«មានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»
១ រាស្ត្ររបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះបានទទួលពរនូវអាហារខាងវិញ្ញាណយ៉ាងបរិបូរ។ (អេសាយ ២៥:៦) គឺមានពត៌មានខាងបទគម្ពីរជាច្រើន ដែលអាចទទួលតាមរយៈការសិក្សាផ្ទាល់ខ្លួននិងក្នុងគ្រួសារ ហើយនៅឯកិច្ចប្រជុំក្នុងក្រុមជំនុំ សន្និបាត និងមហាសន្និបាត។ ប៉ុន្តែ តើយើងឆ្លៀតយកប្រយោជន៍នូវអាហាខាងវិញ្ញាណទាំងនេះឬទេ ដោយមានបំណងដើម្បីឲ្យ«បានគ្រប់ល័ក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»?—ធីម៉ូថេទី២ ៣:១៧
២ សូមគិតនូវបញ្ជីមុខអាហារប្រចាំឆ្នាំ១៩៩៨ ដែលជិតចប់ទៅហើយនោះ! ក្នុងស្រុកជាច្រើន តាមរយៈកិច្ចប្រជុំក្នុងក្រុមជំនុំប្រចាំសប្ដាហ៍ នោះយើងកំពុងពិនិត្យមើលនូវចំណុចសំខាន់ៗនៃសៀវភៅ២៣ក្បាល ចេញពីបទគម្ពីរគ្រីស្ទានភាសាក្រិក ហើយពិនិត្យមើលពត៌មានដែលមាននៅក្នុង Insight on the Scriptures ដែលស្តីអំពីជីវិតនៃមនុស្ស៤៩នាក់នៅក្នុងព្រះគម្ពីរ ហើយកំពុងពិចារណាមើលបាន១៣៨ទំព័រនៅក្នុងសៀវភៅ Proclaimers យើងក៏បានពិនិត្យមើលសៀវភៅចំណេះ បានមួយភាគបីទៅហើយ និងសៀវភៅគ្រួសារ នោះជិតចប់ហើយ ព្រមទាំងនឹងពិនិត្យមើលសៀវភៅបន្ទូលនៃព្រះ។ ម្យ៉ាងទៀតនោះ យើងក៏កំពុងតែទទួលអាហារពីកិច្ចបំរើព្រះរាជាណាចក្រយើង ការសិក្សាប៉មយាម ៥២អត្ថបទ ព្រមទាំងការអធិប្បាយសាធារណៈលើប្រធានព្រះគម្ពីរផ្សេងៗសឹងតែ៥២ដងដែរ។ ហើយក្រៅពីនេះទៀត មានកម្មវិធីមហាសន្និបាតនិងសន្និបាតយ៉ាងវិសេស។ នេះជាអាហារដ៏ល្អខាងវិញ្ញាណ ដែលយើងបានទទួល!
៣ ការអបអរនឹងសំវិធានការរបស់ព្រះយេហូវ៉ា៖ ដើម្បីឲ្យបានទទួលប្រយោជន៍យ៉ាងពេញលេញ យើងត្រូវតែយល់នូវមូលហេតុដែលព្រះយេហូវ៉ាប្រទានអាហារខាងវិញ្ញាណដ៏បរិបូរនេះ។ ការបរិភោគអាហារដ៏ល្អទាំងនេះ នឹងពង្រឹងជំនឿរបស់យើង ហើយនឹងពង្រឹងទំនាក់ទំនងរបស់យើងជាមួយទ្រង់។ (ធីម៉ូថេទី១ ៤:៦) យ៉ាងណាក៏ដោយ អាហារខាងវិញ្ញាណមិនមែនមានឡើង សំរាប់គ្រាន់តែអប់រំយើងនោះទេ។ នេះគឺជំរុញទឹកចិត្តយើងឲ្យចែកសេចក្ដីពិតនេះទៅអ្នកដទៃ ហើយប្រដាប់យើងឲ្យមានប្រសិទ្ធិភាព ដើម្បីឲ្យបានទៅជាអ្នកបំរើដំណឹងល្អ។—ធីម៉ូថេទី២ ៤:៥
៤ សូមកុំឲ្យយើងឥតអើពើនូវសេចក្ដីត្រូវការរបស់យើងឡើយ ប៉ុន្តែចូរបណ្ដុះនូវការចង់បានអាហារខាងវិញ្ញាណពីតុរបស់ព្រះយេហូវ៉ាជានិច្ច។ (ម៉ាថាយ ៥:៣; ពេត្រុសទី១ ២:២) ដើម្បីឲ្យទទួលប្រយោជន៍បានពេញលេញ នោះត្រូវការចាត់ពេលឲ្យបានគ្រប់គ្រាន់សំរាប់រឿងដ៏សំខាន់ទាំងនេះ ដូចជាការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួននិងក្នុងគ្រួសារ ហើយមកប្រជុំឲ្យបានទៀងទាត់។ (អេភេសូរ ៥:១៥, ១៦) រង្វាន់ដ៏សប្បាយរីករាយចំពោះការធ្វើដូចនេះ គឺសមស្របនឹងការលើកទឹកចិត្ត ដែលប៉ុលបានសរសេរជូនពួកគ្រីស្ទានហេព្រើរ ដែលបានកត់ទុកមកនៅក្នុងហេព្រើរ ១៣:២០, ២១។