កាលវិភាគក្រុមគ្រួសារសម្រាប់កិច្ចបំរើផ្សាយជាក្រុមគ្រួសារ
១ ព្រះយេហូវ៉ាសប្បាយព្រះទ័យណាស់ពេលទ្រង់ឃើញប្អូនៗយុវវ័យសរសើរព្រះនាមទ្រង់។ (ទំនុក. ១៤៨:១២, ១៣) នៅសម័យព្រះយេស៊ូ សូម្បីតែ«កូនក្មេង និងកូនដែលនៅបៅ»ក៏បានថ្វាយការសរសើរដល់ព្រះដែរ។ (ម៉ាថ. ២១:១៥, ១៦) សព្វថ្ងៃនេះក៏មានរឿងដូច្នេះដែរ។ មាតាបិតាអើយ! តើអ្នកអាចជួយកូនៗរបស់អ្នកឲ្យចំរើនលូតលាស់ទៅជាអ្នកសរសើរព្រះយេហូវ៉ាដ៏ខ្នះខ្នែងនៅក្នុងកិច្ចបំរើគ្រីស្ទានយ៉ាងដូចម្ដេច? ម្ដងទៀត ដូចបានគូសបញ្ជាក់នៅក្នុងអត្ថបទខាងលើអំពីកិច្ចប្រជុំក្រុមជំនុំ កត្ដាសំខាន់មួយនោះគឺគំរូរបស់អ្នក។ ឪពុកម្នាក់បានសំដែងអំពីអារម្មណ៍ដែលឪពុកម្ដាយភាគច្រើនមានដោយបាននិយាយថា៖ «កូនៗមិនសូវធ្វើតាមអ្វីដែលឪពុកម្ដាយនិយាយទេ! តែពួកគេតែងធ្វើតាមគំរូឪពុកម្ដាយវិញ!»។
២ បងស្រីម្នាក់ដែលមានឪពុកម្ដាយជាអ្នកកោតខ្លាចព្រះបាននឹកចាំថា៖ «យើងមិនដែលភ្ញាក់ពីដំណេកឡើងនៅព្រឹកថ្ងៃសៅរ៍ ហើយសួរថាតើយើងនឹងចេញទៅផ្សព្វផ្សាយឬក៏អត់ទេ។ យើងបានដឹងប្រាកដថាយើងនឹងទៅ»។ ស្រដៀងគ្នាដែរ អ្នកអាចបណ្ដុះគំនិតពីសារ:សំខាន់នៃកិច្ចការផ្សព្វផ្សាយនៅក្នុងចិត្តកូនអ្នក ដោយបង្កើតឲ្យមានទម្លាប់ដ៏ជាប់លាប់មួយប្រចាំសប្ដាហ៍ដើម្បីផ្សព្វផ្សាយជាក្រុមគ្រួសារ។ នេះមិនគ្រាន់តែអនុញ្ញាតឲ្យកូនៗរៀនពីគំរូរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយអ្នកឲ្យសង្កេតមើលអាកប្បកិរិយា របៀបរបប និងបំនិនដែលកំពុងបណ្ដុះបណ្ដាលរបស់ពួកគេដែរ។
៣ បង្ហាត់បង្រៀនបន្ដិចម្ដងៗ: ដើម្បីឲ្យកូនៗសប្បាយរីករាយនឹងកិច្ចបំរើផ្សាយ ពួកគេត្រូវការរៀបចំជាមុនដើម្បីចូលរួមក្នុងកិច្ចផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព។ បងស្រីដែលបានរៀបរាប់ខាងដើមក៏បានមានប្រសាសន៍ដែរថា៖ «យើងមិនធ្លាប់ជាអ្នកដែលគ្រាន់តែដើរតាមឪពុកម្ដាយយើងពេលដែលពួកគាត់បំពេញកិច្ចការរបស់គាត់នោះ។ យើងដឹងថាយើងត្រូវចូលរួមសូម្បីគ្រាន់តែចុចកណ្ដឹងឬក៏ដាក់ខិតប័ណ្ណក៏ដោយ។ តាមរយៈការរៀបចំដោយយកចិត្តទុកដាក់មុននឹងធ្វើសកម្មភាពផ្សេងៗប្រចាំសប្ដាហ៍នីមួយៗនោះ យើងបានដឹងថាយើងនឹងនិយាយអំពីអ្វី»។ អ្នកអាចផ្ដល់ការបង្ហាត់បង្រៀនបែបនេះដល់កូនៗអ្នកដោយយកពេលពីរបីនាទីរាល់សប្ដាហ៍ដើម្បីរៀបចំឲ្យពួកគេសម្រាប់កិច្ចបំរើផ្សាយ ឬមួយក្នុងកំឡុងការសិក្សាក្នុងក្រុមគ្រួសារឬមួយនៅពេលណាផ្សេងទៀតក៏បានដែរ។
៤ ផ្សព្វផ្សាយជាមួយគ្នាជាក្រុមគ្រួសារ ផ្ដល់ឱកាសបន្ថែមឲ្យអ្នកបណ្ដុះសេចក្ដីពិតនៅក្នុងចិត្តកូនរបស់អ្នក។ ឪពុកជាគ្រីស្ទានម្នាក់តែងតែបានយកកូនស្រីគាត់ទៅជាមួយដោយគាត់ដើរអស់១០គីឡូម៉ែត្រដើម្បីចែកខិតប័ណ្ណដល់អ្នកភូមិនៅឯជ្រលងភ្នំ។ កូនស្រីគាត់បាននឹកចាំដោយសេចក្ដីពេញចិត្តថា៖ «គឺនៅកំឡុងពេលដែលយើងដើរនោះហើយ ដែលឪពុកខ្ញុំបណ្ដុះសេចក្ដីពិតនៅក្នុងចិត្តរបស់ខ្ញុំ»។ (ចោទិ. ៦:៧) សូមឲ្យអ្នកទទួលរង្វាន់ដូចគ្នានេះដែរដោយបានទុកកិច្ចផ្សព្វផ្សាយជាផ្នែកមួយនៃកាលវិភាគក្រុមគ្រួសារប្រចាំសប្ដាហ៍។