ភាគទី៥: របៀបដឹងថាត្រូវសិក្សាប៉ុន្មានវគ្គ
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ នៅពេលដែលព្រះយេស៊ូបានបង្រៀននោះ ទ្រង់តែងតែយោគយល់នឹងកំរិតសមត្ថភាពរបស់សិស្សទ្រង់ ដោយមានបន្ទូល«តាមដែលគេស្ដាប់បាន»។ (ម៉ាក. ៤:៣៣; យ៉ូន. ១៦:១២) សព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ អ្នកដែលបង្រៀនព្រះបន្ទូលរបស់ព្រះត្រូវតែគិតពិចារណា ថាតើគួរបង្រៀនប៉ុន្មានវគ្គក្នុងរយៈពេលសិក្សានោះ។ ចំនួនវគ្គដែលអាចសិក្សាអាស្រ័យទៅលើសមត្ថភាពនិងកាលៈទេសៈរបស់អ្នកបង្រៀនផងនិងសិស្សផង។
២ ពង្រឹងជំនឿឲ្យរឹងមាំ: ក្នុងពេលសិក្សា សិស្សខ្លះអាចរៀនច្រើនវគ្គហើយក៏ឆាប់យល់ពត៌មាន រីឯសិស្សឯទៀតប្រហែលជាមិនអាចរៀនច្រើនវគ្គទេ ហើយត្រូវការពេលច្រើនទើបអាចយល់ចំណុចសំខាន់ៗបាន។ ការជួយឲ្យសិស្សរបស់យើងយល់ច្បាស់គឺសំខាន់ជាងការរៀនច្រើនវគ្គ។ សិស្សម្នាក់ៗត្រូវការមូលដ្ឋានរឹងមាំសំរាប់ជំនឿថ្មីរបស់គាត់ទៅលើព្រះបន្ទូលរបស់ព្រះ។—សុ. ៤:៧; រ៉ូម ១២:២
៣ រាល់សប្ដាហ៍ ពេលដែលអ្នកបង្រៀនសិស្សនោះ ចូរចំណាយពេលតាមដែលត្រូវការ ដើម្បីជួយឲ្យសិស្សយល់និងជឿអ្វីដែលគាត់កំពុងតែរៀនពីព្រះបន្ទូលរបស់ព្រះ។ កុំបង្រៀនលឿនពេក ដោយធ្វើឲ្យសិស្សពុំអាចទទួលប្រយោជន៍ពេញលេញពីសេចក្ដីពិតដែលកំពុងតែរៀន។ ទុកពេលឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ជាក់ទៅលើគោលចំណុច ហើយពិចារណាបទគម្ពីរសំខាន់ៗដែលជាមូលដ្ឋាននៃអ្វីដែលត្រូវបង្រៀន។—២ធី. ៣:១៦, ១៧
៤ កុំនិយាយចាកសាច់រឿង: ពិតមែនថាយើងមិនគួរបង្រៀនលឿនពេក។ តែយើងក៏មិនគួរនិយាយចាកសាច់រឿងនោះដែរ។ បើសិស្សរបស់យើងចូលចិត្តនិយាយយូរអំពីរឿងផ្ទាល់ខ្លួននោះ ប្រហែលជាយើងត្រូវរៀបចំនិយាយជាមួយនឹងគាត់អំពីរឿងទាំងនោះពេលសិក្សាចប់ហើយ។—សាស. ៣:១
៥ ម្យ៉ាងវិញទៀត ជួនកាលដោយសារយើងរំភើបចិត្តអំពីសេចក្ដីពិត យើងអាចមានបញ្ហាមួយទៀត គឺយើងនិយាយច្រើនពេកក្នុងកំឡុងសិក្សានោះ។ (ទំនុក. ១៤៥:៦, ៧) ម្ដងម្កាល បើយើងរៀបរាប់បទពិសោធន៍មួយ ឬលើកឡើងចំណុចបន្ថែម នោះអាចមានប្រយោជន៍មែន។ ប៉ុន្តែមិនគួរឲ្យរៀបរាប់ចំណុចនិងបទពិសោធន៍ទាំងនោះច្រើនពេកឬវែងឆ្ងាយរហូតដល់សិស្សមិនអាចទទួលបានចំណេះពិតអំពីសេចក្ដីបង្រៀនបឋមក្នុងព្រះគម្ពីរនោះឡើយ។
៦ ដោយបង្រៀនសិស្សមិនច្រើនវគ្គពេកនិងមិនតិចពេក នោះយើងអាចជួយសិស្សព្រះគម្ពីរឲ្យ«ដើរក្នុងពន្លឺនៃព្រះយេហូវ៉ា»។—អេសា. ២:៥