ការពិគ្រោះសាឡើងវិញអំពីកម្មវិធីថ្ងៃសន្និបាតពិសេស
ពត៌មាននេះត្រូវជំរាបប្រាប់ទុកជាមុនដើម្បីរៀបចំសំរាប់ការពិគ្រោះសាឡើងវិញនូវកម្មវិធីថ្ងៃសន្និបាតពិសេសសំរាប់ឆ្នាំកិច្ចបំរើ២០០៥។ អត្ថបទដែលមានចំណងជើង «ការរៀបចំថ្មីសំរាប់ពិគ្រោះសាឡើងវិញអំពីកម្មវិធីសន្និបាត» នៅទំព័រទី៤នៃសន្លឹកបន្ថែមនេះ ពន្យល់ពីរបៀបរៀបចំការពិគ្រោះនេះ។ ក្នុងកំឡុងការពិគ្រោះនេះ សូមបែងចែកពេលដើម្បីឲ្យអាចសួរសំនួរទាំងអស់បាន។ ការពិគ្រោះសាឡើងវិញនេះគួរដៅបញ្ជាក់ពីរបៀបដែលយើងអាចអនុវត្តតាមពត៌មានដែលបានថ្លែងជូននៅឯសន្និបាត។
កម្មវិធីពេលព្រឹក
១. ហេតុអ្វីបានជាយើងត្រូវស្ដាប់ព្រះយេហូវ៉ាជាងមុនៗទៅទៀត? តើការស្ដាប់មានន័យដូចម្ដេច? («មូលហេតុដែលត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះយេហូវ៉ា?»)
២. ស្តីអំពីសកម្មភាពខាងវិញ្ញាណ តើក្រុមគ្រួសារទាំងឡាយអាចរក្សាឲ្យមានទម្លាប់ល្អយ៉ាងដូចម្ដេច? («ក្រុមគ្រួសារដែលប្រុងស្មារតីស្ដាប់តាមបន្ទូលរបស់ព្រះ»)
៣. តើបងប្អូនក្នុងមណ្ឌលយើងបានឆ្លៀតឱកាសអ្វីខ្លះដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ? («ត្រូវឲ្យយើងធ្វើទាំងអស់ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះ»)
៤. តើយើងអាចទាញយកមេរៀនអ្វីពីការព្រមានក្នុងសៀវភៅហេព្រើរ ជំពូកទី៣និង៤? សព្វថ្ងៃនេះតើព្រះយេហូវ៉ាកំពុងតែមានបន្ទូលនឹងយើងយ៉ាងដូចម្ដេច? («ការស្ដាប់ពេលដែលព្រះមានបន្ទូលរមែងការពារយើង»)
៥. តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះពីសុន្ទរកថាសំរាប់អ្នកទទួលបុណ្យជ្រមុជទឹក? («ការឧទ្ទិសថ្វាយខ្លួននិងពិធីបុណ្យជ្រមុជទឹក»)
កម្មវិធីពេលរសៀល
៦. តើយើងអាចសន្និដ្ឋានអ្វីខ្លះអំពីលក្ខណៈរបស់ព្រះយេស៊ូពេលដែលទ្រង់នៅក្មេង? តើយុវជនក្នុងមណ្ឌលយើងកំពុងតែយកតម្រាប់តាមព្រះយេស៊ូយ៉ាងដូចម្ដេច? («របៀបដែលការយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលពង្រឹងជំនឿរបស់ប្អូនៗយុវវ័យ»)
៧. តើមាតាបិតាអាចចាប់ផ្ដើមបង្រៀនទារកនិងកូនតូចៗអំពីព្រះយេហូវ៉ាតាមវិធីណាខ្លះ? («ក្មេងតូចៗដែលស្ដាប់ព្រះហើយបានរៀន»)
៨. តើក្នុងរឿងអ្វីខ្លះដែលយើងត្រូវតែយកចិត្តទុកដាក់ស្ដាប់ព្រះយេហូវ៉ា ព្រះរាជបុត្រារបស់ទ្រង់ និង‹អ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អ›? (ម៉ាថ. ២៤:៤៥) ហេតុអ្វីបានជាការស្ដាប់គឺសំខាន់ម្ល៉េះ? («ចូរយកចិត្តទុកដាក់ជានិច្ចនឹងការណែនាំពីព្រះ»)