ផ្ដល់សារព្រះរាជាណាចក្រ ដល់មនុស្សឲ្យបានច្រើនបំផុត
១ សិស្សព្រះយេស៊ូពីជំនាន់ដើមបានខំប្រឹងប្រែងផ្សាយសារព្រះរាជាណាចក្រ។ ពួកគេបានប្រើមធ្យោបាយផ្សេងៗដែលមានប្រយោជន៍ដើម្បីផ្សាយដំណឹងល្អដល់មនុស្សឲ្យបានច្រើនបំផុត។ បណ្ដាគ្រីស្ទានដែលព្រះបានបណ្ដាលឲ្យសរសេរព្រះគម្ពីរជាភាសាក្រិកសាមញ្ញដែលជាភាសាអន្តរជាតិនៃចក្រភពរ៉ូម។ ម្យ៉ាងទៀត អ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែងចាប់តាំងពីសតវត្សរ៍ទី២និងទី៣នៃគ.ស.មក ពួកគេជាអ្នកនាំមុខក្នុងការប្រើសៀវភៅសរសេរឬសៀវភៅដែលមានសន្លឹកដែលស្រួលប្រើជាងរមូរក្រដាសក្នុងការរកមើលបទគម្ពីរ។
២ ការប្រើប្រាស់បច្ចេកវិជ្ជា: តាមរយៈព្យាការីអេសាយ ព្រះយេហូវ៉ាបានទាយថា៖«ឯងនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍»។ (អេសា. ៦០:១៦) ក្នុងការសម្រេចទំនាយនេះនាសម័យទំនើប អ្នកបំរើព្រះយេហូវ៉ាកំពុងតែប្រើប្រាស់ធនធានដ៏មានតម្លៃដែលមកពីប្រជាជាតិនានាដើម្បីធ្វើឲ្យកិច្ចការផ្សព្វផ្សាយបានរីកចំរើនឡើង។ ជាឧទាហរណ៍នៅឆ្នាំ១៩១៤ ច្រើនឆ្នាំមុនខ្សែភាពយន្តមានសម្លេងបានជោគជ័យក្នុងពាណិជ្ជកម្មនោះ និស្សិតព្រះគម្ពីរបានចាប់ផ្ដើមបញ្ចាំង«ល្ខោនរូបភាពនៃការបង្កើត»។ កម្មវិធីបញ្ចាំងខ្សែភាពយន្តនិងរូបភាពដែលមានពណ៌និងសម្លេងអស់រយៈពេល៨ម៉ោងបានធ្វើបន្ទាល់យ៉ាងខ្លាំងក្លាដល់មនុស្សរាប់លាននាក់។
៣ សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះប្រើម៉ាស៊ីនបោះពុម្ពដែលមានល្បឿនលឿននិងឧបករណ៍ប្រដាប់ដោយកុំព្យូទ័រដើម្បីបោះពុម្ពព្រះគម្ពីរនិងប្រកាសនវត្ថុព្រះគម្ពីរជាច្រើនរាប់រយភាសា។ មធ្យោបាយដឹកជញ្ជូនឆាប់រហ័សបញ្ជូនប្រកាសនវត្ថុខាងព្រះគម្ពីរទៅកន្លែងឆ្ងាយៗនៅផែនដីឲ្យបានដល់មនុស្សនៅ២៣៥ប្រទេស។ តាមរយៈវិញ្ញាណទ្រង់ ព្រះយេហូវ៉ាបានជំរុញអ្នកបំរើទ្រង់ឲ្យប្រើបច្ចេកវិជ្ជាបែបនេះយ៉ាងមានប្រសិទ្ធភាព ដោយបានធ្វើឲ្យមនុស្សច្រើនជាងមុនដែលធ្លាប់មានក្នុងប្រវត្ដិសាស្ត្រអាចរកឃើញសេចក្ដីពិតនៃព្រះគម្ពីរ។
៤ ការរកមធ្យោបាយផ្សេងៗដោយខ្លួនឯង: អ្នកថ្វាយបង្គំពិតក៏បានត្រូវជំរុញទឹកចិត្តឲ្យរកមធ្យោបាយដោយខ្លួនឯងដើម្បីផ្សាយដំណឹងល្អដល់មនុស្សឲ្យបានច្រើនជាង។ បងប្អូនជាច្រើនបានកែប្រែរបៀបរស់នៅរបស់ពួកគេឲ្យទៅជាសាមញ្ញដើម្បីអាចរួមចំណែកឲ្យបានពេញលេញក្នុងកិច្ចការផ្សព្វផ្សាយ។ បងប្អូនខ្លះបានផ្លាស់ប្ដូរទីលំនៅដើម្បីទៅបំរើនៅកន្លែងណាដែលមានសេចក្ដីត្រូវការខ្លាំងជាងចំពោះអ្នកប្រកាសអំពីព្រះរាជាណាចក្រ។ បងប្អូនឯទៀតបានពង្រីកកិច្ចបំរើផ្សាយរបស់ពួកគេដោយរៀនភាសាបរទេសមួយ។
៥ ថែមទៅទៀត យើងក៏អាចផ្សព្វផ្សាយដំណឹងល្អដល់មនុស្សឲ្យបានច្រើនជាងផងដែរ ដោយផ្សព្វផ្សាយកាលណាមនុស្សនៅផ្ទះហើយនៅទីណាដែលយើងអាចជួបគេ។ បើសិនជានៅតំបន់ផ្សាយរបស់អ្នក មនុស្សមិននៅផ្ទះជារឿយៗនៅពេលថ្ងៃ តើអ្នកអាចកែសម្រួលកាលវិភាគរបស់អ្នកដើម្បីធ្វើបន្ទាល់នៅពេលល្ងាចបានឬទេ? តើមានកន្លែងសាធារណៈណាដែលយើងអាចធ្វើបន្ទាល់បាន? តើអ្នកបានសាកល្បងធ្វើបន្ទាល់តាមទូរស័ព្ទឬនៅតំបន់ពាណិជ្ជកម្មឬទេ? តើអ្នករកឱកាសដើម្បីធ្វើបន្ទាល់ក្រៅផ្លូវការដែរឬទេ?
៦ យើងពិតជាមានឯកសិទ្ធិមែនដើម្បីរួមចំណែកក្នុងការធ្វើបន្ទាល់ដ៏ធំក្រៃលែងស្តីអំពីព្រះនាមនិងព្រះរាជាណាចក្រនៃព្រះយេហូវ៉ា! សូមឲ្យយើងបន្តចែករំលែកសេចក្ដីពិតមកពីព្រះគម្ពីរដែលផ្ដល់ជីវិតដល់មនុស្សឲ្យបានច្រើនបំផុត។—ម៉ាថ. ២៨:១៩, ២០
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើបណ្ដាគ្រីស្ទានពីដើមដំបូងបានធ្វើអ្វីខ្លះដើម្បីផ្សព្វផ្សាយដំណឹងល្អដល់មនុស្សឲ្យបានច្រើនបំផុត?
២, ៣. (ក) តើតាមរបៀបណាដែលទំនាយនៃអេសាយ៦០:១៦កំពុងតែបានសម្រេចក្នុងសម័យទំនើប? (ខ) តើតាមរបៀបណាដែលបច្ចេកវិជ្ជាកំពុងតែត្រូវប្រើប្រាស់ដើម្បីធ្វើឲ្យការថ្វាយបង្គំបរិសុទ្ធបានរីកចំរើន?
៤. តើមធ្យោបាយផ្សេងៗអ្វីដែលបងប្អូនខ្លះបានប្រើក្នុងជីវិតរបស់ពួកគេដើម្បីផ្សព្វផ្សាយដំណឹងល្អដល់មនុស្សឲ្យបានច្រើនជាង?
៥, ៦. តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួបមនុស្សឲ្យបានច្រើនបំផុតក្នុងតំបន់ផ្សាយរបស់អ្នក?