ចូរយកឈ្នះនឹងការពិបាក ក្នុងការផ្សព្វផ្សាយដល់ពួកបុរស
១. តើមានសេចក្ដីត្រូវការអ្វីជាបន្ទាន់ដើម្បីមើលថែរក្សាប្រយោជន៍ខាងរាជាណាចក្រ?
១ កាលដែលកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះបន្តចម្រើនឡើងនៅគ្រាចុងក្រោយបង្អស់នេះ នោះគឺត្រូវការជាបន្ទាន់នូវបុរសដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីដឹកនាំក្នុងក្រុមជំនុំ។ (ម៉ាក. ៤:៣០-៣២; សកម្ម. ២០:២៨; ១ធី. ៣:១-១៣) ប៉ុន្តែ នៅកន្លែងខ្លះមានបុរសតិចជាងស្ត្រី ដែលចូលរួមជាមួយនឹងយើងក្នុងការគោរពប្រណិប័តន៍ពិត។ តាមវប្បធម៌នៅប្រទេសខ្លះ ពួកបុរសគិតថាគឺប្រពន្ធទេដែលជាអ្នកទទួលខុសត្រូវចំពោះការបង្ហាត់បង្រៀនខាងសាសនាដល់កូនៗ។ តើយើងអាចលើកទឹកចិត្តបុរសច្រើនទៀតឲ្យស្រេកឃ្លានចំពោះការណែនាំពីព្រះ ហើយមកគោរពប្រណិប័តន៍ព្រះជាមួយនឹងយើងយ៉ាងដូចម្ដេច?
២. ដោយប៉ូលនិងពេត្រុសបានព្យាយាមផ្សព្វផ្សាយដល់ពួកបុរស តើបានទទួលលទ្ធផលយ៉ាងណា?
២ ចូររកឱកាសផ្សាយដល់ពួកបុរស : នៅពេលដែលមេគ្រួសាររៀនសេចក្ដីពិត ជារឿយៗគាត់មានឥទ្ធិពលលើសមាជិកផ្សេងៗក្នុងគ្រួសារដើម្បីឲ្យចូលរួមការគោរពប្រណិប័តន៍បរិសុទ្ធជាមួយនឹងគាត់ដែរ។ ជាឧទាហរណ៍ ពេលប៉ូលនិងស៊ីឡាសជាប់គុកដោយសារពួកគាត់ផ្សព្វផ្សាយដំណឹងល្អ នោះពួកគាត់បានផ្សាយដល់អ្នកយាមគុក។ បុរសនោះនិងសមាជិកទាំងអស់ក្នុងគ្រួសារបានទទួលការជ្រមុជទឹក។ (សកម្ម. ១៦:២៥-៣៤) ដោយសារប៉ូលបានផ្សព្វផ្សាយនៅទីក្រុងកូរិនថូស «គ្រីស្ពូស ដែលជាអ្នកទទួលខុសត្រូវសាលាប្រជុំបានទៅជាអ្នកជឿលើលោកម្ចាស់ ហើយពួកអ្នកផ្ទះទាំងអស់របស់គាត់ក៏ដូច្នោះដែរ»។ (សកម្ម. ១៨:៨) ព្រះយេហូវ៉ាបានប្រើពេត្រុសឲ្យផ្សព្វផ្សាយដល់កូនេលាស ជានាយទាហានម្នាក់ ដែល«ជាអ្នកគោរពកោតខ្លាចព្រះ»។ កូនេលាស រួមទាំងពួកអ្នកផ្ទះនិងពួកមិត្តជិតស្និទ្ធបានទទួលការជ្រមុជទឹក។—សកម្ម. ១០:១-៤៨
៣. ដោយយកតម្រាប់តាមភីលីព តើអ្នកអាចផ្សព្វផ្សាយដល់អ្នកណាខ្លះក្នុងបណ្ដាអ្នក«ដែលមានឋានៈខ្ពង់ខ្ពស់»?
៣ ការផ្សព្វផ្សាយដល់ពួកបុរស«ដែលមានឋានៈខ្ពង់ខ្ពស់» អាចឮដល់កន្លែងផ្សេងៗ។ (១ធី. ២:១, ២) ជាឧទាហរណ៍ ទេវតារបស់ព្រះយេហូវ៉ាបានប្រាប់ភីលីពឲ្យនិយាយជាមួយនឹង«មន្ត្រីជាន់ខ្ពស់» ដែលជាអ្នកមើលការខុសត្រូវលើឃ្លាំងទ្រព្យទាំងអស់របស់មហាក្សត្រីនៃជនជាតិអេចូពី។ ភីលីពបានឮបុរសនេះ«អានឮៗពីសៀវភៅអេសាយ ជាអ្នកប្រកាសទំនាយ» ហើយបានពន្យល់គាត់អំពីដំណឹងល្អស្តីអំពីលោកយេស៊ូ។ បុរសជនជាតិអេចូពីនេះបានក្លាយទៅជាអ្នកកាន់តាម ហើយប្រហែលជាបានផ្សព្វផ្សាយដំណឹងល្អតាមផ្លូវរហូតដល់ស្រុកកំណើតរបស់គាត់។ គាត់ក៏ប្រហែលជាបានផ្សព្វផ្សាយដល់មហាក្សត្រី និងពួកអ្នកក្នុងវាំង គឺជាពួកមនុស្សដែលពុំសូវមានឱកាសឮអំពីដំណឹងល្អ។—សកម្ម. ៨:២៦-៣៩
៤. តើយើងអាចផ្ដល់ឱកាសថែមទៀតឲ្យពួកបុរសឮដំណឹងល្អយ៉ាងដូចម្ដេច?
៤ របៀបជួបបុរសច្រើនទៀត : ដោយសារពួកបុរសច្រើនតែធ្វើការនៅពេលថ្ងៃ តើអ្នកអាចរៀបចំកាលវិភាគដើម្បីចំណាយពេលច្រើនក្នុងកិច្ចបម្រើផ្សាយនៅពេលល្ងាច នៅថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ ឬពេលមានថ្ងៃបុណ្យឬទេ? បើផ្សព្វផ្សាយតាមតំបន់ដែលមានហាងលក់ដូរច្រើនជាទៀងទាត់ នោះនឹងហុចឱកាសថែមទៀតដើម្បីផ្សព្វផ្សាយដល់ពួកបុរសដែលកម្រនៅផ្ទះ។ បងប្រុសៗក៏អាចខំព្យាយាមផ្សាយក្រៅផ្លូវការដល់មនុស្សប្រុសៗជាអ្នករួមការងារ។ ពេលដែលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ជាពិសេសក្នុងតំបន់ដែលផ្សព្វផ្សាយញឹកញាប់ យូរៗម្ដង បងប្រុសៗអាចសុំនិយាយជាមួយនឹងមេគ្រួសារដែលជាបុរស។
៥. ប្រសិនបើបងស្រីម្នាក់ជួបបុរសម្នាក់ដែលបង្ហាញចំណាប់អារម្មណ៍ចំពោះសេចក្ដីពិត តើគាត់គួរធ្វើយ៉ាងណា?
៥ បើបងស្រីម្នាក់ជួបបុរសម្នាក់ដែលបង្ហាញចំណាប់អារម្មណ៍ចំពោះសេចក្ដីពិត នោះគាត់មិនគួរត្រឡប់ទៅជួបវិញម្នាក់ឯងឡើយ។ គាត់អាចនាំប្ដីគាត់ឬអ្នកផ្សាយម្នាក់ទៀតទៅជាមួយ។ កាលដែលអ្នកចាប់អារម្មណ៍នេះមានជំនឿន ជាការល្អបំផុតឲ្យបងប្រុសដែលមានលក្ខណៈគ្រប់គ្រាន់ទៅជួបវិញ។
៦. តើយើងអាចយកតម្រាប់តាមសាវ័កប៉ូលដើម្បី«បានមនុស្សច្រើនបំផុត»យ៉ាងដូចម្ដេច?
៦ ជ្រើសរើសប្រធានដែលមនុស្សប្រុសចាប់អារម្មណ៍ : សាវ័កប៉ូលបានគិតអំពីអ្នកស្ដាប់ និងបានប្រែប្រួលរបៀបនិយាយដើម្បីគាត់អាច«បានមនុស្សច្រើនបំផុត»។ (១កូ. ៩:១៩-២៣) ដូចគ្នាដែរ យើងគួរពិនិត្យមើលប្រធានអ្វីដែលមនុស្សប្រុសចាប់អារម្មណ៍ ហើយរៀបចំតាមនោះ។ ជាឧទាហរណ៍ មនុស្សប្រុសតែងខ្វល់អំពីបញ្ហាខាងសេដ្ឋកិច្ច រដ្ឋាភិបាលល្អ និងអំពីសុវត្ថិភាពនៃក្រុមគ្រួសាររបស់គេ។ ពួកគេក៏អាចចាប់អារម្មណ៍នឹងគោលបំណងនៃជីវិត ផែនដីនេះនឹងទៅជាយ៉ាងណា និងហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា។ ប្រសិនបើយើងបង្ហាញការយល់ធ្លុះបែបនេះពេលផ្សព្វផ្សាយ នោះមនុស្សប្រុសនឹងទំនងជាស្ដាប់ជាងនូវសារអំពីរាជាណាចក្រ។—សុភ. ១៦:២៣
៧. តើសមាជិកទាំងអស់ក្នុងក្រុមជំនុំអាចមានឥទ្ធិពលល្អលើប្ដីៗដែលមិនមែនជាអ្នកជឿដែលមកប្រជុំយ៉ាងដូចម្ដេច?
៧ ចូរចាត់វិធានការដើម្បីជួយប្ដីដែលមិនមែនជាអ្នកជឿ : ពិតមែន ការប្រព្រឹត្តរបស់ប្រពន្ធ ដែលជាគ្រិស្តសាសនិកមានឥទ្ធិពលខ្លាំងបំផុតលើប្ដីគាត់ដែលមិនមែនជាអ្នកជឿទេ។ ប៉ុន្តែសមាជិកក្រុមជំនុំក៏អាចមានឥទ្ធិពលល្អលើប្ដីរបស់បងស្រីនោះដែរ។ (១ពេ. ៣:១-៤) នៅពេលប្ដីដែលមិនមែនជាអ្នកជឿមកប្រជុំជាមួយនឹងប្រពន្ធគាត់ នោះការទទួលស្វាគមន៍គាត់យ៉ាងកក់ក្ដៅពីបងប្អូនក្នុងក្រុមជំនុំ គឺពិតជាមានឥទ្ធិពលល្អមែន។ ហេតុដែលគាត់មកប្រជុំច្បាស់ជាបញ្ជាក់ថា គាត់មានចំណាប់អារម្មណ៍ខ្លះចំពោះសេចក្ដីពិត ហើយប្រហែលជាគាត់យល់ព្រមរៀនគម្ពីរផងដែរ។
៨. តើបងប្រុសៗអាចចាត់វិធានការដើម្បីជួយប្ដីៗដែលមិនសូវចាប់អារម្មណ៍នឹងសេចក្ដីពិតយ៉ាងដូចម្ដេច?
៨ ផ្ទុយទៅវិញ មុនដំបូង ប្ដីខ្លះមិនសូវចាប់អារម្មណ៍នឹងគម្ពីរទេ ប៉ុន្តែយូរៗទៅ ប្រហែលជាគាត់នឹងពេញចិត្តពិគ្រោះគម្ពីរជាមួយនឹងបងប្រុសម្នាក់ដែលគាត់ស្រួលនិយាយជាមួយ។ យូរៗម្ដងពេលទៅលេងក្រុមគ្រួសារដែលមិនមានជំនឿសាសនាដូចគ្នា បងប្រុសៗនៅក្រុមជំនុំមួយខំព្យាយាមនិយាយជាមួយនឹងប្ដីដែលមិនមែនជាអ្នកជឿអំពីប្រធានផ្សេងៗ ដែលពួកគាត់ដឹងថាបុរសនោះចាប់អារម្មណ៍។ យូរៗទៅនេះក៏នាំឲ្យមានការពិគ្រោះអំពីព្រះ ហើយឥឡូវប្ដីម្នាក់នេះជាអ្នកដែលបានទទួលការជ្រមុជទឹកហើយ។ ក្នុងករណីមួយទៀត បងប្រុសម្នាក់បានជួយប្ដីម្នាក់ដែលមានចិត្តរាក់ទាក់ តែមិនមែនជាអ្នកជឿ សង់របងព័ទ្ធជុំវិញផ្ទះគាត់។ ដោយបង្ហាញការយកចិត្តទុកដាក់បែបនេះ ប្ដីនោះក៏ចាប់ផ្ដើមរៀនគម្ពីរ។ (កាឡ. ៦:១០; ភី. ២:៤) ប្រសិនបើអ្នកជាបងឬប្អូនប្រុសគ្រិស្តសាសនិក សូមចាត់វិធានការដើម្បីជួយប្ដីម្នាក់ឬច្រើននាក់ទៀតដែលមិនមែនជាអ្នកជឿ។
៩. តើការបង្ហាត់ពួកបុរសគ្រិស្តសាសនិកអាចមានលទ្ធផលយ៉ាងណា?
៩ បង្ហាត់បងប្រុសដើម្បីទទួលភារកិច្ចនៅអនាគត : ពួកបុរសដែលចូលសេចក្ដីពិត ហើយចង់បានភារកិច្ចផ្សេងៗក្នុងកិច្ចបម្រើព្រះយេហូវ៉ា អាចទៅជា«អំណោយជាមនុស្ស» ពោលគឺពួកអ្នកចាស់ទុំគ្រិស្តសាសនិកដែលប្រើសមត្ថភាពនិងកម្លាំងរបស់គេដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំរបស់ព្រះយេហូវ៉ា។ (អេភ. ៤:៨; ទំនុក. ៦៨:១៨) ពួកបុរសបែបនេះពិតជាមើលថែរក្សាក្រុមជំនុំដោយស្ម័គ្រចិត្តនិងដោយចិត្តខ្នះខ្នែងដែរ។ (១ពេ. ៥:២, ៣) ពួកគាត់ច្បាស់ជាពរដល់បងប្អូនគ្រិស្តសាសនិកទាំងឡាយ!
១០. តើការខំព្យាយាមរបស់អាណានាសដើម្បីជួយប៉ូល មានប្រយោជន៍ដល់មនុស្សជាច្រើនយ៉ាងដូចម្ដេច?
១០ ជាឧទាហរណ៍ សូលបានក្លាយទៅជា«សាវ័កសម្រាប់ជនជាតិដទៃ» ថ្វីបើពីដើមគាត់ធ្លាប់ជាអ្នកបៀតបៀនបងប្អូនគ្រិស្តសាសនិកក៏ដោយ។ (រ៉ូម ១១:១៣) មុនដំបូងអាណានាសមានចិត្តស្ទាក់ស្ទើរផ្សព្វផ្សាយដល់សូលដោយសាររឿងនេះ។ ប៉ុន្តែ អាណានាសបានធ្វើតាមការដឹកនាំរបស់លោកម្ចាស់ ហើយបាននិយាយជាមួយបុរសនេះ ដែលក្លាយទៅជាសាវ័កប៉ូល។ អស់ជាច្រើនឆ្នាំក្រោយមក មនុស្សរាប់ពាន់នាក់បានទទួលប្រយោជន៍ពីកិច្ចបម្រើផ្សាយរបស់ប៉ូល ហើយមនុស្សរាប់លាននាក់ទៀតក៏នៅតែទទួលប្រយោជន៍ពីសំបុត្រទាំងប៉ុន្មានរបស់គាត់ ដែលព្រះបានដឹកនាំឲ្យកត់ទុកក្នុងបណ្ដាំរបស់លោក។—សកម្ម. ៩:៣-១៩; ២ធី. ៣:១៦, ១៧
១១. ហេតុអ្វីក៏យើងគួរកែសម្រួលអ្វីដែលចាំបាច់ដើម្បីផ្សព្វផ្សាយដល់ពួកបុរស?
១១ ហេតុនេះ សូមឲ្យយើងកែសម្រួលអ្វីដែលចាំបាច់ដើម្បីយកឈ្នះនឹងការពិបាកក្នុងការផ្សព្វផ្សាយដល់ពួកបុរស។ ដោយបំពេញតាមគោលដៅនេះ យើងទុកចិត្តថាព្រះយេហូវ៉ានឹងឲ្យពរទៅលើការខំព្យាយាមរបស់យើងក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ និងការមើលថែរក្សាប្រយោជន៍របស់រាជាណាចក្រព្រះ។