ចូរថ្វាយបង្គំព្រះយេហូវ៉ាជាក្រុមគ្រួសារ
១ នៅសម័យព្រះគម្ពីរ សមាជិកក្រុមគ្រួសារបានធ្វើកិច្ចការជាច្រើនជាមួយគ្នា។ ពួកគេបានធ្វើការងារផ្ទះជាប្រចាំ ហើយសំខាន់បំផុតគេថ្វាយបង្គំព្រះយេហូវ៉ាជាក្រុមគ្រួសារ។ (លេវី. ១០:១២-១៤; ចោទិ. ៣១:១២) សព្វថ្ងៃនេះ នៅតំបន់ជាច្រើនសមាជិកក្នុងក្រុមគ្រួសារធ្វើកិច្ចការតិចណាស់ជាមួយគ្នា។ យ៉ាងណាក៏ដោយ គ្រិស្តសាសនិកទទួលស្គាល់តម្លៃដែលមកពីការធ្វើកិច្ចការជាក្រុមគ្រួសារ ជាពិសេសស្តីអំពីការថ្វាយបង្គំ។ ពេលឃើញក្រុមគ្រួសារកំពុងតែថ្វាយបង្គំទ្រង់ដោយសាមគ្គីភាព នេះពិតជាផ្គាប់ចិត្តទ្រង់ដែលជាអ្នកផ្ដើមឲ្យមានក្រុមគ្រួសារមែន!
២ ផ្សព្វផ្សាយជាមួយគ្នា : ការផ្សព្វផ្សាយដំណឹងល្អជាមួយគ្នាពង្រឹងចំណងមិត្តភាពរបស់ក្រុមគ្រួសារ។ ហេតុដូច្នេះ ក្រៅពីផ្សព្វផ្សាយជាមួយបងប្អូនឯទៀតនៅក្នុងក្រុមជំនុំ អ្នកចាស់ទុំក៏ផ្សព្វផ្សាយជាមួយភរិយា និងកូនរបស់ខ្លួនយ៉ាងទៀងទាត់ដែរ។ (១ធី. ៣:៤, ៥) សូម្បីតែពួកអ្នកធ្វើដំណើរត្រួតពិនិត្យក៏រៀបចំពេលវេលាដើម្បីផ្សាយជាមួយភរិយាដែរ ទោះបីជាពួកគាត់មានកិច្ចការច្រើនក៏ដោយ។
៣ មាតាបិតាដែលផ្សព្វផ្សាយជាមួយកូន អាចជួយកូនឲ្យរីកចម្រើនជាអ្នកផ្សព្វផ្សាយ។ ពេលធ្វើដូចនេះ កូនមិនគ្រាន់តែឃើញអំណរនិងចិត្តស្កប់របស់មាតាបិតាប៉ុណ្ណោះទេ តែគេក៏ឃើញមាតាបិតាសម្ដែងសេចក្ដីស្រឡាញ់របស់ខ្លួន ចំពោះព្រះយេហូវ៉ា និងមនុស្សឯទៀតដែរ។ (ចោទិ. ៦:៥-៧) ពេលកូនដែលនៅផ្ទះជាមួយមាតាបិតាបានធំឡើងក៏ដោយ ការផ្សព្វផ្សាយជាមួយកូនមិនត្រូវបន្ថយឡើយ។ គូស្វាមីភរិយាដែលមានកូនប្រុសបីនាក់ដែលមានអាយុរវាង១៥ឆ្នាំនិង២១ឆ្នាំ ពួកគេនៅតែបន្តផ្សាយជាមួយកូនទាំងអស់យ៉ាងទៀងទាត់។ ឪពុកនោះបានពោលថា៖ «យើងបង្រៀនកូនអ្វីមួយរាល់ពេលយើងផ្សាយជាមួយកូន។ ហើយយើងធ្វើឲ្យពេលផ្សព្វផ្សាយនោះ ជាបទពិសោធន៍ដ៏សប្បាយនិងលើកទឹកចិត្តកូន»។
៤ រៀបចំជាមួយគ្នា : ក្រុមគ្រួសារបានទទួលប្រយោជន៍ពេលរៀបចំសម្រាប់កិច្ចបម្រើផ្សាយជាមួយគ្នា។ កូនតែងតែចូលចិត្តការហាត់និយាយជាមួយសមាជិកនៃក្រុមគ្រួសារ ដោយមួយធ្វើជាអ្នកផ្សាយ ហើយមួយទៀតធ្វើជាម្ចាស់ផ្ទះ។ ខ្លះប្រើពេលបន្ដិចបន្តួចមុនចប់ការសិក្សាជាក្រុមគ្រួសារ ដើម្បីហាត់និយាយពាក្យផ្សាយជាមួយគ្នា។
៥ យើងមានអំណរកាន់តែច្រើនឡើង ពេលយើងចូលរួមជាមួយអស់អ្នកដែលយើងស្រឡាញ់ ក្នុងកិច្ចការដែលសំខាន់ និងនាំឲ្យស្កប់ចិត្ត។ ពេលសមាជិកក្រុមគ្រួសារដើរផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ត្រឡប់ទៅជួប និងទៅដឹកនាំការបង្រៀនជាមួយគ្នា នេះច្បាស់ជានាំឲ្យមានចិត្តរីករាយមែន! យ៉ាងនេះ នៅពេលដែលអ្នកថ្វាយបង្គំព្រះយេហូវ៉ាជាមួយក្រុមគ្រួសារ អ្នកអាចប្រកាសដោយចិត្តសប្បាយរីករាយថា៖ ‹ខ្ញុំនឹងពួកគ្រួខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ›។—យ៉ូស. ២៤:១៥