ការឲ្យ‹ព្រះបន្ទូលនៃសេចក្ដីជំនឿចិញ្ចឹមអ្នក›
១ យើងត្រូវខំប្រឹងព្យាយាមទើបនឹងអាចគោរពប្រតិបត្ដិដល់ព្រះអស់មួយជីវិតបាន។ (១ធី. ៤:៧-១០) មិនយូរទេបើពឹងតែកម្លាំងខ្លួន យើងនឹងនឿយហត់ហើយដួល។ (អេសា. ៤០:២៩-៣១) វិធីមួយដែលយើងអាចបានកម្លាំងពីព្រះយេហូវ៉ា គឺដោយឲ្យ‹ព្រះបន្ទូលនៃសេចក្ដីជំនឿចិញ្ចឹមយើង›។—១ធី. ៤:៦
២ អាហារប្រណីតខាងវិញ្ញាណ: ព្រះយេហូវ៉ាផ្គត់ផ្គង់អាហារប្រណីតខាងវិញ្ញាណ តាមរយៈព្រះបន្ទូលរបស់ទ្រង់និង‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថ. ២៤:៤៥) តើយើងខំប្រឹងទទួលប្រយោជន៍ពីសំវិធានការទាំងនោះដែរឬទេ? តើយើងអានព្រះគម្ពីររៀងរាល់ថ្ងៃឬទេ? តើយើងឆ្លៀតពេលដើម្បីសិក្សាផ្ទាល់ខ្លួននិងរំពឹងគិតឬទេ? (ទំនុក. ១:២, ៣) អាហារល្អៗខាងវិញ្ញាណធ្វើឲ្យយើងមានកម្លាំងឡើងវិញ ហើយក៏ការពារយើងពីឥទ្ធិពលនៃលោកីយ៍របស់សាតាំងដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្តនោះ។ (១យ៉ូន. ៥:១៩) បើយើងតែងគិតពិចារណាអំពីអ្វីល្អៗ ហើយអនុវត្តតាមក្នុងជីវិតរបស់យើង ព្រះយេហូវ៉ានឹងគង់នៅជាមួយនឹងយើង។—ភី. ៤:៨, ៩
៣ ព្រះយេហូវ៉ាក៏ផ្ដល់កម្លាំងឲ្យយើងតាមរយៈកិច្ចប្រជុំក្រុមជំនុំដែរ។ (ហេ. ១០:២៤, ២៥) នៅកិច្ចប្រជុំទាំងនេះ ការណែនាំអំពីអ្វីខាងវិញ្ញាណហើយការសំណេះសំណាលដែលលើកទឹកចិត្តជួយពង្រឹងកម្លាំងយើងដើម្បីអាចកាន់ជំហរមាំមួននៅចំពោះមុខការល្បងល។ (១ពេ. ៥:៩, ១០) យុវតីគ្រីស្ទានម្នាក់បានប្រាប់ថា៖ «ខ្ញុំទៅរៀនពេញមួយថ្ងៃ ហើយនោះធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្ត។ ក៏ប៉ុន្តែការប្រជុំគឺប្រៀបដូចជាទីដែលមានដើមឈើ និងមានទឹកក្នុងវាលខ្សាច់ ជាកន្លែងដែលខ្ញុំទទួលកម្លាំងឡើងវិញដើម្បីស៊ូទ្រាំនឹងថ្ងៃបន្ទាប់នៅសាលា»។ យើងពិតជាទទួលពរមែនពេលដែលព្យាយាមទៅកិច្ចប្រជុំ!
៤ ការប្រកាសប្រាប់សេចក្ដីពិត: ចំពោះព្រះយេស៊ូ ការផ្សព្វផ្សាយប្រៀបដូចជាអាហារដែលធ្វើឲ្យទ្រង់មានកម្លាំង។ (យ៉ូន. ៤:៣២-៣៤) ដូចគ្នាដែរ ពេលដែលយើងនិយាយជាមួយនឹងអ្នកឯទៀតអំពីសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះ នោះធ្វើឲ្យយើងមានកម្លាំងឡើងវិញ។ បើយើងនៅជាប់រវល់ក្នុងកិច្ចបំរើផ្សាយ នោះនឹងជួយឲ្យយើងផ្ចង់ចិត្តផ្ដោតអារម្មណ៍ទៅលើព្រះរាជាណាចក្ររបស់ព្រះនិងពរដែលយើងនឹងទទួលឆាប់ៗខាងមុខនេះ។ នេះពិតជាធ្វើឲ្យយើងមានកម្លាំងឡើងវិញមែន។—ម៉ាថ. ១១:២៨-៣០
៥ យើងមានឯកសិទ្ធិប្រសើរណាស់! គឺយើងអាចទទួលអាហារប្រណីតដែលព្រះយេហូវ៉ាកំពុងតែផ្គត់ផ្គង់សំរាប់រាស្ត្រទ្រង់សព្វថ្ងៃនេះ។ ចូរយើងបន្តច្រៀងដោយមានចិត្តអំណរដើម្បីសរសើរដំកើងទ្រង់។—អេសា. ៦៥:១៣, ១៤