ចូរធ្វើការល្អហើយចែករំលែកដល់អ្នកឯទៀត
១ តេប៊ីថា«បានធ្វើគុណ ហើយដាក់ទានជាច្រើន»។ (កិច្ច. ៩:៣៦, ៣៩) ដោយសារចិត្តសទ្ធារបស់នាង នាងបានទៅជាមនុស្សគួរឲ្យស្រឡាញ់ មិនត្រឹមតែចំពោះអ្នកដែលស្គាល់នាងប៉ុណ្ណោះទេ ប៉ុន្តែចំពោះព្រះយេហូវ៉ាផងដែរ។ ហេព្រើរ ១៣:១៦ចែងថា៖«កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ»។ តើសព្វថ្ងៃនេះយើងអាចធ្វើគុណឬធ្វើការល្អហើយចែករំលែកដល់អ្នកឯទៀតយ៉ាងដូចម្ដេច?
២ របៀបមួយដែលយើងអាចធ្វើល្អដល់អ្នកឯទៀត គឺដោយចែករំលែក«ទ្រព្យសម្បត្ដិ»របស់យើង។ (សុ. ៣:៩) ដោយសារវិភាគទានរបស់យើងសំរាប់កិច្ចការទូទាំងពិភពលោក ទើបសាលព្រះរាជាណាចក្រ សាលសន្និបាត និងការិយាល័យសាខាអាចសាងសង់ឡើងពាសពេញពិភពលោក។ ចិត្តសទ្ធារបស់យើងបានជួយមនុស្សរាប់លាននាក់ឲ្យទទួលប្រយោជន៍ពីការណែនាំដែលមកពីព្រះហើយការសំណេះសំណាលដែលពង្រឹងកម្លាំងខាងវិញ្ញាណ។
៣ ការជួយសំរាលទុក្ខ: នៅពេលមានគ្រោះមហន្តរាយ រាស្ត្ររបស់ព្រះយេហូវ៉ាត្រៀមខ្លួនជាស្រេចដើម្បី«ធ្វើល្អ»ដល់បងប្អូនរួមជំនឿ ហើយដល់អ្នកដែលមិនមានជំនឿដូចយើងផងដែរ។ (កា. ៦:១០) បន្ទាប់ពីមានការផ្ទុះមួយនៅក្នុងរោងចក្រគីមីនៅប្រទេសបារាំង ស្វាមីភរិយាមួយគូដែលរស់នៅក្បែររោងចក្រនោះបានថ្លែងថា៖ «បងប្អូនគ្រីស្ទានយើងបានមកជួយមួយរំពេចដើម្បីជួយសំអាតបន្ទប់យើងនិងបន្ទប់អ្នកឯទៀតនៅក្នុងអគារ។ អ្នកជិតខាងយើងបានមានការភ្ញាក់ផ្អើលជាខ្លាំងដោយឃើញមនុស្សច្រើនដូច្នេះបានមកជួយ»។ បងស្រីម្នាក់ទៀតបន្ថែមថា៖ «ពួកអ្នកចាស់ទុំបាននាំគ្នាមកជួយយើង។ ពួកគាត់បានមកជួយលើកទឹកចិត្តយើង។ នេះពិតជាអ្វីដែលយើងត្រូវការច្រើនជាងជំនួយខាងសម្ភារៈទៅទៀត»។
៤ ទោះបីជាមានរបៀបច្រើនយ៉ាងដែលយើងអាចធ្វើការល្អដល់អ្នកជិតខាងយើងក៏ដោយ ប៉ុន្តែរបៀបដែលមានអត្ថប្រយោជន៍បំផុតដែលយើងអាចជួយពួកគាត់បានគឺដោយចែករំលែកចំណេះដ៏មានតម្លៃនៃសេចក្ដីពិត ដែលរួមបញ្ចូលសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បដែលព្រះយេហូវ៉ាបានសន្យាដោយអង្គទ្រង់ផ្ទាល់។ (ទីត. ១:១, ២) សារនៃព្រះគម្ពីរនាំមកនូវការសម្រាលទុក្ខពិតប្រាកដដល់អស់អ្នកដែលយំសោកដោយសារស្ថានភាពនៃលោកីយ៍និងភាពមានបាបរបស់ខ្លួនគេផ្ទាល់។ (ម៉ាថ. ៥:៤) ចូរយើងធ្វើការល្អហើយចែករំលែកដល់អ្នកឯទៀត កាលណាយើងមានលទ្ធភាពអាចធ្វើទៅបាន។—សុ. ៣:២៧