កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល
គឺជាការសំខាន់ណាស់ដែលយើងរក្សានូវសំលៀកបំពាក់ខាងវិញ្ញាណរបស់យើង ថែមទាំងការពារអត្តសញ្ញាណរបស់យើងជាគ្រីស្ទានក្នុងកំឡុងគ្រាចុងបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។ (វិវរ. ១៦:១៥) ហេតុដូច្នេះគឺសមរម្យណាស់ដែលប្រធានកម្មវិធីសន្និបាតតាមមណ្ឌលសំរាប់ឆ្នាំកិច្ចបំរើ២០០៦គឺ «ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី»។—កូល. ៣:១០
ថ្ងៃទី១: សុន្ទរកថាដំបូងដែលចែកជាផ្នែកៗមានចំណងជើងថា«ការសំដែងបុគ្គលិកលក្ខណៈនៃមនុស្សថ្មី»។ សុន្ទរកថានេះនឹងបញ្ជាក់នូវរបៀបបណ្ដុះឲ្យមានបុគ្គលិកលក្ខណៈនៃមនុស្សថ្មីដែលផ្ដល់ផលប្រយោជន៍ឲ្យយើងក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។ តើយើងត្រូវបណ្ដុះឲ្យមានបុគ្គលិកលក្ខណៈនៃមនុស្សថ្មីយ៉ាងដូចម្ដេច? សុន្ទរកថាពីរចុងក្រោយនៅថ្ងៃទី១នឹងពន្យល់ចំណុចនោះ។ សុន្ទរកថាទាំងនោះមានចំណងជើងថា«ចូរលត់ដំខ្លួនឲ្យចេះរំពឹងគិតយ៉ាងត្រឹមត្រូវ» ហើយ«ការអប់រំដែលធ្វើឲ្យមានបុគ្គលិកលក្ខណៈនៃមនុស្សថ្មី»។
ថ្ងៃទី២: ឥទ្ធិពលដែលបុគ្គលិកលក្ខណៈនៃមនុស្សថ្មីមានលើសំដីរបស់យើងនឹងត្រូវពន្យល់ក្នុងសុន្ទរកថាទីពីរដែលចែកជាផ្នែកៗមានចំណងជើងថា«ការលត់ដំខ្លួនឲ្យប្រើសំដីរបស់មនុស្សប្រាជ្ញ»។ សុន្ទរកថាសាធារណៈមានចំណងជើងថា«តើអ្នកកំពុងតែឈ្នះមេកំណាចឬទេ?»។ សុន្ទរកថានោះនឹងបញ្ជាក់សារៈសំខាន់នៃការប្រុងប្រយ័ត្នជានិច្ចនឹងល្បិចកលរបស់សាតាំង។ សុន្ទរកថាពីរចុងក្រោយនៃកម្មវិធីសន្និបាតមានចំណងជើងថា«ចូររក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះ» ហើយ«ការកែប្រែជាថ្មីនូវមនុស្សខាងក្នុងជារៀងរាល់ថ្ងៃ»។ សុន្ទរកថាទាំងពីរនោះនឹងជួយឲ្យយើងចៀសចេញពីការប្រព្រឹត្តហើយចិត្តគំនិតណាដែលផ្ទុយនឹងគោលការណ៍សុចរិតរបស់ព្រះ ហើយកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការថ្វាយបង្គំព្រះយេហូវ៉ា។
យើងរង់ចាំដោយចិត្តរំភើបដើម្បីទទួលការលើកទឹកចិត្ត ឲ្យប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈនៃមនុស្សថ្មីជានិច្ច!