កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស
បើឮស៊ីរ៉ែនឬឃើញភ្លើងសញ្ញាព្រមានពីមហន្តរាយណាមួយ ហើយយើងធ្វើមិនដឹងមិនឮនោះ យើងអាចមានគ្រោះថ្នាក់ជាពិតប្រាកដ។ ការប្រព្រឹត្តតាមការណែនាំពីព្រះយេហូវ៉ាស្តីអំពីរឿងខាងវិញ្ញាណគឺសំខាន់ជាងនោះទៅទៀត។ ចំណុចនេះនឹងត្រូវបញ្ជាក់ក្នុងកម្មវិធីថ្ងៃសន្និបាតពិសេសសំរាប់ឆ្នាំកិច្ចបំរើថ្មី។ សន្និបាតនោះមានប្រធាន«ចូរប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់»។—លូ. ៨:១៨
ក្នុងសុន្ទរកថាទីមួយ អ្នកថ្លែងនឹងពន្យល់ជំពូកដំបូងៗនៃសំបុត្រដែលព្រះបានបណ្ដាលឲ្យប៉ុលសរសេរទៅកាន់ពួកហេព្រើរ ហើយក៏នឹងបញ្ជាក់នូវរបៀបដែលឱវាទនោះទាក់ទងនឹងយើងសព្វថ្ងៃនេះ។ ក្នុងសុន្ទរកថាបញ្ចប់ ដែលមានចំណងជើងថា«ចូរយកចិត្តទុកដាក់ជានិច្ចនឹងការណែនាំពីព្រះ» អ្នកថ្លែងដដែលនោះនឹងជួយយើងទាំងអស់គ្នាពិចារណាថា តើយើងពិតជាកំពុងតែស្ដាប់ព្រះយេហូវ៉ា ព្រះរាជបុត្រារបស់ទ្រង់ និង«អ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អ»ឬយ៉ាងណា។—ម៉ាថ. ២៤:៤៥, ព.ថ.
កម្មវិធីសន្និបាតក៏មានសុន្ទរកថាមួយចំនួនដែលមានប្រយោជន៍សំរាប់ក្រុមគ្រួសារផងដែរ។ សុន្ទរកថាចំណងជើងថា«ក្រុមគ្រួសារដែលប្រុងស្មារតីស្ដាប់តាមបន្ទូលរបស់ព្រះ»នឹងជួយយើងការពារកុំឲ្យអ្វីៗក្នុងលោកីយ៍នេះរារាំងការរីកចំរើនរបស់យើងខាងវិញ្ញាណ។ នេះនឹងរួមបញ្ចូលបទសម្ភាសន៍ជាមួយនឹងអ្នកដែលបានធ្វើការកែប្រែ ដើម្បីអាចរក្សាទុករឿងខាងវិញ្ញាណជាអ្វីដ៏សំខាន់បំផុត។ សុន្ទរកថាដែលមានចំណងជើងថា«របៀបដែលការយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលពង្រឹងជំនឿរបស់ប្អូនៗយុវ-វ័យ»នឹងមានបទសម្ភាសន៍ជាមួយនឹងយុវជនដែលបានបង្ហាញភាពស្មោះត្រង់ចំពោះសេចក្ដីពិត នៅឯសាលារៀន នៅចំពោះពួកអ្នកស្រករគ្នា ឬក្នុងកិច្ចផ្សព្វផ្សាយ។ សុន្ទរកថាដែលមានចំណងជើងថា «ក្មេងតូចៗដែលស្ដាប់ព្រះហើយបានរៀន»នឹងធ្វើឲ្យយើងមិនមើលងាយនូវសមត្ថភាពរៀនរបស់ក្មេងតូចៗ។ បទសម្ភាសន៍ជាមួយក្មេងតូចៗនិងមាតាបិតារបស់ពួកគេនឹងជួយយើងយល់នូវផលប្រយោជន៍ដែលមកពីការបង្រៀនកូនតាំងពីនៅតូចឲ្យស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា។
ព្រមពេលដែលសាតាំងកំពុងតែ«នាំលោកីយទាំងមូលឲ្យវង្វេងចេញ» ព្រះយេហូវ៉ាកំពុងតែបង្ហាញអ្នកបំរើស្មោះត្រង់របស់ទ្រង់នូវផ្លូវដែលពួកគេគួរដើរ។ (វិវរ. ១២:៩; អេសា. ៣០:២១) ការស្ដាប់ដោយយកចិត្តទុកដាក់នូវឱវាទរបស់ទ្រង់ ហើយការអនុវត្តតាមឱវាទនោះក្នុងជីវិតយើង ធ្វើឲ្យយើងមានប្រាជ្ញា សុភមង្គល និងក៏នាំទៅដល់ជីវិតជារៀងរហូតដែរ។—សុ. ៨:៣២-៣៥