ចូរធ្វើតាមគំរូព្រះគ្រិស្តក្នុងកិច្ចបម្រើផ្សាយរបស់អ្នក
១ ព្រះយេស៊ូបានតាំងគំរូឲ្យយើងធ្វើតាមក្នុងកិច្ចបម្រើផ្សាយ។ សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ទ្រង់ចំពោះព្រះ និងមនុស្សបានបង្ហាញឲ្យឃើញតាមរបៀបផ្សេងៗ និងនៅកាលៈទេសៈខុសៗគ្នា។ ទ្រង់បានបង្រៀនមនុស្សរាបសានូវសេចក្ដីពិត និងប្រព្រឹត្តដោយសេចក្ដីសប្បុរសដ៏ស្មោះដល់អស់អ្នកដែលត្រូវគេធ្វើបាប និងជិះជាន់។—ម៉ាថ. ៩:៣៥
២ គំរូនិងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ: ព្រះយេស៊ូមិនឲ្យកិច្ចការនយោបាយ កិច្ចការបែបលើកស្ទួយសហគមន៍ មកបំបែរអារម្មណ៍ទ្រង់ឡើយ។ ទ្រង់ក៏មិនអនុញ្ញាតឲ្យកិច្ចការណាក៏ដោយទោះជាមានគោលបំណងល្អក្ដី មករំខានកិច្ចការចម្បងរបស់ទ្រង់ដែរ។ (លូ. ៨:១) ព្រះយេស៊ូប្រមូលអារម្មណ៍ទៅលើកិច្ចការផ្សព្វផ្សាយដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ ដែលជាដំណោះស្រាយតែមួយគត់ចំពោះបញ្ហាមនុស្សជាតិ និងជាស្ថាពរ។ ព្រះយេស៊ូមានពេលកំណត់ដើម្បីសម្រេចកិច្ចការដ៏សំខាន់របស់ទ្រង់។ ពេលដែលមនុស្សនៅទីក្រុងកាពើណិមឃាត់ទ្រង់ឲ្យស្នាក់នៅទីនោះ ទ្រង់មានបន្ទូលទៅពួកសិស្សថា៖ «ចូរយើងទៅក្នុងអស់ទាំងភូមិ . . . ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅភូមិទាំងនោះដែរ ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក»។—ម៉ាក. ១:៣៨
៣ បន្ទាប់ពីបានបង្ហាត់បង្រៀនពួកសិស្សរួចមក ព្រះយេស៊ូបានបញ្ជូនពួកគេដោយមានការណែនាំយ៉ាងជាក់លាក់ឲ្យ៖ «ប្រកាសប្រាប់ថា ‹នគរស្ថានសួគ៌ជិតដល់ហើយ›»។ (ម៉ាថ. ១០:៧) ទ្រង់បានបង្រៀនពួកសិស្សថា កិច្ចការព្រះរាជាណាចក្រគួរតែជាអ្វីដែលមានសារៈសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។ (ម៉ាថ. ៦:៣៣) មុនពេលទ្រង់ទៅស្ថានសួគ៌វិញព្រះយេស៊ូមានបន្ទូលជាពាក្យចុងក្រោយដែលបានបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែលពួកគេត្រូវធ្វើ។ ទ្រង់មានបន្ទូលថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។—ម៉ាថ. ២៨:១៩
៤ សារៈសំខាន់នៃព្រះរាជាណាចក្រ: ប្រធានដ៏សំខាន់ចម្បងនៃការពិគ្រោះរបស់ព្រះយេស៊ូ គឺជាព្រះរាជាណាចក្ររបស់ព្រះ ហើយទ្រង់ជំរុញពួកសិស្សឲ្យធ្វើតាមគំរូទ្រង់។ ការព្យាយាមរបស់មនុស្សដើម្បីដោះស្រាយបញ្ហានានា មិនអាចទទួលជោគជ័យទេ។ (យេ. ១០:២៣) មានតែព្រះរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលនឹងធ្វើឲ្យព្រះនាមព្រះបានបរិសុទ្ធ និងផ្ដល់ការសម្រាលទុក្ខដល់មនុស្សជាតិជាស្ថាពរ។ (ម៉ាថ. ៦:៩, ១០) ការបង្រៀនសេចក្ដីពិតពីព្រះរាជាណាចក្រព្រះដល់មនុស្សដែល«ដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្ត» នោះនឹងជួយពួកគេឲ្យមានសុភមង្គល ជោគជ័យក្នុងជីវិតពីឥឡូវ និងរក្សាឲ្យមានសេចក្ដីសង្ឃឹមដែលគួរឲ្យទុកចិត្តចំពោះអនាគត។—អេសេ. ៩:៤
៥ ព្រះយេស៊ូនៅតែបន្តដឹកនាំក្នុងកិច្ចបម្រើផ្សាយយ៉ាងសកម្ម ហើយទ្រង់សន្យាថានៅតែបន្តគាំទ្រយើង។ (ម៉ាថ. ២៨:២០) តើយើងបំពេញកិច្ចបម្រើផ្សាយរបស់យើងស្របតាមគំរូរបស់ព្រះយេស៊ូដល់កម្រិតណា? (១ពេ. ២:២១) នៅគ្រាដ៏សំខាន់នៃថ្ងៃជាន់ក្រោយបង្អស់នេះ ចូរឲ្យយើងខំអស់ពីសមត្ថភាពដើម្បីធ្វើតាមគំរូរបស់ព្រះយេស៊ូយ៉ាងដិតដល់ក្នុងកិច្ចបម្រើផ្សាយ!