ត្រូវទាញអារម្មណ៍មកលើព្រះគម្ពីរខ្លាំងជាង!
១ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩១៩ ទស្សនាវដ្ដីឈ្មោះសម័យរុងរឿង បានត្រូវបោះពុម្ពជាលើកដំបូង។ ទស្សនាវដ្ដីនោះមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចផ្សាយ។ ហេតុអ្វី? ពីព្រោះទស្សនាវដ្ដីនោះបានត្រូវរៀបចំជាពិសេស ដើម្បីទាក់ទាញអារម្មណ៍របស់សាធារណជន។ ប៉ុន្តែទស្សនាវដ្ដីប៉មយាមគឺមិនដូច្នោះទេ ដ្បិតនៅសម័យនោះ មនុស្សធ្លាប់ចាត់ទុកប៉មយាមជាទស្សនាវដ្ដីដែលច្រើនតែសំរាប់«ហ្វូងតូច»។ (លូ. ១២:៣២) អ្នកផ្សាយព្រះរាជាណាចក្របានរីករាយនឹងទស្សនាវដ្ដីសម័យរុងរឿងនោះដល់ម្ល៉េះ ដែលអស់ជាច្រើនឆ្នាំទស្សនាវដ្ដីនេះត្រូវគេចែកច្រើនជាងទស្សនាវដ្ដីប៉មយាមឆ្ងាយណាស់។
២ ទស្សនាវដ្ដីសម័យរុងរឿងត្រូវបោះពុម្ពដើម្បីបង្ហាញឲ្យមនុស្សដឹងថា មានដំណោះស្រាយតែមួយគត់ចំពោះបញ្ហារបស់មនុស្សជាតិ គឺជាការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទដែលនឹងនាំឲ្យមានសម័យរុងរឿងមួយពិតមែន។ ក្នុងកំឡុងប៉ុន្មានទសវត្សរ៍ក្រោយមក ទស្សនាវដ្ដីសម័យរុងរឿងបានត្រូវកែប្រែខ្លះៗឲ្យសមស្របតាមសេចក្ដីត្រូវការនៃសម័យនិមួយៗ។ នៅឆ្នាំ១៩៣៧ ឈ្មោះទស្សនាវដ្ដីសម័យរុងរឿងត្រូវដូរទៅជាការសម្រាលទុក្ខ។ នៅឆ្នាំ១៩៤៦ ឈ្មោះទស្សនាវដ្ដីនោះត្រូវដូរទៅជាភ្ញាក់រឭក!វិញ ជាឈ្មោះដែលយើងស្គាល់សព្វថ្ងៃនេះ។
៣ តាំងពីដំបូងទស្សនាវដ្ដីនេះបានជួយយ៉ាងច្រើនក្នុងការធ្វើបន្ទាល់នៅទីជិតឆ្ងាយ ចាប់តាំងពីឆ្នាំ១៩១៩មកម្ល៉េះ។ (ម៉ាថ. ២៤:១៤) ក៏ប៉ុន្តែ ដោយសារពេលគឺបន្ទាន់ហើយ យើងគិតថាជាការល្អបើកែប្រែទស្សនាវដ្ដីភ្ញាក់រឭក!ថែមទៀត។
៤ មនុស្សរាប់លាននាក់ចូលចិត្តអានទស្សនាវដ្ដីភ្ញាក់រឭក! ពីព្រោះទស្សនាវដ្ដីនោះមានអត្ថបទដែលត្រូវរៀបចំតាមរបៀបទាក់ទាញអារម្មណ៍ ដែលរៀបរាប់អំពីរឿងផ្សេងៗជាច្រើនដែលមិនទាក់ទងនឹងព្រះគម្ពីរ។ មនុស្សភាគច្រើនដែលចូលរួមពិធីបុណ្យរំឭករាល់ឆ្នាំ ច្បាស់ជាអានទស្សនាវដ្ដីភ្ញាក់រឭក!ជាទៀងទាត់។ យ៉ាងណាក៏ដោយ អ្នកដែលចង់បានការបាំងទុកនៅ«ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា» ត្រូវការជំនួយឲ្យធ្វើច្រើនជាងមិនមែនគ្រាន់តែអានសៀវភៅរបស់យើងជាទៀងទាត់ប៉ុណ្ណោះទេ។—សេផា. ២:៣; វិវរ. ១៤:៦, ៧
៥ ហេតុនេះហើយ ចាប់ផ្ដើមខែមករា ឆ្នាំ២០០៦ ទស្សនាវដ្ដីភ្ញាក់រឭក!នឹងទាញអារម្មណ៍អ្នកអានមកលើព្រះរាជាណាចក្ររបស់ព្រះខ្លាំងជាង។ ទស្សនាវដ្ដីនោះនឹងប្រាប់អ្នកអានត្រង់ជាងឲ្យស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់ពួកគេនៅក្នុងព្រះគម្ពីរ ហើយក៏នឹងបញ្ជាក់ខ្លាំងជាងនូវការពន្យល់ក្នុងបទគម្ពីរស្តីអំពីព្រឹត្ដិការណ៍ពិភពលោកនៅពេលថ្មីៗ។ តាមវិធីនេះ អ្នកអាននឹងយល់ច្បាស់ជាងអំពីអត្ថន័យនៃព្រឹត្ដិការណ៍ពិភពលោកនៅពេលថ្មីៗ ហើយប្រហែលជាអ្វីដែលគេអាននឹងជំរុញឲ្យរៀនថែមទៀតអំពីព្រះយេហូវ៉ា។—សាក. ៨:២៣
៦ ទស្សនាវដ្ដីភ្ញាក់រឭក!នេះនឹងនៅតែមានអត្ថបទអំពីរឿងផ្សេងៗដែលគួរឲ្យចាប់អារម្មណ៍ដូចពីមុន។ ក៏ប៉ុន្តែ ទស្សនាវដ្ដីនេះនឹងទាញអារម្មណ៍អ្នកអានមកលើព្រះគម្ពីរខ្លាំងជាង។ (១ថែ. ២:១៣) ដោយសារទស្សនាវដ្ដីប៉មយាមមានពត៌មានជ្រាលជ្រៅអំពីព្រះគម្ពីរ ហើយទស្សនាវដ្ដីភ្ញាក់រឭក!ក៏នឹងមានពត៌មានច្រើនជាងដែលទាក់ទងនឹងព្រះគម្ពីរដែរ នោះគឺមិនចាំបាច់បោះពុម្ពទស្សនាវដ្ដីភ្ញាក់រឭក!ពីរក្បាលក្នុងមួយខែតទៅទៀតឡើយ។ ហេតុដូច្នេះហើយ ចាប់ផ្ដើមខែមករា ឆ្នាំ២០០៦ ទស្សនាវដ្ដីភ្ញាក់រឭក!នឹងត្រូវបោះពុម្ពតែមួយក្បាលក្នុងមួយខែ។ នេះនឹងធ្វើឲ្យការរៀបចំ ការបកប្រែ និងការដឹកជញ្ជូនប្រកាសនវត្ថុរបស់យើងស្រួលជាងមុនៗទៅទៀត។
៧ ការកែប្រែនេះនឹងប៉ះពាល់ដល់៤០ភាគរយនៃចំនួនភាសាដែលបកប្រែទស្សនាវដ្ដីភ្ញាក់រឭក! ភាសាឯទៀតបោះពុម្ពទស្សនាវដ្ដីភ្ញាក់រឭក!មួយខែម្ដងឬបីខែម្ដង។ ការបោះពុម្ពទស្សនាវដ្ដីប៉មយាមគ្មានការកែប្រែឡើយ។
៨ អ្នកផ្សាយអាចជូនទស្សនាវដ្ដីភ្ញាក់រឭក!សំរាប់ខែនិមួយៗជាមួយទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ឬថ្ងៃទី១៥ក៏បាន។ អ្នកផ្សាយដែលជូនទស្សនាវដ្ដីភ្ញាក់រឭក! អាចប្រើទស្សនាវដ្ដីសំរាប់ខែនោះពេញមួយខែដោយមិនចាំបាច់ផ្លាស់ប្ដូរពាក្យផ្សាយដូចឥឡូវនេះទេ។
៩ ចាប់តាំងពីទស្សនាវដ្ដីដំបូងបានត្រូវបោះពុម្ពនៅឆ្នាំ១៩១៩នោះ ទស្សនាវដ្ដីសម័យរុងរឿង ការសម្រាលទុក្ខ និងឥឡូវនេះភ្ញាក់រឭក!បានមានតួនាទីសំខាន់ក្នុងកិច្ចផ្សព្វផ្សាយ។ យើងអធិស្ឋានសុំព្រះយេហូវ៉ាបន្តប្រទានពរទៅលើការចែកទស្សនាវដ្ដីដែលបានកែប្រែថ្មីនេះ ហើយឲ្យទស្សនាវដ្ដីនោះជួយមនុស្សជាច្រើនថែមទៀតពី«គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»ឲ្យស្វែងរកព្រះរាជាណាចក្ររបស់ព្រះដែលជាសេចក្ដីសង្ឃឹមតែមួយគត់របស់ពួកគេ។—វិវរ. ៧:៩
[សំណួរសម្រាប់អត្ថបទសិក្សា]
១. នៅដើមដំបូង តើទស្សនាវដ្ដីប៉មយាមច្រើនតែសំរាប់អ្នកណា? ចុះទស្សនាវដ្ដីសម័យរុងរឿង?
២. សព្វថ្ងៃនេះ តើទស្សនាវដ្ដីសម័យរុងរឿងមានឈ្មោះអ្វី? តាំងពីដំបូង តើទស្សនាវដ្ដីនេះបានត្រូវបោះពុម្ពក្នុងបំណងអ្វី?
៣. តើទស្សនាវដ្ដីភ្ញាក់រឭក!បានជួយយ៉ាងច្រើនក្នុងការសម្រេចទំនាយអ្វី?
៤. (ក) តើអ្នកដែលចង់បានការបាំងទុកនៅ«ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា»ត្រូវធ្វើអ្វី? (ខ) យោងទៅតាមវិវរណៈ ១៤:៦, ៧ តើ‹ទេវតាដែលកំពុងហោះកាត់កណ្ដាលមេឃ›ប្រកាសឲ្យមនុស្សទាំងឡាយធ្វើអ្វី?
៥. (ក) ចាប់ផ្ដើមខែមករា ឆ្នាំ២០០៦ តើទស្សនាវដ្ដីភ្ញាក់រឭក!នឹងបញ្ជាក់អ្វីខ្លាំងជាង? (ខ) តើមនុស្សជាច្រើនប្រហែលជានឹងត្រូវជំរុញឲ្យធ្វើអ្វី? តើនេះជាការសម្រេចទំនាយអ្វី?
៦, ៧. (ក) តើទស្សនាវដ្ដីភ្ញាក់រឭក!នឹងខំជួយឲ្យមនុស្សជាច្រើនធ្វើតាមថែស្សាឡូនីចទី១ ២:១៣ យ៉ាងដូចម្ដេច? (ខ) តើទស្សនាវដ្ដីភ្ញាក់រឭក!នឹងត្រូវបោះពុម្ពប៉ុន្មានដងក្នុងមួយខែ? តើការកែប្រែនេះនឹងប៉ះពាល់ដល់ប៉ុន្មានភាគរយនៃភាសា?
៨. តើអ្នកផ្សាយអាចប្រើទស្សនាវដ្ដីភ្ញាក់រឭក!ជាមួយទស្សនាវដ្ដីប៉មយាមយ៉ាងដូចម្ដេច?
៩. តើទស្សនាវដ្ដីភ្ញាក់រឭក!នឹងបន្តមានតួនាទីអ្វី?