«ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ»
១ ម្ដងម្កាល យើងទាំងអស់គ្នាអស់កម្លាំងឬល្វើយ។ នេះមិនគ្រាន់តែមកពីការងារឬសកម្មភាពណាមួយដែលយើងធ្វើទេ ប៉ុន្តែក៏មកពីបញ្ហាដែលយើងជួបប្រទះនៅ«គ្រាលំបាក»ដែរ។ (២ធី. ៣:១) ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា តើយើងបានកម្លាំងមកពីណា ដើម្បីកុំឲ្យបន្ថយសកម្មភាពផ្សព្វផ្សាយរបស់យើង? ដោយពឹងពាក់ទៅលើបុគ្គលដែលមាន«តេជានុភាពដ៏ខ្លាំងក្លា» ពោលគឺព្រះយេហូវ៉ា។ (អេសា. ៤០:២៦) ទ្រង់ជ្រាបសេចក្ដីត្រូវការរបស់យើង និងយកព្រះទ័យទុកដាក់យ៉ាងស្មោះដើម្បីជួយយើង។—១ពេ. ៥:៧
២ ព្រះយេហូវ៉ាមានរបៀបរៀបចំដើម្បីជួយយើង: ព្រះយេហូវ៉ាពង្រឹងកម្លាំងយើងតាមរយៈសកម្មពលរបស់ទ្រង់។ សកម្មពលនេះជាកម្លាំងដែលគ្មានអ្វីរាំងស្ទះបាន ហើយជាអ្វីដែលទ្រង់បានប្រើដើម្បីបង្កើតសកលលោក។ សកម្មពលរបស់ព្រះជួយយើងឲ្យមាន«កំឡាំងចំរើន» បើយើងល្វើយឬអស់កម្លាំង។ (អេសា. ៤០:៣១) សូមសួរខ្លួនឯង‹តើនៅពេលណាដែលខ្ញុំបានអធិស្ឋានយ៉ាងចំៗជាលើកចុងក្រោយ សូមសកម្មពលរបស់ព្រះជួយពង្រឹងកម្លាំងខ្ញុំដើម្បីបំពេញកាតព្វកិច្ចជាគ្រិស្តសាសនិក?›។—លូ. ១១:១១-១៣
៣ ដោយអានជាប្រចាំថ្ងៃនិងរំពឹងគិតពីព្រះគម្ពីរដែលព្រះបណ្ដាលឲ្យសរសេរ ហើយទទួលចំណេះអំពីព្រះដោយសិក្សាសៀវភៅគ្រិស្តសាសនិករបស់យើងយ៉ាងទៀងទាត់ នោះយើងនឹងបានដូចជា«ដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោន»។—ទំនុក. ១:២, ៣
៤ ព្រះយេហូវ៉ាក៏ប្រើអ្នកជឿគ្នីគ្នា ដែលអាច«កំសាន្តចិត្ត»យើងដែរ។ (កូល. ៤:១០, ១១) បងប្អូននោះពង្រឹងកម្លាំងយើងនៅកិច្ចប្រជុំក្រុមជំនុំដោយការសន្ទនា ចម្លើយ និងសុន្ទរកថាដែលលើកទឹកចិត្ត។ (កិច្ច. ១៥:៣២) ជាពិសេស ពួកអ្នកចាស់ទុំផ្ដល់ជំនួយឲ្យយើងរក្សាចំណងមេត្រីភាពជាមួយនឹងព្រះ និងលើកទឹកចិត្តឲ្យយើងមានអារម្មណ៍ស្រស់ថ្លា។—អេសា. ៣២:១, ២
៥ កិច្ចបម្រើផ្សាយ: ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនអស់កម្លាំង សូមកុំឈប់ផ្សព្វផ្សាយឡើយ! តាមពិតការចូលរួមកិច្ចបម្រើផ្សាយជាទៀងទាត់ផ្ដល់កម្លាំងឲ្យយើង ផ្ទុយពីសកម្មភាពជាច្រើនឯទៀត។ (ម៉ាថ. ១១:២៨-៣០) ការផ្សព្វផ្សាយដំណឹងល្អជួយយើងឲ្យប្រមូលអារម្មណ៍ទៅលើព្រះរាជាណាចក្ររបស់ព្រះ និងគិតអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យទៅអនាគត។
៦ មុនរបបលោកិយដ៏អាក្រក់នេះត្រូវបំផ្លាញចោល នៅមានកិច្ចការជាច្រើនដែលត្រូវបំពេញ។ យើងមានមូលហេតុឲ្យកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងកិច្ចបម្រើរបស់យើង«ដោយកំឡាំងដែលព្រះប្រទានឲ្យ»។ (១ពេ. ៤:១១) ដោយមានជំនួយពីព្រះយេហូវ៉ា យើងនឹងបំពេញកិច្ចការរបស់យើងបាន ព្រោះព្រះយេហូវ៉ា«រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ»។—អេសា. ៤០:២៩