ពាក្យផ្សាយសម្រាប់ចែកសៀវភៅព្រះគម្ពីរបង្រៀន
សន្លឹកបន្ថែមនេះជួយជាយោបល់ផ្សេងៗអំពីពាក្យផ្សាយសម្រាប់ចែកសៀវភៅព្រះគម្ពីរបង្រៀន។ ដើម្បីមានប្រសិទ្ធភាពបំផុត ចូរកែសម្រួលពាក្យផ្សាយទាំងនេះឲ្យសមស្របតាមតំបន់ផ្សាយ តាមរបៀបដែលស្រួលនិយាយសម្រាប់អ្នក។ ម្យ៉ាងទៀត ចូររកចំណុចផ្សេងៗក្នុងសៀវភៅព្រះគម្ពីរបង្រៀនដែលអាចយកមកពិភាក្សាជាមួយម្ចាស់ផ្ទះ។ អ្នកក៏អាចប្រើពាក្យផ្សាយផ្សេងទៀតដែលមានប្រសិទ្ធភាពក្នុងតំបន់ផ្សាយរបស់អ្នកដែរ។—សូមមើលកិច្ចបម្រើព្រះរាជាណាចក្រយើង ខែមករា ឆ្នាំ២០០៥ ទំព័រ៨
ព្រះគម្ពីរ
◼ «មនុស្សជាច្រើននិយាយថាព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ។ តើលោកអ្នកធ្លាប់ឆ្ងល់ទេ ពីមូលហេតុដែលយើងអាចនិយាយយ៉ាងត្រឹមត្រូវថា ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ ទោះជាអ្នកសរសេរព្រះគម្ពីរជាមនុស្សក៏ដោយ? [ទុកឲ្យគេឆ្លើយ។ រួចអានពេត្រុសទី២ ១:២១ និងទំព័រ២១-២២ វគ្គ៥] សៀវភៅនេះពន្យល់អ្វីដែលព្រះគម្ពីរចែងជាចម្លើយចំពោះសំណួរដូចតទៅ»។ បង្ហាញសំណួរនៅទំព័រ៦។
◼ «នៅសម័យនេះ មនុស្សអាចទទួលបានព័ត៌មានច្រើនបំផុត។ ក៏ប៉ុន្តែតាមយោបល់របស់លោកអ្នក តើយើងអាចទទួលឱវាទដ៏ល្អត្រឹមត្រូវដែលនាំឲ្យមានជីវិតដ៏គាប់ចិត្តពីប្រភពណា? [ទុកឲ្យគេឆ្លើយ។ រួចអានធីម៉ូថេទី២ ៣:១៦, ១៧ ហើយទំព័រ២៥ វគ្គ១២] សៀវភៅនេះពន្យល់នូវរបៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យថែមទាំងមានប្រយោជន៍ដល់យើងផងដែរ»។ បង្ហាញតារាងនិងរូបភាពនៅទំព័រ១៤០-១៤១។
សេចក្ដីស្លាប់និងការប្រោស ឲ្យរស់ឡើងវិញ
◼ «មនុស្សជាច្រើនឆ្ងល់ពីអ្វីដែលពិតជាកើតឡើងពេលដែលយើងស្លាប់ទៅ។ តើលោកអ្នកគិតថាយើងអាចដឹងបានទេ? [ទុកឲ្យគេឆ្លើយ។ រួចអានសាស្ដា ៩:៥ ហើយទំព័រ៦៥-៦៦ វគ្គ៥-៦] សៀវភៅនេះពន្យល់ពីអត្ថន័យនៃសេចក្ដីសន្យាក្នុងព្រះគម្ពីរស្តីអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ»។ បង្ហាញរូបភាពនៅទំព័រ៨៥។
◼ «នៅពេលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ ជាការធម្មតាទេដែលយើងចង់ជួបពួកគេម្ដងទៀត មែនទេ? [ទុកឲ្យគេឆ្លើយ] មនុស្សជាច្រើនបានទទួលការសម្រាលទុក្ខពីសេចក្ដីសន្យាក្នុងព្រះគម្ពីរស្តីអំពីការប្រោសឲ្យមនុស្សស្លាប់រស់ឡើងវិញ។ [អានយ៉ូហាន ៥:២៨, ២៩ និងទំព័រ៨១-៨២ វគ្គ១៦-១៧] ជំពូកនេះក៏ឆ្លើយសំណួរដូចតទៅនេះ»។ បង្ហាញសំណួរដើមជំពូកនៅទំព័រ៧៤។
ជីវិតជារៀងរហូត
◼ «មនុស្សភាគច្រើនចង់មានសុខភាពល្អនិងជីវិតយូរអង្វែង។ ប៉ុន្តែប្រសិនបើមានលទ្ធភាព តើលោកអ្នកចង់រស់ជារៀងរហូតទេ? [ទុកឲ្យគេឆ្លើយ។ រួចអានវិវរណៈ ២១:៣, ៤ ហើយទំព័រ៦០-៦១ វគ្គ១៧] សៀវភៅនេះពន្យល់វិធីដែលយើងអាចទទួលបានជីវិតជារៀងរហូត ហើយប្រាប់ថាជីវិតនឹងមានលក្ខណៈយ៉ាងណាពេលដែលសេចក្ដីសន្យានោះបានសម្រេច»។
ក្រុមគ្រួសារ
◼ «យើងទាំងអស់គ្នាចង់មានសុភមង្គលក្នុងក្រុមគ្រួសារ មែនទេ? [ទុកឲ្យគេឆ្លើយ] ព្រះគម្ពីរពន្យល់អ្វីមួយដែលមនុស្សទាំងអស់ក្នុងក្រុមគ្រួសារអាចធ្វើដើម្បីមានសុភមង្គលគ្រួសារ ពោលគឺបង្ហាញសេចក្ដីស្រឡាញ់តាមគំរូរបស់ព្រះ»។ អានអេភេសូរ ៥:១, ២ ហើយទំព័រ១៥៥-១៥៦ វគ្គ៤។
ផ្ទះសម្បែង
◼ «នៅប្រទេសជាច្រើន គឺកាន់តែពិបាករកផ្ទះល្អសមរម្យដែលមិនថ្លៃពេក។ តើលោកអ្នកគិតថានឹងមានពេលមួយដែលមនុស្សទាំងអស់អាចមានផ្ទះល្អសម្រាប់រស់នៅទេ? [ទុកឲ្យគេឆ្លើយ។ រួចអានអេសាយ ៦៥:២១, ២២ ហើយទំព័រ៣៨ វគ្គ២០] សៀវភៅនេះពន្យល់របៀបដែលសេចក្ដីសន្យានេះរបស់ព្រះនឹងបានសម្រេច»។
ព្រះយេហូវ៉ា
◼ «មនុស្សជាច្រើនជឿថាមានព្រះ ហើយពួកគេចង់មានភាពជិតស្និទ្ធនឹងទ្រង់។ តើលោកអ្នកដឹងទេថាព្រះគម្ពីរអញ្ជើញឲ្យយើងចូលទៅជិតព្រះដើម្បីមានភាពជិតស្និទ្ធនឹងទ្រង់? [ទុកឲ្យគេឆ្លើយ។ រួចអានយ៉ាកុប ៤:៨ក ហើយទំព័រ១៨ វគ្គ២០] សៀវភៅនេះបានត្រូវរៀបចំដើម្បីជួយឲ្យមនុស្សរៀនថែមទៀតអំពីព្រះដោយប្រើព្រះគម្ពីរ»។ បង្ហាញសំណួរនៅដើមទំព័រ៨។
◼ «មនុស្សជាច្រើនអធិស្ឋានសុំឲ្យព្រះនាមរបស់ព្រះបានបរិសុទ្ធ។ តើលោកអ្នកធ្លាប់ឆ្ងល់ទេថា ព្រះនាមរបស់ព្រះគឺអ្វី? [ទុកឲ្យគេឆ្លើយ។ រួចអានទំនុកដំកើង ៨៣:១៨ ហើយទំព័រ២២៥ វគ្គ២-៣] សៀវភៅនេះពន្យល់អ្វីដែលព្រះគម្ពីរពិតជាបង្រៀនអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់សម្រាប់មនុស្ស»។
ព្រះយេស៊ូគ្រីស្ទ
◼ «មនុស្សទូទាំងផែនដីធ្លាប់ឮអំពីព្រះយេស៊ូគ្រីស្ទ។ មនុស្សខ្លះប្រាប់ថាទ្រង់ត្រឹមតែជាបុរសល្អម្នាក់ប៉ុណ្ណោះ។ អ្នកឯទៀតថ្វាយបង្គំទ្រង់ជាព្រះដ៏ខ្ពស់បំផុត។ តើលោកអ្នកគិតថាអ្វីដែលយើងជឿអំពីព្រះយេស៊ូគ្រីស្ទគឺសំខាន់ទេ?»។ ទុកឲ្យគេឆ្លើយ។ រួចអានយ៉ូហាន ១៧:៣ ហើយទំព័រ៤១-៤២ វគ្គ៣។ បង្ហាញសំណួរនៅដើមទំព័រនោះក្រោមចំណងជើងជំពូក។
សេចក្ដីអធិស្ឋាន
◼ «តើលោកអ្នកធ្លាប់ឆ្ងល់ទេថាព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋានតាមរបៀបណា? [ទុកឲ្យគេឆ្លើយ។ រួចអានយ៉ូហានទី១ ៥:១៤, ១៥ ហើយទំព័រ១៩៧-១៩៩ វគ្គ១៦-១៨] ជំពូកនេះក៏ពន្យល់មូលហេតុដែលយើងគួរអធិស្ឋានថ្វាយព្រះ ហើយអ្វីដែលយើងត្រូវធ្វើ នោះទើបទ្រង់ព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង»។
សាសនា
◼ «សព្វថ្ងៃនេះមនុស្សជាច្រើនបែរជាមានទស្សនៈថាសាសនាជាដើមហេតុនៃបញ្ហាមនុស្សជាតិ មិនមែនជាដំណោះស្រាយនោះទេ។ តើលោកអ្នកគិតថាសាសនាកំពុងតែនាំមនុស្សទៅតាមផ្លូវល្អទេ? [ទុកឲ្យគេឆ្លើយ។ រួចអានម៉ាថាយ ៧:១៣, ១៤ ហើយទំព័រ១៦៨ វគ្គ៥] ជំពូកនេះពន្យល់យ៉ាងស៊ីជម្រៅនូវលក្ខណៈ៦យ៉ាងដែលជួយឲ្យយើងសម្គាល់សាសនាមួយណាដែលព្រះសព្វព្រះហឫទ័យ»។ បង្ហាញលក្ខណៈទាំង៦នោះនៅទំព័រ១៦៩។
ទុក្ខវេទនានិងរឿងខ្លោចផ្សា
◼ «នៅពេលមានរឿងខ្លោចផ្សាកើតឡើង មនុស្សជាច្រើនឆ្ងល់ថាតើព្រះពិតជាយកព្រះទ័យទុកដាក់ចំពោះមនុស្ស និងកត់សម្គាល់ទុក្ខវេទនារបស់ពួកគេទេ? តើលោកអ្នកធ្លាប់ឆ្ងល់អំពីបញ្ហានោះទេ? [ទុកឲ្យគេឆ្លើយ។ រួចអានពេត្រុសទី១ ៥:៧ ហើយទំព័រ១២ វគ្គ១១] សៀវភៅនេះពន្យល់របៀបដែលព្រះនឹងបំបាត់ទុក្ខវេទនាចេញពីពិភពលោក»។ បង្ហាញសំណួរនៅទំព័រ១២១ក្រោមចំណងជើងជំពូក។
សង្គ្រាមនិងសន្ដិភាព
◼ «មនុស្សនៅគ្រប់ប្រទេសចង់បានសន្ដិភាពណាស់។ តើលោកអ្នកគិតថាពិតជានឹងមានសន្ដិភាពពិភពលោកទេ? [ទុកឲ្យគេឆ្លើយ។ រួចអានទំនុកដំកើង ៤៦:៨, ៩] សៀវភៅនេះពន្យល់របៀបដែលព្រះនឹងសម្រេចគោលបំណងរបស់ទ្រង់ ហើយវិធីដែលទ្រង់នឹងធ្វើឲ្យមានសន្ដិភាពពិភពលោក»។ បង្ហាញរូបភាពនៅទំព័រ៣៩ ហើយពិភាក្សាវគ្គ១៧-២១ នៅទំព័រ៣៧-៣៨។
[ប្រអប់នៅទំព័រ៥]
របៀបប្រាប់អំពីការជូនវិភាគទាន
«ប្រសិនបើលោកអ្នកស្ម័គ្រចិត្តធ្វើវិភាគទានដើម្បីជួយគាំទ្រកិច្ចការនេះដែលយើងធ្វើទូទាំងពិភពលោក ខ្ញុំរីករាយនឹងទទួល»។
«ទោះជាយើងជូនសៀវភៅរបស់យើងដោយមិនគិតថ្លៃក៏ពិតមែន តែយើងសុខចិត្តទទួលវិភាគទានបន្ដិចបន្តួចសម្រាប់គាំទ្រកិច្ចការនេះដែលយើងធ្វើទូទាំងពិភពលោក»។
«លោកអ្នកប្រហែលជាឆ្ងល់ថាតើយើងបានថវិកាពីណាមកដើម្បីធ្វើកិច្ចការនេះ។ កិច្ចការទូទាំងពិភពលោកដែលយើងកំពុងតែធ្វើនេះត្រូវគាំទ្រដោយវិភាគទាន។ ប្រសិនបើលោកអ្នកចង់ធ្វើវិភាគទានបន្ដិចបន្តួច យើងសប្បាយនឹងទទួល»។