ចូរបណ្ដុះឲ្យមានទម្លាប់ល្អខាងវិញ្ញាណ ហើយទទួលប្រយោជន៍ជាច្រើន
១ ពេលដែលអ្នកបានក្លាយជាគ្រីស្ទានជាលើកដំបូង អ្នកទំនងជាខំព្យាយាមបណ្ដុះឲ្យមានទម្លាប់ល្អក្នុងសកម្មភាពផ្សេងៗដែលទាក់ទងនឹងការថ្វាយបង្គំព្រះយេហូវ៉ារួមបញ្ចូលការសិក្សាព្រះគម្ពីរ កិច្ចប្រជុំគ្រីស្ទាន កិច្ចបម្រើផ្សាយ និងការអធិស្ឋាន។ ដោយសារព្រះយេហូវ៉ាប្រទានពរដល់ការព្យាយាមរបស់អ្នក នោះអ្នកមានទំនាក់ទំនងកាន់តែល្អជាមួយទ្រង់។ ឥឡូវនេះ ប្រហែលជាច្រើនឆ្នាំបានកន្លងទៅហើយ ចាប់តាំងពីអ្នកបានទទួលបុណ្យជ្រមុជទឹក។ តើអ្នកកំពុងតែរក្សាទម្លាប់ល្អខាងវិញ្ញាណដែលអ្នកបានបណ្ដុះឲ្យមានពេលដែលអ្នកបានក្លាយជាគ្រីស្ទានឬទេ?
២ ចូរពិនិត្យមើលសាជាថ្មីនូវទម្លាប់របស់អ្នក: តើអ្នកមានទម្លាប់អានមួយផ្នែកនៃព្រះគម្ពីរជារៀងរាល់ថ្ងៃឬទេ? បើអ្នកធ្វើដូច្នេះ នោះអ្នកទទួលប្រយោជន៍ច្រើនណាស់! (យ៉ូស. ១:៨; ទំនុក. ១:២, ៣) នៅស្រុកអ៊ីស្រាអែលសម័យបុរាណ ស្តេចនីមួយៗត្រូវអានក្រឹត្យវិន័យដែលទ្រង់បានចម្លងទុកសម្រាប់អង្គទ្រង់ផ្ទាល់«រាល់តែថ្ងៃជានិច្ច អស់១ជីវិត»។ តើទ្រង់ទទួលប្រយោជន៍យ៉ាងណា? នេះជួយទ្រង់ឲ្យបណ្ដុះនូវព្រះទ័យរាបទាបហើយទម្លាប់ខ្លួន ឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ា ដើម្បីកុំឲ្យងាកបែរចេញពីសេចក្ដីបង្គាប់របស់ព្រះ។ (ចោទិ. ១៧:១៨-២០) ដូចគ្នាដែរសព្វថ្ងៃនេះ ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃជួយយើងឲ្យបានឥតសៅហ្មង ឥតកិច្ចកលក្នុងចំណោមលោកិយដ៏ខូចអាក្រក់នេះ ហើយក៏ជួយយើងឲ្យមានគ្រប់ទាំងចំណេះសម្រាប់កិច្ចបម្រើផ្សាយ។—ភី. ២:១៥; ២ធី. ៣:១៧
៣ ព្រះយេស៊ូមានទម្លាប់យាងទៅឯសាលាប្រជុំ។ នៅទីនោះមានការពិភាក្សាអំពីព្រះគម្ពីរ។ (លូ. ៤:១៦) នេះពិតជាបានពង្រឹងកម្លាំងទ្រង់ឲ្យស៊ូទ្រាំនឹងទុក្ខលំបាកដែលទ្រង់ត្រូវទទួល។ កម្លាំងយើងក៏ត្រូវពង្រឹងដូចគ្នាដែរ តាមរយៈការណែនាំដែលផ្ដល់ឲ្យនៅកិច្ចប្រជុំនានា និងតាមរយៈការ«កំសាន្តចិត្ត[ឬ«លើកទឹកចិត្ត»]គ្នាទៅវិញទៅមក»។ (រ៉ូម ១:១២; ខ.ស.) ការជួបជុំគ្នាជាមួយបងប្អូនរបស់យើងជួយយើងឲ្យស៊ូទ្រាំនឹងការលំបាកនៅថ្ងៃចុងក្រោយនេះ។ (ហេ. ១០:២៤, ២៥) តើអ្នកនៅតែមានទម្លាប់ចូលរួមកិច្ចប្រជុំទាំងអស់ឬទេ?
៤ កំណត់ហេតុព្រះគម្ពីរប្រាប់យើងថា ពួកសាវ័កបានរួមចំណែកក្នុងការប្រកាសដំណឹងល្អ«នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះ[ឬ«ពីផ្ទះមួយទៅផ្ទះមួយ»]រាល់តែថ្ងៃជានិច្ច»។ (កិច្ច. ៥:៤២; ព.ថ.) ទោះជាយើងប្រហែលជាមិនអាចផ្សព្វផ្សាយរៀងរាល់ថ្ងៃក្ដី តើយើងអាចបណ្ដុះឲ្យមានទម្លាប់ផ្សព្វផ្សាយតាមរបៀបណាមួយឲ្យបានរៀងរាល់សប្ដាហ៍ទេ? ដោយធ្វើដូច្នេះ យើងច្បាស់ជានឹងមានការប៉ិនប្រសប់ជាងក្នុងការប្រើព្រះគម្ពីរ ហើយប្រហែលជានឹងមានបទពិសោធន៍ក្នុងការផ្សព្វផ្សាយដែលលើកទឹកចិត្ត។
៥ ព្យាការីដានីយ៉ែលបានទទួលរង្វាន់យ៉ាងប្រសើរ ដោយសារបានបម្រើព្រះយេហូវ៉ា«ជានិច្ច»អស់មួយជីវិតរបស់គាត់។ ការបម្រើព្រះយេហូវ៉ាបានរួមបញ្ចូលទម្លាប់អធិស្ឋានទូលថ្វាយទ្រង់ជាទៀងទាត់។ (ដា. ៦:១០, ១៦, ២០) ដូចគ្នាដែរ ពេលយើងអធិស្ឋានជារឿយៗទៅព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត នោះទ្រង់នឹងប្រទានវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដល់យើង។ (លូ. ១១:៩-១៣) ម្យ៉ាងទៀត ព្រះយេហូវ៉ានឹងតបឆ្លើយចំពោះសេចក្ដីអធិស្ឋានរបស់យើងដោយទ្រង់ចូលមកជិតយើង ហើយយើងមានចំណងមេត្រីភាពយ៉ាងជិតស្និទ្ធជាមួយទ្រង់។ (ទំនុក. ២៥:១៤; យ៉ា. ៤:៨) នេះពិតជារង្វាន់ដ៏ធំមែន! ដូច្នេះសូមឲ្យយើងខំព្យាយាមដើម្បីរក្សាទម្លាប់ល្អខាងវិញ្ញាណហើយទទួលពរដ៏ថ្លៃថ្លាពីព្រះយេហូវ៉ា។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីបានជាការពិនិត្យមើលទម្លាប់ខាងវិញ្ញាណរបស់អ្នកនាំឲ្យមានប្រយោជន៍?
២. តើយើងទទួលប្រយោជន៍យ៉ាងណាពីការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ?
៣. តើយើងទទួលប្រយោជន៍អ្វីខ្លះពីការចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់?
៤. តើការរួមចំណែកក្នុងកិច្ចបម្រើផ្សាយជារៀងរាល់សប្ដាហ៍នាំឲ្យយើងទទួលប្រយោជន៍យ៉ាងដូចម្ដេច?
៥. ហេតុអ្វីបានជាការអធិស្ឋានទៅព្រះយេហូវ៉ាជារឿយៗជាការចាំបាច់?