊ូ។ (ម៉ាថ. ២០:២៨) ព្រះយេស៊ូបានទទួលអំណរក្រៃលែងដោយបម្រើអ្នកឯទៀតក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់ទ្រង់។ (កិច្ច. ២០:៣៥) យើងអាចយកតម្រាប់តាមព្រះយេស៊ូដោយបង្ហាញការយកចិត្តទុកដាក់ដោយផ្ទាល់ទៅលើអ្នកឯទៀត ហើយប្រុងប្រៀបធ្វើច្រើនលើសទៅទៀតក្នុងកិច្ចបម្រើផ្សាយរបស់យើង។—អេសា. ៦:៨
៤ តួនាទីរបស់មាតាបិតា : ចិត្តចង់បម្រើអ្នកឯទៀត និងចិត្តចង់ពង្រីកកិច្ចបម្រើផ្សាយ អាចបណ្ដុះក្នុងចិត្តកូនតាំងពីក្មេងមក។ កូនក្មេងនឹងកត់សម្គាល់បើសមាជិកគ្រួសារមានចិត្តឧស្សាហ៍ និងចូលរួមយ៉ាងសកម្មដើម្បីពង្រីកកិច្ចបម្រើផ្សាយឬអត់។ បងប្រុសម្នាក់ត្រូវបានជំរុញទឹកចិត្តឲ្យខំច្រើនលើសទៅទៀតនៅពេលក្មេង ពីព្រោះគាត់បានចូលរួមធ្វើកិច្ចការនៅក្នុងក្រុមជំនុំជាមួយតារបស់គាត់។ ពេលគាត់ឃើញចិត្តឧស្សាហ៍និងអំណរដែលតារបស់គាត់មាន នោះជំរុញគាត់ឲ្យរកឱកាសបម្រើបងប្អូនគ្រិស្តសាសនិក។ ឥឡូវបងប្រុសនេះ កំពុងបម្រើជាអ្នកងារជំនួយក្នុងក្រុមជំនុំ។
៥ ត្រូវការបងប្អូនប្រុសៗ : «បើអ្នកណាប្រាថ្នាចង់ធ្វើ[លើសទៅទៀត]នោះឈ្មោះថាចង់បានការល្អប្រសើរហើយ»។ (១ធី. ៣:១) ពាក្យខាងលើនេះ លើកទឹកចិត្តឲ្យបងប្អូនប្រុសៗខំលើសទៅទៀត ដើម្បីមានលក្ខណៈគ្រប់គ្រាន់ទទួលឯកសិទ្ធិឯទៀតក្នុងអង្គការរបស់ព្រះយេហូវ៉ា។ ការខំលើសទៅទៀតនេះមិនត្រូវការឲ្យយើងមានកោសល្យឬជំនាញពិសេសណាមួយទេ។ ផ្ទុយទៅវិញ បងប្រុសណាដែលខំលើសទៅទៀតនោះនឹងស្វែងរករាជាណាចក្រព្រះជាមុនសិន ហើយចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ (ម៉ាថ. ៦:៣៣; ២ធី. ៤:៥) គាត់នឹងខំប្រឹងតាំងគំរូល្អសម្រាប់អ្នកឯទៀតដែរ។
៦ នៅទូទាំងពិភពលោក : ព្រះយេហូវ៉ាកំពុងបញ្ជឿនឲ្យការប្រមូលមនុស្សឆាប់កើតឡើង។ (អេសា. ៦០:២២) ដូច្នេះមានសេចក្ដីត្រូវការជាចាំបាច់ណាស់ឲ្យអស់អ្នកដែលកាន់តាមគំរូរបស់ព្រះយេស៊ូ បំពេញកិច្ចបម្រើផ្សាយឲ្យកាន់តែប្រសើរឡើង។ សេចក្ដីរាយការណ៍នៅទូទាំងពិភពលោកសម្រាប់ឆ្នាំកិច្ចបម្រើ២០០៦ បង្ហាញថាមាន២៤៨.៣២៧នាក់ដែលបានជ្រមុជទឹក។ នេះមានន័យថា ជាមធ្យមមានជាង៦៨០នាក់ត្រូវបានជ្រមុជទឹករៀងរាល់ថ្ងៃ! សូមឲ្យយើងទាំងអស់គ្នាខំរកវិធីដើម្បីបំពេញកិច្ចបម្រើផ្សាយរបស់យើងឲ្យកាន់តែប្រសើរឡើង។