កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស
ភ្នែកត្រូវបានបង្កើតតាមរបៀបដ៏អស្ចារ្យមួយ។ (ទំនុក. ១៣៩:១៤) ក៏ប៉ុន្តែ ភ្នែកអាចសម្លឹងចំនឹងរបស់តែមួយទេក្នុងពេលដំណាលគ្នានោះ។ នេះជាការពិតទាំងក្នុងន័យត្រង់និងន័យអត្ថបដិរូប។ ដើម្បីអាចមើលឃើញច្បាស់ខាងវិញ្ញាណ យើងត្រូវប្រមូលអារម្មណ៍របស់យើងទៅលើការធ្វើតាមព្រះហឫទ័យព្រះ។ ដោយសារមានអ្វីៗកាន់តែច្រើនៗក្នុងលោកីយ៍របស់សាតាំងដែលអាចបង្វែរអារម្មណ៍យើងនោះ ជាការត្រឹមត្រូវដែលកម្មវិធីថ្ងៃសន្និបាតពិសេសសំរាប់ឆ្នាំកិច្ចបំរើ២០០៦នឹងមានប្រធានថា«ចូររក្សាភ្នែកអ្នកឲ្យល្អ!»។—ម៉ាថ. ៦:២២
តើយើងអាចធ្វើយ៉ាងណាដើម្បីទទួលពរពីព្រះយេហូវ៉ា? (សុ. ១០:២២) ចម្លើយនេះនឹងត្រូវពិចារណានៅក្នុងសុន្ទរកថាដែលមានប្រធានថា«ត្រូវទទួលពរដោយព្រោះបានរក្សាភ្នែកឲ្យល្អ»។ បទសម្ភាសន៍នានានឹងលើកបញ្ជាក់នូវប្រយោជន៍យើងអាចទទួលពីការអនុវត្តតាមគោលការណ៍ព្រះគម្ពីរ។ សុន្ទរកថាទីមួយដែលថ្លែងដោយអ្នកថ្លែងដែលជាភ្ញៀវមានប្រធានថា«ចូររក្សាភ្នែកអ្នកឲ្យល្អនៅក្នុងលោកីយ៍ដ៏អាក្រក់នេះ»។ សុន្ទរកថានេះនឹងព្រមានយើងអំពីអ្វីៗដែលធ្វើឲ្យជីវិតរបស់យើងទៅជាស្មុគស្មាញហើយខ្ទប់ភាពខាងវិញ្ញាណរបស់យើងបន្ដិចម្ដងៗ។ យើងក៏នឹងរៀនដែរថាអ្វីដែលរួមបញ្ចូលក្នុងការជ្រើសរើស«ចំណែកយ៉ាងល្អ»។—លូ. ១០:៤២
តើមាតាបិតានិងអ្នកឯទៀតអាចលើកទឹកចិត្តបណ្ដាយុវវ័យគ្រីស្ទានឲ្យផ្ដោតអារម្មណ៍ទៅលើការបំពេញនូវគោលដៅខាងវិញ្ញាណយ៉ាងដូចម្ដេច? សុន្ទរកថាដែលមានប្រធានថា«មាតាបិតាដែលតម្រង់ព្រួញរបស់ខ្លួនបានត្រឹមត្រូវ»និង«ពួកយុវវ័យដែលខំសំរេចគោលដៅខាងវិញ្ញាណ»នឹងរួមបញ្ចូលវាចារបស់មាតាបិតាហើយនិងបណ្ដាយុវវ័យទៅលើបញ្ហាដ៏សំខាន់នេះ។ (ទំនុក. ១២៧:៤) សុន្ទរកថាចុងបញ្ចប់ដែលថ្លែងដោយអ្នកថ្លែងដែលជាភ្ញៀវនឹងពិចារណាថាតើតាមរបៀបណាដែលយើងអាចជឿនទៅមុខជាមួយនឹងអង្គការព្រះយេហូវ៉ា ជាបុគ្គល ជាក្រុមគ្រួសារ និងជាក្រុមជំនុំ។
មិនថាយើងជាអ្នកថ្មីឬក៏ជាអ្នកដែលបានបំរើព្រះយេហូវ៉ាជាច្រើនទសវត្សរ៍មកហើយក្ដី ជាការសំខាន់ឲ្យយើង‹រក្សាភ្នែកយើងឲ្យល្អ›។ កម្មវិធីថ្ងៃសន្និបាតពិសេសនឹងជួយយើងឲ្យធ្វើយ៉ាងនេះ។