តើភ្នែករបស់អ្នកមើលរបស់តែមួយឬទេ?
១. បើភ្នែករបស់យើង«មើលរបស់តែមួយ» តើនោះមានន័យអ្វី?
១ អ្វីដែលភ្នែកយើងសម្លឹងមើល មានឥទ្ធិពលលើការប្រព្រឹត្តរបស់យើង។ ហេតុនេះហើយ ប្រសាសន៍របស់លោកយេស៊ូគឺត្រឹមត្រូវណាស់ ដែលថា៖ «ប្រសិនបើភ្នែករបស់អ្នកមើលរបស់តែមួយ នោះរូបកាយទាំងមូលរបស់អ្នកនឹងបានភ្លឺ»។ (ម៉ាថ. ៦:២២) ពេលភ្នែករបស់យើង«មើលរបស់តែមួយ» ដូចលោកយេស៊ូបានបញ្ជាក់នោះ នេះមានន័យថាយើងផ្ដោតអារម្មណ៍ទៅលើគោលដៅតែមួយ ពោលគឺ ការធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ យើងចាត់ទុកថារាជាណាចក្ររបស់ព្រះជាអ្វីសំខាន់បំផុតក្នុងជីវិត ហើយយើងមិនឲ្យទ្រព្យសម្បត្ដិឬកិច្ចការដ៏មិនចាំបាច់ មកបំបែរអារម្មណ៍យើងចេញពីកិច្ចបម្រើព្រះឡើយ។
២. តើអ្វីខ្លះអាចមានឥទ្ធិពលទៅលើទស្សនៈរបស់យើង? ប៉ុន្តែតើអ្វីអាចជួយយើងបាន?
២ ត្រូវពិចារណាអំពីខ្លួន: ពេលដែលយើងមើលការផ្សាយពាណិជ្ជកម្ម ឬឃើញទ្រព្យសម្បត្ដិដែលអ្នកឯទៀតមាន នោះអាចមានឥទ្ធិពលទៅលើទស្សនៈរបស់យើង ស្តីអំពីអ្វីដែលយើងត្រូវការ។ មុនសម្រេចចិត្តទិញឬធ្វើអ្វីមួយដែលនឹងតម្រូវឲ្យយើងចំណាយពេល លុយ ឬកម្លាំងច្រើន គឺជាការល្អបើយើង«គិតគូរជាមុនសិន» ដោយសួរខ្លួនថា‹តើនេះនឹងផ្ដល់លទ្ធភាពឲ្យខ្ញុំបំពេញកិច្ចបម្រើជូនព្រះយេហូវ៉ាល្អប្រសើរថែមទៀត ឬមួយក៏រំខានដល់កិច្ចបម្រើវិញ?›។ (លូក. ១៤:២៨; ភី. ១:៩-១១) គប្បីឲ្យយើងពិចារណាម្ដងម្កាលអំពីអ្វីផ្សេងទៀតដែលយើងអាចធ្វើដើម្បីឲ្យមានរបៀបរស់នៅដែលសាមញ្ញជាង ក្នុងបំណងចំណាយពេលច្រើនជាងមុនក្នុងកិច្ចបម្រើ។—២កូ. ១៣:៥; អេភ. ៥:១០
៣. តើយើងអាចទាញយកមេរៀនអ្វីពីបទពិសោធន៍របស់បងស្រីម្នាក់ ដែលបានធ្វើឲ្យរបៀបរស់នៅរបស់គាត់សាមញ្ញជាង?
៣ ពេលបងស្រីម្នាក់ចាប់ផ្ដើមផ្សព្វផ្សាយពេញពេល គាត់ក៏សម្រេចចិត្តបន្តធ្វើការពេញពេលដែរ ទោះជាគាត់អាចមានប្រាក់ចំណូលគ្រប់គ្រាន់ បើកាត់បន្ថយម៉ោងការងារក៏ដោយ។ នៅទីបំផុតគាត់បានសន្និដ្ឋានថា «គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ។ ខ្ញុំត្រូវលះបង់អ្វីដែលខ្ញុំចង់បាន ហើយយកចិត្តទុកដាក់នឹងអ្វីដែលខ្ញុំពិតជាត្រូវការវិញ។ ខ្ញុំទទួលស្គាល់ថា យូរៗទៅ ទ្រព្យសម្បត្ដិនឹងរេចរឹលអស់ ហើយបើខ្ញុំចេះតែខំរកទ្រព្យសម្បត្ដិតាមចិត្តចង់ នោះខ្ញុំនឹងបាក់កម្លាំងជាមិនខាន»។ គាត់បានផ្លាស់ប្ដូរការងារ ដើម្បីធ្វើឲ្យរបៀបរស់នៅរបស់គាត់សាមញ្ញជាង ហើយនេះបានផ្ដល់លទ្ធភាពឲ្យគាត់បន្តផ្សព្វផ្សាយពេញពេល។
៤. ហេតុអ្វីឥឡូវនេះជាការសំខាន់ឲ្យយើងសម្លឹងមើលរបស់តែមួយ?
៤ រៀងរាល់ថ្ងៃ ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ ហើយទីចាប់ផ្ដើមនៃពិភពលោកថ្មីរបស់ព្រះ ឆ្ពោះមកកាន់តែជិតហើយ។ ហេតុនេះ ជាការសំខាន់ណាស់ឲ្យយើងសម្លឹងមើលរបស់តែមួយ។ (១កូ. ៧:២៩, ៣១) បើយើងផ្ចង់អារម្មណ៍ទៅលើកិច្ចផ្សព្វផ្សាយ យើងអាចសង្គ្រោះខ្លួនយើងផង និងពួកអ្នកដែលស្ដាប់យើងដែរ។—១ធី. ៤:១៦