ចូររក្សាឲ្យមានភ្នែកល្អ
១ ក្នុងធម្មទាននៅលើភ្នំ ព្រះយេស៊ូបានមានបន្ទូលអំពីអានុភាពដ៏ខ្លាំងដែលភ្នែកខាងវិញ្ញាណជាភ្នែកអត្ថបដិរូបរបស់យើងអាចមានមកលើជីវភាពរស់នៅរបស់យើង។ ទ្រង់បានមានបន្ទូលថា៖ «ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យ»។ (ម៉ាថ. ៦:២២, ២៣) ភ្នែកល្អគឺភ្នែកដែលសម្លឹងឲ្យចំនឹងគោលបំណងតែមួយ ពោលគឺការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ដោយមិនឲ្យអារម្មណ៍ត្រូវបង្វែរដោយការខ្វល់ខ្វាយហួសហេតុពេកអំពីទ្រព្យសម្បត្ដិ។ (ម៉ាថ. ៦:១៩-២១, ២៤-៣៣) តើអ្វីដែលអាចជួយយើងរក្សាឲ្យមានភ្នែកល្អ?
២ ចូរលត់ដំខ្លួនឲ្យចេះស្កប់ចិត្ត: ការផ្គត់ផ្គង់នូវតម្រូវការនៃក្រុមគ្រួសារគឺជាកាតព្វកិច្ចដែលមានមូលដ្ឋានលើគោលការណ៍ព្រះគម្ពីរ។ (១ធី. ៥:៨) ប៉ុន្តែ នេះមិនតម្រូវឲ្យយើងខំស្វែងរកមិនចេះចប់នូវរបស់របរដ៏ប្រណីតនិងទំនើបបំផុតនោះទេ។ (សុ. ២៧:២០; ៣០:៨, ៩) ផ្ទុយទៅវិញ បទគម្ពីរដាស់តឿនយើងឲ្យស្កប់ចិត្តនឹង«អាហារទទួលទាននឹងសំលៀកបំពាក់»ដែលជារបស់ចាំបាច់ដើម្បីចិញ្ចឹមជីវិត។ (១ធី. ៦:៨; ហេ. ១៣:៥, ៦) បើយើងធ្វើតាមឱវាទនេះនឹងជួយយើងឲ្យសម្លឹងចំទៅនឹងអ្វីដ៏ត្រឹមត្រូវ។
៣ យកល្អយើងមិនដាក់បន្ទុកលើខ្លួនដោយជំពាក់បំណុលគេដោយឥតចាំបាច់ ហើយមិនទុករបស់របរឬធ្វើអ្វីដែលស៊ីពេលវេលាច្រើននិងបំបែរអារម្មណ៍យើងហួសហេតុពេក។ (១ធី. ៦:៩, ១០) តើយើងអាចធ្វើយ៉ាងណា? ពេលដែលកំពុងតែគិតចង់ធ្វើអ្វីមួយ ចូរអធិស្ឋានទូលថ្វាយព្រះអំពីរឿងនោះ និងប្រមាណមើលដោយស្មោះថាតើទង្វើនោះនឹងប៉ះពាល់ដល់កិច្ចការខាងវិញ្ញាណឬក៏អត់។ ចូរប្ដេជ្ញារក្សាឲ្យរបស់ខាងវិញ្ញាណមានអាទិភាពក្នុងជីវិតរបស់អ្នក។—ភី. ១:១០; ៤:៦, ៧
៤ ធ្វើឲ្យរបៀបរស់នៅរបស់អ្នកបានសាមញ្ញ: ជំនួយមួយទៀតដើម្បីទប់ទល់នឹងការលំអៀងទៅខាងវត្ថុនិយម គឺយើងត្រូវរកវិធីធ្វើឲ្យរបៀបរស់នៅរបស់យើងបានសាមញ្ញវិញ។ បងប្រុសម្នាក់ឃើញថាគាត់អាចចិញ្ចឹមក្រុមគ្រួសារបានដោយមិនចាំបាច់ត្រូវការរបស់របរច្រើន គាត់មានប្រសាសន៍ថា៖ «ឥឡូវ ខ្ញុំអាចបំរើបងប្អូនរបស់ខ្ញុំក្នុងក្រុមជំនុំច្រើនជាងមុនឆ្ងាយណាស់។ ខ្ញុំជឿជាក់ថាព្រះយេហូវ៉ាប្រទានពរដល់អ្នកបំរើរបស់ទ្រង់ ពេលដែលពួកគេទុកការថ្វាយបង្គំទ្រង់ជាអាទិភាពហើយប្រយោជន៍ផ្ទាល់ខ្លួនជាបន្ទាប់បន្សំវិញ»។ អ្នកអាចមានពរកាន់តែច្រើនដែរដោយធ្វើឲ្យរបៀបរស់នៅរបស់អ្នកបានសាមញ្ញ។
៥ យើងត្រូវខំប្រឹងជានិច្ចដើម្បីទប់ទល់នឹងឥទ្ធិពលរបស់សាតាំង លោកីយ៍របស់វាដែលគិតតែពីទ្រព្យសម្បត្ដិ រួមទាំងភាពឥតគ្រប់ល័ក្ខណ៍របស់ខ្លួនយើងដែរ។ ជាជាងអនុញ្ញាតឲ្យភ្នែកយើងមើលទៅចំគោលដៅផ្សេង ចូរយើងសម្លឹងឲ្យចំនឹងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ និងសេចក្ដីសង្ឃឹមដ៏វិសេសរបស់យើង គឺជីវិតជារៀងរហូត។—សុ. ៤:២៥; ២កូ. ៤:១៨
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើការមានភ្នែកល្អមានន័យអ្វី? ហេតុអ្វីនេះក៏សំខាន់?
២. ស្តីអំពីទ្រព្យសម្បត្ដិ តើព្រះបន្ទូលរបស់ព្រះលើកទឹកចិត្តយើងឲ្យមានទស្សនៈយ៉ាងដូចម្ដេច?
៣. តើអ្វីដែលអាចជួយយើងឲ្យជៀសវាងពីការដាក់បន្ទុកលើខ្លួន?
៤. ហេតុអ្វីបានជាយើងគួររកវិធីធ្វើឲ្យរបៀបរស់នៅបានសាមញ្ញ?
៥. ហេតុអ្វីក៏ត្រូវខំប្រឹងជានិច្ចដើម្បីរក្សាឲ្យមានភ្នែកល្អ?