កិច្ចបំរើគ្រីស្ទានជាកិច្ចការដ៏ចំបងរបស់យើង
១ យើងទាំងអស់គ្នាមានការផ្សេងៗដែលយើងត្រូវធ្វើ។ ការផ្គត់ផ្គង់ដល់ក្រុមគ្រួសារគឺតម្រូវការមួយដែលមកពីព្រះ។ (១ធី. ៥:៨) ប៉ុន្តែ តម្រូវការនោះដែលមកពីព្រះឲ្យផ្គត់ផ្គង់ដល់ក្រុមគ្រួសារ មិនគួរសំខាន់ជាង ការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រនិងការបង្កើតឲ្យមានសិស្សឡើយ។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០
២ ព្រះយេស៊ូបានតាំងគំរូឲ្យយើងដើរតាមលំអានដាននៃទ្រង់ក្នុងការ«ស្វែងរកនគរ . . . នៃព្រះជាមុនសិន»។ (ម៉ាថ. ៦:៣៣; ១ពេ. ២:២១) ទោះជាព្រះយេស៊ូមិនមែនជាអ្នកមានសម្បូរហូរហៀរក្ដី ទ្រង់បានខំព្យាយាមទាំងស្រុងក្នុងការផ្គាប់ព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់។ (លូ. ៤:៤៣; ៩:៥៨; យ៉ូន. ៤:៣៤) ទ្រង់បានខំប្រឹងធ្វើបន្ទាល់នៅគ្រប់ទាំងឱកាស។ (លូ. ២៣:៤៣; ១ធី. ៦:១៣) ព្រះយេស៊ូបានដាស់តឿនសិស្សរបស់ទ្រង់ឲ្យមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកិច្ចការចំរូតនោះឲ្យដូចជាទ្រង់។—ម៉ាថ. ៩:៣៧, ៣៨
៣ ចូរយកតម្រាប់តាមព្រះយេស៊ូនៅសម័យឥឡូវ: យើងក៏អាចយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូ ដោយខំព្យាយាមឲ្យមានជីវភាពរស់នៅសាមញ្ញៗដែលចាត់ទុកកិច្ចបំរើគ្រីស្ទានជាអ្វីដ៏សំខាន់បំផុត។ បើយើងមានអ្វីៗដ៏ចាំបាច់ដើម្បីរស់នៅប្រចាំថ្ងៃហើយ សូមឲ្យយើងយកចិត្តទុកដាក់ទៅលើឱវាទពីព្រះគម្ពីរដែលថា កុំឲ្យប្រមូលវត្ថុទ្រព្យច្រើនពេកក្នុងលោកីយ៍នេះ។ (ម៉ាថ. ៦:១៩, ២០; ១ធី. ៦:៨) គឺជាការប្រសើជាងបើយើងខំប្រឹងឲ្យចំរើនចំណែករបស់យើងក្នុងកិច្ចការផ្សាយ មែនទេ! ប្រសិនបើយើងជួបប្រទះនូវកាលៈទេសៈដ៏ពិបាក សូមឲ្យយើងខំប្រឹងដូចព្រះយេស៊ូ ដោយមិនឲ្យកង្វល់នៃជីវិតទៅជាសំខាន់ជាងកិច្ចការដ៏ចំបងរបស់យើង គឺការប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជាណាចក្រ។—លូ. ៨:១៤; ៩:៥៩-៦២
៤ សូម្បីតែអស់អ្នកដែលមានភារកិច្ចជាច្រើនក៏ដោយ ក៏គួរឲ្យកិច្ចការផ្សាយមានអាទិភាពដែរ។ បងប្រុសម្នាក់ដែលមានសមាជិកច្រើនក្នុងក្រុមគ្រួសារ មានមុខតំណែងនៅកន្លែងធ្វើការជាអ្នកទទួលខុសត្រូវ ហើយបំរើជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំគ្រីស្ទានបានប្រាប់ថា៖ «ខ្ញុំចាត់ទុកកិច្ចបំរើដូចជាអាជីពចំបងរបស់ខ្ញុំ»។ បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយប្រាប់ថា៖ «ការបំរើត្រួសត្រាយមានតម្លៃច្រើនជាងអាជីពខាងលោកីយ៍ទៅទៀត»។
៥ មិនថាយើងមានកាលៈទេសៈយ៉ាងណាក៏ដោយ ចូរឲ្យយើងយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូ។ តើតាមរបៀបណាទៅ? គឺដោយចាត់ទុកកិច្ចបំរើគ្រីស្ទានជាកិច្ចការដ៏ចំបងរបស់យើង។