«ចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេ»
១ រាប់សតវត្សទៅហើយ សាវ័កប៉ុលបានប្រាប់ធីម៉ូថេឲ្យលើកទឹកចិត្តអ្នកជឿឯទៀតឲ្យ«ធ្វើគុណ នឹងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង»។ (ធីម៉ូថេទី១ ៦:១៨) ប៉ុលក៏បានរំឭកគ្រីស្ទានសាសន៍ហេព្រើរទាំងនេះ ថាកុំភ្លេច«ធ្វើទាន និង ជួយគ្នាទៅវិញទៅមក»។ (ហេព្រើរ ១៣:១៦, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ហេតុអ្វីក៏គាត់បានសរសេរពាក្យណែនាំនេះ? ពីព្រោះគាត់ដឹងថា ចំពោះ«អស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសិរីល្អ កេរ្ដិ៍ឈ្មោះ នឹងសេចក្ដីសុខវិញ»។—រ៉ូម ២:១០
២ ដោយព្រោះព្រះយេហូវ៉ាមានឋានៈជាអ្នកបង្កើត ទ្រង់ជាម្ចាស់នៃអ្វីៗទាំងអស់។ (វិវរណៈ ៤:១១) យើងពិតជាអបអរនឹងអ្វីដែលទ្រង់កំពុងតែធ្វើដើម្បីយើង ដោយប្រើកម្មសិទ្ធិរបស់ទ្រង់។ ទោះបីមនុស្សជាច្រើនគ្មានអំណរគុណក៏ដោយ ព្រះដ៏ខ្ពស់បំផុតបន្តអនុញ្ញាតឲ្យមនុស្សទាំងអស់ទទួលប្រយោជន៍ពីសំវិធានការរបស់ទ្រង់ដែលត្រូវផ្ដល់ដោយសទ្ធាសំរាប់ទ្រទ្រង់ជីវិត។ (ម៉ាថាយ ៥:៤៥) ទ្រង់ថែមទាំងបានប្រទានព្រះរាជបុត្រជាទីសំណប់ព្រះទ័យរបស់ទ្រង់ ជាយញ្ញបូជា ដើម្បីឲ្យយើងអាចទទួលជីវិតជារៀងរហូត។ តើសេចក្ដីស្រឡាញ់ដែលត្រូវបានបង្ហាញចំពោះយើងនោះ គួរជំរុញយើងសម្ដែងថាខ្លួនមានអំណរគុណ ដោយមានចិត្តសទ្ធាចំពោះមនុស្សឯទៀតឬទេ?—កូរិនថូសទី២ ៥:១៤, ១៥
៣ តើយើងអាចចែកចាយអ្វីទៅ? គឺជាការត្រឹមត្រូវណាស់ដែលយើងប្រើទ្រព្យសម្បត្ដិណាដែលយើងមាន តាមរបៀបដែលសព្វព្រះហឫទ័យរបស់ព្រះ។ យើងប្រាកដជាចង់ជួយគាំទ្រកិច្ចការទូទាំងពិភពលោករបស់ព្រះរាជាណាចក្រខាងទ្រព្យសម្បត្ដិនិងខាងវិញ្ញាណ។ ពិតមែន សារដំណឹងល្អគឺជាកម្មសិទ្ធិដ៏ថ្លៃបំផុតដែលមនុស្សម្នាក់អាចមាន ពីព្រោះថា នោះគឺជា«ព្រះចេស្ដានៃព្រះ សំរាប់នឹងជួយសង្គ្រោះ»។ (រ៉ូម ១:១៦) ដោយប្រើយ៉ាងសទ្ធានូវពេលវេលានិងធនធានរបស់យើងជារៀងរាល់ខែក្នុងកិច្ចផ្សព្វផ្សាយនិងការបង្រៀន នោះយើងប្រហែលជាអាចជួយចែកចាយទ្រព្យខាងវិញ្ញាណនេះដល់អ្នកដទៃ ដែលនឹងនាំគេទៅដល់ជីវិតជារៀងរហូត។
៤ ព្រះយេហូវ៉ាទ្រង់ពេញព្រះហឫទ័យណាស់ពេលយើងជួយពួកអ្នកដែលខ្វះខាត។ ទ្រង់សន្យាថាទ្រង់នឹងប្រទាននូវប្រសិទ្ធិពរវិញ ហើយទ្រង់ក៏រំឭកយើងថា៖ «ឯទ្រព្យសម្បត្ដិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ»។ (សុភាសិត ១១:៤; ១៩:១៧) ការគាំទ្រកិច្ចការព្រះរាជាណាចក្រខាងទ្រព្យសម្បត្ដិ ហើយការចូលរួមពេញកម្លាំងក្នុងកិច្ចផ្សាយដំណឹងល្អ គឺជាវិធីល្អៗដែលយើងអាចបង្ហាញថា យើងពិតជាមានចិត្តសទ្ធានិងប្រុងប្រៀបជួយគេ។