តើអ្នកធ្លាប់បង្ហាញវិធីសិក្សាគម្ពីរពេលជួបម្ចាស់ផ្ទះជាលើកដំបូងទេ?
ពេលដែលយើងសួរម្ចាស់ផ្ទះថា ចង់រៀនគម្ពីរទេ? ម្ចាស់ផ្ទះខ្លះឆ្លើយប្រាប់ថា ពួកគេមិនចាប់អារម្មណ៍ ឬថាពួកគេរៀនគម្ពីរនៅឯវិហាររបស់ពួកគេហើយ។ ពួកគេមិនដឹងថាការសិក្សាគម្ពីរគឺសប្បាយយ៉ាងណាទេ ក៏មិនដឹងថាពួកគេអាចទទួលចំណេះច្រើនប៉ុណ្ណាដែរ ពីព្រោះពួកគេមិនដឹងថាការសិក្សាជាមួយនឹងយើងគឺខុសគ្នាពីការសិក្សាជាមួយនឹងសាសនាឯទៀតដូចម្ដេចដែរ។ ដូច្នេះ ជាជាងត្រឹមតែស្នើសុំបង្រៀនគម្ពីរ សូមចំណាយពេលពីរបីនាទីដើម្បីបង្ហាញវិធីសិក្សាគម្ពីរ ពេលដែលជួបម្ចាស់ផ្ទះជាលើកដំបូង។ ឧបមាថាយើងចង់ឲ្យមនុស្សដឹងថាយើងពូកែធ្វើម្ហូប។ ជាជាងគ្រាន់តែប្រាប់ថាយើងពូកែធ្វើម្ហូប រួចស្នើសុំត្រឡប់មកវិញដើម្បីធ្វើម្ហូបជូនពួកគេ យើងអាចឲ្យពួកគេភ្លក់ភ្លាមៗនូវម្ហូបដែលយើងបានធ្វើ! បន្តបន្ទាប់នេះមានយោបល់ពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែមករា ឆ្នាំ២០០៦ នៅទំព័រ៦ បញ្ជាក់អំពីវិធីដែលយើងអាចបង្ហាញរបៀបសិក្សាគម្ពីរ ដោយចំណាយពេលតែពីរបីនាទីប៉ុណ្ណោះ:
«តើអ្នកគិតថានៅថ្ងៃមួយពាក្យនេះអាចក្លាយជាការពិតទេ? [សូមអាន អេសាយ ៣៣:២៤ រួចទុកឲ្យគេឆ្លើយ] ខ្ញុំសូមបង្ហាញចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងរឿងនេះ»។ ហុចសៀវភៅព្រះគម្ពីរបង្រៀនឲ្យម្ចាស់ផ្ទះមើល រួចបង្ហាញវគ្គ២២ នៅទំព័រ៣៨។ អានសំណួរនៅខាងក្រោមទំព័រនោះ ហើយសូមម្ចាស់ផ្ទះរកចម្លើយពេលដែលអ្នកអានវគ្គនោះជូនគាត់ស្ដាប់។ រួចសួរសំណួរនោះម្ដងទៀត ហើយស្ដាប់ម្ចាស់ផ្ទះឆ្លើយ។ អានបទគម្ពីរមួយទៀតជាមួយគ្នា។ លើកសំណួរដែលអ្នកនឹងឆ្លើយនៅលើកក្រោយ ហើយណាត់ពេលឲ្យច្បាស់លាស់ដើម្បីត្រឡប់មកវិញ។ បើធ្វើដូច្នេះ អ្នកបានចាប់ផ្ដើមការសិក្សាហើយ!