ជំហានបីយ៉ាងគឺ: (១) សំណួរ (២) បទគម្ពីរ (៣) ជំពូក
របៀបដ៏ស្រួលមួយដើម្បីស្នើផ្ដល់សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? គឺ:(១) លើកសំណួរមួយដើម្បីដឹងពីទស្សនៈរបស់គេ (២) អានបទគម្ពីរមួយដែលត្រូវនឹងសំណួរ (៣) បង្ហាញជំពូកមួយនៅក្នុងសៀវភៅដែលពន្យល់ចំណុចនោះ ហើយអានសំណួរក្រោមចំណងជើងជំពូក។ បើម្ចាស់ផ្ទះមានចំណាប់អារម្មណ៍ អ្នកអាចបង្ហាញរបៀបសិក្សាព្រះគម្ពីរដោយប្រើពីរបីវគ្គដំបូងនៃជំពូកនោះ។ វិធីនេះអាចប្រើដើម្បីចាប់ផ្ដើមការសិក្សាពេលជួបម្ចាស់ផ្ទះលើកដំបូងឬពេលត្រឡប់ទៅជួប។
◼ «តើលោកអ្នកគិតថាមនុស្សអាចស្គាល់ព្រះជាអ្នកបង្កើតដ៏មានគ្រប់ព្រះចេស្ដា ដូចបញ្ជាក់ក្នុងសៀវភៅបុរាណនេះទេ?»។ សូមអានកិច្ចការ ១៧:២៦, ២៧ រួចទុកឲ្យគេឆ្លើយ។ បន្ទាប់មក សូមបើកទៅជំពូកទី១។
◼ «ដោយសារយើងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនសព្វថ្ងៃនេះ តើលោកអ្នកគិតថាយើងអាចទទួលការសម្រាលទុក្ខនិងមានសេចក្ដីសង្ឃឹមដូចបានរៀបរាប់នៅទីនេះទេ?»។ សូមអានរ៉ូម ១៥:៤ រួចទុកឲ្យគេឆ្លើយ។ បន្ទាប់មក សូមបើកទៅជំពូកទី២។
◼ «បើលោកអ្នកមានសមត្ថភាពអាចធ្វើបាន តើលោកអ្នកចង់ធ្វើឲ្យមានស្ថានភាពដូចតទៅនេះទេ?»។ សូមអានវិវរណៈ ២១:៤ រួចទុកឲ្យគេឆ្លើយ។ បន្ទាប់មក សូមបើកទៅជំពូកទី៣។
◼ «តើលោកអ្នកគិតថាកូនៗរបស់យើងនឹងអាចរស់នៅដោយសប្បាយក្នុងស្ថានភាពដែលចម្រៀងពីបុរាណនេះបានពណ៌នាទេ?»។ សូមអានទំនុកដំកើង ៣៧:១០, ១១ រួចទុកឲ្យគេឆ្លើយ។ បន្ទាប់មក សូមបើកទៅជំពូកទី៣។
◼ «តើលោកអ្នកគិតថាពាក្យទាំងនេះនឹងបានសម្រេចនៅពេលអនាគតឬទេ?»។ សូមអានអេសាយ ៣៣:២៤ រួចទុកឲ្យគេឆ្លើយ។ ក្រោយមក សូមបើកទៅជំពូកទី៣។
◼ «តើលោកអ្នកធ្លាប់ឆ្ងល់ថាមនុស្សស្លាប់ដឹងថាមនុស្សដែលនៅរស់កំពុងតែធ្វើអ្វីទេ?»។ រួចទុកឲ្យគេឆ្លើយ។ បន្ទាប់មក សូមអានសាស្ដា ៩:៥ រួចបើកទៅជំពូកទី៦។
◼ «តើលោកអ្នកគិតថានៅពេលអនាគតយើងនឹងឃើញម្ដងទៀតនូវអ្នកជាទីស្រឡាញ់របស់យើងដែលបានស្លាប់ទៅ ដូចព្រះយេស៊ូបានមានបន្ទូលនៅខទាំងនេះឬទេ?»។ សូមអានយ៉ូហាន ៥:២៨, ២៩ រួចទុកឲ្យគេឆ្លើយ។ បន្ទាប់មក បើកទៅជំពូកទី៧។
◼ «តាមគំនិតរបស់លោកអ្នក តើតាមរបៀបណាដែលបំណងព្រះហឫទ័យរបស់ព្រះនឹងបានសម្រេចនៅលើផែនដីក៏ដូចនៅស្ថានសួគ៌ ដូចសេចក្ដីអធិស្ឋាននេះរៀបរាប់?»។ សូមអានម៉ាថាយ ៦:៩, ១០ រួចទុកឲ្យគេឆ្លើយ។ បន្ទាប់មក បើកទៅជំពូកទី៨។
◼ «តើលោកអ្នកគិតថាយើងកំពុងតែរស់នៅក្នុងគ្រាដែលត្រូវបានរៀបរាប់ក្នុងទំនាយនេះទេ?»។ សូមអានធីម៉ូថេទី២ ៣:១-៤ រួចទុកឲ្យគេឆ្លើយ។ បន្ទាប់មក បើកទៅជំពូកទី៩។
◼ «មនុស្សជាច្រើនឆ្ងល់ថាហេតុអ្វីបានជាបញ្ហារបស់មនុស្សជាតិហាក់ដូចជាកាន់តែអាក្រក់ទៅៗយ៉ាងនេះ។ តើលោកអ្នកគិតថាដើមហេតុនៃបញ្ហានោះអាចបណ្ដាលមកពីអ្វីដែលពន្យល់នៅទីនេះទេ?»។ សូមអានវិវរណៈ ១២:៩ រួចទុកឲ្យឆ្លើយ។ បន្ទាប់មក បើកទៅជំពូកទី១០។
◼ «តើលោកអ្នកធ្លាប់ចង់ដឹងចម្លើយចំពោះសំណួរដូចនេះទេ?»។ សូមអានយ៉ូប ២១:៧ ហើយទុកឲ្យឆ្លើយ។ រួចបើកទៅជំពូកទី១១។
◼ «តើលោកអ្នកគិតថាការអនុវត្តតាមឱវាទក្នុងសៀវភៅណែនាំពីបុរាណនេះនឹងជួយមនុស្សឲ្យមានជីវភាពគ្រួសារដ៏សប្បាយរីករាយទេ?»។ សូមអានអេភេសូរ ៥:៣៣ រួចទុកឲ្យគេឆ្លើយ។ បន្ទាប់មកបើកទៅជំពូកទី១៤។
កាលណាអ្នកបានបង្រៀនពីរដងក្រោយពីបានបង្ហាញរបៀបសិក្សាដើមដំបូង ហើយបើអ្នកយល់ថាបុគ្គលនោះនឹងបន្តសិក្សា អ្នកអាចរាប់ជាការសិក្សាព្រះគម្ពីរបាន។