ចូរប្រកាសជាបន្ទាន់!
១. តើយើងត្រូវយកចិត្តទុកដាក់នឹងការដាស់តឿនអ្វីរបស់ប៉ូល?
១ «ប្រកាសបណ្ដាំរបស់ព្រះ ចូរប្រកាសជាបន្ទាន់»។ (២ធី. ៤:២) ហេតុអ្វីការដាស់តឿននេះរបស់ប៉ូល គឺសំខាន់ម្ល៉េះនៅសម័យយើង? តើពាក្យទាំងនេះអាចមានឥទ្ធិពលលើជីវិតយើងនិងជីវិតរបស់អ្នកឯទៀតយ៉ាងណា?
២. ហេតុអ្វីយើងខំព្យាយាមស្វែងរកមនុស្សដែលមិនទាន់បានឮដំណឹងល្អ?
២ ទាក់ទងនឹងជីវិត: មានមនុស្សរាប់លាននាក់នៅទូទាំងផែនដីមិនទាន់បានឮដំណឹងល្អ ដែលអាចសង្គ្រោះពួកគេ។ (រ៉ូម ១០:១៣-១៥; ១ធី. ៤:១៦) សូម្បីនៅតំបន់ដែលត្រូវបានផ្សាយច្រើនដងក៏ដោយ ក៏យើងនៅតែជួបមនុស្សដែលមិនធ្លាប់ឮអ្វីដែលយើងផ្សព្វផ្សាយ។ ប្រសិនបើយើងទៅផ្សព្វផ្សាយនៅថ្ងៃឬម៉ោងផ្សេង យើងប្រហែលជាអាចជួបមនុស្សផ្សេងទៀត។ បើយើងព្យាយាមស្វែងរកមនុស្សដូច្នេះ ចិត្តយើងនឹងវិនិច្ឆ័យថាយើងគ្មានទោសចំពោះព្រះ ហើយយើងក៏នឹងគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ដែរ។—សកម្ម. ២០:២៦
៣. តើយើងអាចប្រើពេលវេលាដោយប្រាជ្ញាក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
៣ ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១‹បានផ្សាយសេចក្ដីបង្រៀនរបស់គេពេញក្រុងយេរូសាឡិម› ទោះជាត្រូវប្រឈមមុខនឹងការប្រឆាំងដ៏ឃោរឃៅក៏ដោយ។ (សកម្ម. ៥:២៨) តើយើងតាំងចិត្ត«ធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់»ដូចពួកគេដែរឬទេ? (សកម្ម. ១០:៤២) ពេលធ្វើកិច្ចបម្រើផ្សាយ តើយើងប្រើពេលវេលាដោយប្រាជ្ញាទេ? ប្រសិនបើយើងរង់ចាំអ្នកឯទៀតក្នុងអំឡុងការត្រឡប់ទៅជួប តើយើងឆ្លៀតឱកាសនិយាយជាមួយនឹងអ្នកដែលដើរកាត់ទីនោះឬទេ?
៤. តើការផ្សព្វផ្សាយជាបន្ទាន់ ជួយយើងឲ្យចាំយាមជានិច្ចយ៉ាងដូចម្ដេច?
៤ ជួយយើងឲ្យចាំយាមល្អជាង: ដោយសារទីបញ្ចប់នៃរបៀបរបបពិភពលោកនេះជិតដល់ហើយ យើងត្រូវដឹងខ្លួន ហើយចាំយាមជានិច្ច។ (១ថែ. ៥:១-៦) នៅពេលដែលយើងចំណាយពេលជាទៀងទាត់ក្នុងការនិយាយអំពីសេចក្ដីសង្ឃឹមនៃរាជាណាចក្ររបស់ព្រះ នោះជួយយើងឲ្យជៀសវាងពីការខ្វល់ខ្វាយអំពីជីវិតដែលអាចពង្វក់ចិត្តយើង។ (លូក. ២១:៣៤-៣៦) ជាលទ្ធផល ដោយសារយើងទន្ទឹង«ចាំជាប់ជានិច្ច»នូវការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា នោះជំរុញចិត្តយើងឲ្យបង្កើនសកម្មភាពក្នុងកិច្ចការផ្សព្វផ្សាយ ដែលសង្គ្រោះជីវិត។—២ពេ. ៣:១១, ១២
៥. តើការចាត់ទុកថាជីវិតមានតម្លៃ ជំរុញចិត្តយើងក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
៥ នៅពេលដែលយើងផ្សព្វផ្សាយជាបន្ទាន់ យើងបង្ហាញថាយើងមានគំនិតដូចព្រះយេហូវ៉ាអំពីជីវិត ពោលគឺ «លោកមិនចង់ឲ្យអ្នកណាត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។ (២ពេ. ៣:៩; អេស. ៣៣:១១) សូមឲ្យយើងប្ដេជ្ញាចិត្តទៅជួបមនុស្សឲ្យបានច្រើនបំផុតក្នុងតំបន់ផ្សាយរបស់យើង ដើម្បីលើកសរសើរព្រះយេហូវ៉ា!—ទំនុក. ១០៩:៣០