ចូរកុំស្ទាក់ស្ទើរ!
១ យើង«ធ្វើគុណ»ដល់អស់អ្នកដែលនៅតំបន់ផ្សាយរបស់យើង ដោយចូលរួមផ្សព្វផ្សាយយ៉ាងសកម្មអំពីដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ។ (សុ. ៣:២៧) សារដ៏ល្អបំផុតដែលយើងអាចប្រាប់មនុស្សជាតិ គឺជាសារអំពីគ្រាល្អប្រសើរមួយ ដែលមាននៅថ្ងៃមុខក្រោមការគ្រប់គ្រងរបស់ព្រះ។ ទោះបីអ្នកប្រហែលចូលរួមផ្សាយយ៉ាងច្រើនអំពីសេចក្ដីសង្ឃឹមនៃរាជាណាចក្ររបស់ព្រះក្រៅផ្លូវការ ឬដោយជូនឧបករណ៍ផ្សាយក្ដី បើអ្នកមិនទាន់មានសិស្សគម្ពីរ យកល្អឲ្យអ្នកមានគោលដៅបង្រៀនសិស្សគម្ពីរ។
២ ជួនកាលឧបសគ្គដ៏ធំមួយក្នុងការបង្រៀនសិស្សគម្ពីរ គឺមកពីអារម្មណ៍របស់យើងតែម្ដង។ អ្នកខ្លះស្ទាក់ស្ទើរពីការបង្រៀនសិស្សគម្ពីរ ដោយសារមិនទុកចិត្តខ្លួន ឬដោយសារជាប់រវល់ច្រើនពេក។ យោបល់តទៅនេះប្រហែលអាចជួយអ្នកកុំឲ្យស្ទាក់ស្ទើរក្នុងការបង្រៀនសិស្សគម្ពីរ។—ម៉ាថ. ២៨:១៩; កិច្ច. ២០:២០
៣ មិនទុកចិត្តខ្លួន : ប្រហែលអ្នកមិនបានរៀនដល់ថ្នាក់ខ្ពស់ ឬមានមូលហេតុឯទៀតដែលអ្នកមិនទុកចិត្តសមត្ថភាពខ្លួនដើម្បីបង្រៀនសិស្សគម្ពីរ។ នៅសតវត្សរ៍ទីមួយ អ្នកបម្រើគ្រិស្តសាសនិកដែលមានប្រសិទ្ធភាពក្នុងការបង្រៀន គឺជាមនុស្សដែល«មិនសូវចេះជ្រៅជ្រះហើយឥតបានរៀនសូត្រប៉ុន្មាន»។ តើអ្វីបានជួយពួកគេឲ្យចេះបង្រៀនសេចក្ដីពិតដល់អ្នកឯទៀត? គឺដោយ ពួក«គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ»។ (កិច្ច. ៤:១៣) ពួកគេបានរៀនពីព្រះយេស៊ូជាគ្រូដ៏ឧត្តម ហើយសេចក្ដីបង្រៀននិងយុទ្ធវិធីរបស់ទ្រង់ត្រូវបានកត់ទុកសម្រាប់យើងនៅក្នុងបទគម្ពីរ។ សូម្បីតែអ្នកមិនបានរៀនជ្រៅជ្រះប៉ុន្មានក្ដី អ្នកកំពុងតែទទួលការអប់រំអំពីព្រះ និងគោលបំណងរបស់ទ្រង់ ហើយនេះជាការអប់រំដែលប្រៀបផ្ទឹមមិនបានឡើយ។—អេសា. ៥០:៤; ២កូ. ៣:៥
៤ ព្រះយេហូវ៉ាធ្លាប់ប្រើអ្នកប្រកាសទំនាយដើម្បីប្រដៅតម្រង់ពួកមេដឹកនាំ ឬអ្នកដែលមានឋានៈខ្ពស់ ពេលពួកគេធ្វើខុស។ អ្នកប្រកាសទំនាយខ្លះ ដូចជាលោកអេម៉ុសមានឋានៈទាប ហើយមិនមានចិត្តក្រអឺតឡើយ។ លោកអេម៉ុសបានសារភាពថា៖ «ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរវិញ»។ (អេម. ៧:១៤) យ៉ាងណាក្ដី លោកអេម៉ុសមិនបានស្ទាក់ស្ទើរពីការនាំសារកាត់ទោសរបស់ព្រះយេហូវ៉ាទៅដល់សង្ឃអ័ម៉ាស៊ីយ៉ាដែលថ្វាយបង្គំរូបកូនគោ។ (អេម. ៧:១៦, ១៧) យើងត្រូវចាំជានិច្ចថា យើងកំពុងតែធ្វើកិច្ចការរបស់ព្រះ ហើយទ្រង់នឹងធ្វើឲ្យយើងមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនេះ។—២ធី. ៣:១៧
៥ ជាប់រវល់ច្រើន : សូម្បីតែអ្នកជាប់រវល់ច្រើនក្ដី អ្នកប្រហែលបានរៀបចំពេលវេលាទុកជាស្រេចរួចហើយ ដើម្បីអាចចូលរួមក្នុងកិច្ចបម្រើផ្សាយយ៉ាងទៀងទាត់។ ការបង្រៀនសិស្សគម្ពីរជាផ្នែកមួយក្នុងកិច្ចបម្រើផ្សាយដែលនាំឲ្យយើងសប្បាយរីករាយ។ ពិតជាឯកសិទ្ធិមែនពេលឃើញបណ្ដាំរបស់ព្រះយេហូវ៉ាមានអានុភាពលើជីវិតបុគ្គលម្នាក់។ (ហេ. ៤:១២) ទ្រង់ពេញចិត្តពេលយើងលះបង់ប្រយោជន៍ខ្លួនដើម្បីជួយអ្នកឯទៀតឲ្យ«បានស្គាល់សេចក្ដីពិត»។ (១ធី. ២:៤) សូម្បីតែបណ្ដាទេវតាក៏មានអំណរដែរ ពេលបុគ្គលម្នាក់ប្រែចិត្តពីគន្លងជីវិតចាស់ ហើយលូតលាស់ជាអ្នកបម្រើព្រះដែលមានភាពចាស់ទុំ។—លូ. ១៥:១០
៦ ឆន្ទៈរបស់ព្រះគឺ«ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (១ធី. ២:៤) ដោយប្រព្រឹត្តសមស្របតាមឆន្ទៈរបស់ព្រះ យើងមានតួនាទីដែលជាឯកសិទ្ធិមួយ ពោលគឺយើងមិនស្ទាក់ស្ទើរពីការបង្រៀនសិស្សគម្ពីរឡើយ!
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើតាមរបៀបណាយើងអាច«ធ្វើគុណ»?
២. តើអ្វីអាចធ្វើឲ្យយើងស្ទាក់ស្ទើរពីការចាប់ផ្ដើមបង្រៀនសិស្សគម្ពីរ?
៣. ហេតុអ្វីយើងមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្រៀនគម្ពីរដល់អ្នកឯទៀត?
៤. តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់លោកអេម៉ុស?
៥. សូម្បីតែយើងជាប់រវល់ច្រើនក្ដី ហេតុអ្វីយើងគួរព្យាយាមចាប់ផ្ដើមឲ្យមានសិស្សគម្ពីរ?
៦. ដើម្បីបំពេញតាមឆន្ទៈរបស់ព្រះ តើយើងមានឯកសិទ្ធិធ្វើអ្វី?