ចូរទុកកិច្ចបម្រើពេញពេលជាវិជ្ជាជីវៈរបស់អ្នក!
១ កិច្ចបម្រើផ្សាយជាកិច្ចការមួយដែលសំខាន់ណាស់ដើម្បីបំពេញតាមការឧទ្ទិសថ្វាយខ្លួនរបស់យើងនិងទទួលបានជីវិតជារៀងរហូត។ (រ៉ូម ១០:១០; ១ធី. ៤:១៦) ពេលដែលព្រះយេស៊ូអញ្ជើញអ្នកឯទៀតមកធ្វើជាសិស្ស នោះទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថាការធ្វើជាសិស្សរបស់ទ្រង់រួមបញ្ចូលការផ្សាយដំណឹងពីនគរឬព្រះរាជាណាចក្រព្រះ។ (លូ. ៩:៥៧-៦២) ទោះបើការធ្វើជាសិស្សរបស់ព្រះយេស៊ូមិនតម្រូវឲ្យផ្លាស់ប្ដូរការងារក៏ដោយ ប៉ុន្តែនេះច្បាស់ជាតម្រូវឲ្យយើងផ្លាស់ប្ដូរអាទិភាព។ កិច្ចការដ៏សំខាន់បំផុតនោះគឺជាការ«សំដែងចេញឲ្យឃើញ[ឬ«ប្រកាសដំណឹង»]»អំពីព្រះយេហូវ៉ាដែលរួមបញ្ចូលការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (១ពេ. ២:៩; ខ.ស.; ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ហេតុនេះហើយបានជា អស់អ្នកដែលបានឧទ្ទិសថ្វាយខ្លួនទាំងស្រុងដល់ព្រះយេហូវ៉ា ចាត់ទុកកិច្ចបម្រើផ្សាយជាអ្វីដែលសំខាន់បំផុត។ បងប្អូនជាច្រើនដែលកាលៈទេសៈអនុញ្ញាតឲ្យ បានយកកិច្ចបម្រើពេញពេលជាវិជ្ជាជីវៈរបស់ពួកគាត់។—២កូ. ៤:១, ៧
២ ជីវិតដ៏គាប់ចិត្តដែលនាំឲ្យទទួលពរ: អ្នកត្រួសត្រាយម្នាក់ដែលបានបម្រើពេញពេលអស់រយៈ៥៤ឆ្នាំហើយ មានចិត្តជំរុញឲ្យគាត់សរសេរថា៖ «អំណរដែលព្រះយេហូវ៉ាបានប្រទានឲ្យគឺច្រើនជាងទុក្ខលំបាកដែលខ្ញុំមានឆ្ងាយណាស់។ ប្រសិនបើខ្ញុំអាចត្រឡប់ទៅជាក្មេងវិញ ខ្ញុំនៅតែរីករាយចំណាយពេលវេលាទាំងអស់ដើម្បីសរសើរតម្កើងព្រះយេហូវ៉ាដែលជាព្រះដ៏អស្ចារ្យរបស់ខ្ញុំដដែល»។ គ្មានវិជ្ជាជីវៈណាមួយក្នុងលោកិយអាចនាំមកនូវអំណរនិងការគាប់ចិត្តដ៏ជ្រាលជ្រៅយ៉ាងនេះបានឡើយ។ ការព្យាយាមចូលរួមកិច្ចបម្រើពេញពេលអស់មួយជីវិតគឺជាការបង្ហាញនូវការគោរពប្រតិបត្ដិព្រះ ដែលផ្ដល់លទ្ធភាពទទួលប្រយោជន៍ដ៏លើសលប់នៅពេលឥឡូវនេះ និងពរដែលប្រាកដជាមានឡើងនៅពេលអនាគត។—១ធី. ៤:៨
៣ កិច្ចបម្រើពេញពេលជាវិជ្ជាជីវៈមួយដែលអាចនាំមកនូវពរឬសុភមង្គលដ៏ធំធេង ពីព្រោះវិជ្ជាជីវៈនេះរួមបញ្ចូលការឲ្យយ៉ាងច្រើន។ (កិច្ច. ២០:៣៥) តាមរយៈការចូលរួមបម្រើផលប្រយោជន៍ព្រះរាជាណាចក្រយ៉ាងពេញលេញជាង យើងបណ្ដុះនិងពង្រឹងមិត្តភាពដ៏មានតម្លៃបំផុត គឺជាមិត្តភាពជាមួយព្រះយេហូវ៉ានិងព្រះយេស៊ូ។ (លូ. ១៦:៩; ១កូ. ១៥:៥៨) អ្នកនឹងពិសោធនូវការស្កប់ចិត្តហើយនិងមនសិការជ្រះថ្លា ពីព្រោះអ្នកកំពុងតែប្រព្រឹត្តសមស្របតាមកាលៈទេសៈរបស់អ្នកយ៉ាងអស់ពីចិត្ត។ ដោយសារអ្នកចេះលៃពេលហើយចេះអនុវត្តតាមកាលវិភាគត្រឹមត្រូវ នោះនឹងជួយអ្នកឲ្យសម្រេចបានច្រើនជាងក្នុងការធ្វើតាមបង្គាប់ព្រះយេស៊ូដែលឲ្យ«ស្វែងរកនគរនឹងសេចក្ដីសុចរិតនៃព្រះជាមុន»។—ម៉ាថ. ៦:៣៣
៤ ចូរបង្កើនសមត្ថភាពក្នុងកិច្ចបម្រើផ្សាយរបស់អ្នក: ជាអ្នកត្រួសត្រាយម្នាក់ ការមានសមិទ្ធផលជាបន្តបន្ទាប់គឺសំខាន់ដើម្បីស៊ូទ្រាំនិងរក្សានូវអំណរព្រមទាំងចិត្តខ្នះខ្នែង។ តាមរយៈអង្គការរបស់ទ្រង់ ព្រះយេហូវ៉ាផ្ដល់នូវការអប់រំខាងវិញ្ញាណនៅឯក្រុមជំនុំគ្រីស្ទាននិងនៅឯសន្និបាតផ្សេងៗ។ បន្ថែមទៅទៀត មានកិច្ចប្រជុំជាមួយអ្នកចាស់ទុំនៅខែធ្នូនិងជាមួយអ្នកត្រួតពិនិត្យតាមមណ្ឌលកាលណាគាត់ធ្វើទស្សនកិច្ចនៅក្រុមជំនុំ។ ក្នុងកំលុងសប្ដាហ៍ដែលមានសន្និបាតតាមមណ្ឌល កិច្ចប្រជុំពិសេសមួយត្រូវបានរៀបចំឡើងសម្រាប់អ្នកត្រួសត្រាយ។ តើអ្នកកត់កំណត់ហើយអនុវត្តតាមការណែនាំដ៏ល្អៗដែលបានផ្ដល់ឲ្យនៅឯកិច្ចប្រជុំទាំងនេះដោយយកចិត្តទុកដាក់ឬទេ?
៥ ប្រសិនបើអ្នកមិនទាន់បានដឹកនាំការសិក្សាដែលរីកចម្រើនទេនោះ តើអ្នកមានគោលដៅធ្វើយ៉ាងនេះឬទេ? ពេលផ្សព្វផ្សាយតាមផ្ទះ តើអ្នកអាចកែលម្អពាក្យផ្ដើម ឬរបៀបឆ្លើយនឹងការជំទាស់ដែលម្ចាស់ផ្ទះក្នុងតំបន់ផ្សាយរបស់អ្នកតែងតែលើកឡើងទេ? តើអ្នកគិតពិចារណាអំពីឯកសិទ្ធិផ្សាយនៅតំបន់ដែលមិនទាន់កំណត់ឲ្យក្រុមជំនុំផ្សព្វផ្សាយ ឬក៏ផ្លាស់កន្លែងស្នាក់នៅជាបណ្ដោះអាសន្នឬជាអចិន្ត្រៃយ៍ដើម្បីជួយក្រុមជំនុំដែលត្រូវការជំនួយឬទេ? តាមរបៀបទាំងនេះនិងរបៀបជាច្រើនទៀត អ្នកប្រហែលជាអាចរីកចម្រើនក្នុងវិជ្ជាជីវៈរបស់អ្នកហើយអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការបំពេញកិច្ចការរបស់ព្រះ។
៦ ប្រសិនបើអ្នកកំពុងតែពិចារណាដោយហ្មត់ចត់ដើម្បីចូលរួមជាមួយបងប្អូនជាច្រើនដែលកំពុងតែត្រួសត្រាយពេញពេលនៅឆ្នាំកិច្ចបម្រើ២០០៧ដែលចាប់ផ្ដើមនៅខែកញ្ញានេះ សូមខំព្យាយាមអធិស្ឋានព្រះយេហូវ៉ាអំពីរឿងនេះ។ (ម៉ាថ. ៧:៧, ៨) បងប្អូនជាច្រើនបានពង្រឹងទំនុកចិត្តរបស់ពួកគាត់ទៅលើព្រះយេហូវ៉ា ដោយមុនដំបូងបម្រើជាអ្នកត្រួសត្រាយជំនួយ។
៧ ការធ្វើជាអ្នកត្រួសត្រាយមិនអាស្រ័យលើសមត្ថភាពលើសគេឬទេពកោសល្យណាមួយដែលយើងមាននោះទេ។ សេចក្ដីស្រឡាញ់ពិតចំពោះព្រះនិងមនុស្សឯទៀត ព្រមទាំងការសុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន នោះទើបជាអ្វីដែលចាំបាច់។ (ម៉ាថ. ២២:៣៧-៣៩; ភី. ៤:១៣) កិច្ចបម្រើផ្សាយអាចជួយយើងឲ្យបណ្ដុះនូវគុណសម្បត្ដិដែលចាំបាច់ ដើម្បីយើងអាចរួចរស់ជីវិតនៅសង្គ្រាមអើម៉ាគេដូន។ កាលណាអ្នកខំប្រឹងបម្រើព្រះពេញពេល នោះអ្នកអាចបង្កើនសេចក្ដីស្រឡាញ់ ជំនឿ អំណរ និងសេចក្ដីសុខសាន្តរបស់អ្នក។ (កា. ៥:២២, ២៣) ដូច្នេះ ចូរខិតខំចូលរួមកិច្ចបម្រើផ្សាយពេញពេលហើយកាន់ខ្ជាប់ជានិច្ច ទុកជាវិជ្ជាជីវៈដ៏មានតម្លៃរបស់អ្នកចុះ!