សកម្មភាពពិសេសដើម្បីប្រកាសផ្សាយអំពីពិធីរំលឹក ចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមីនា
១. តើសកម្មភាពពិសេសអ្វីដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមីនា?
១ ជារៀងរាល់ឆ្នាំពិធីរំលឹកបានរៀបចំឡើង ដើម្បីប្រកាសអំពីមរណភាពរបស់លោកយេស៊ូ។ (១កូ. ១១:២៦) ដូច្នេះ យើងចង់អញ្ជើញអ្នកឯទៀតឲ្យចូលរួមជាមួយនឹងយើង ហើយស្ដាប់សុន្ទរកថាអំពីតម្លៃលោះដែលជាអំណោយមួយដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ (យ៉ូន. ៣:១៦) ឆ្នាំនេះសកម្មភាពពិសេសរបស់យើងដើម្បីអញ្ជើញមនុស្សឲ្យចូលរួមពិធីរំលឹក នឹងត្រូវចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១៧ ខែមីនា។ តើអ្នកកំពុងរង់ចាំដោយចិត្តរំភើបនូវឱកាសចូលរួមក្នុងសកម្មភាពពិសេសនេះអស់ពីសមត្ថភាពរបស់អ្នកឬទេ?
២. តើយើងអាចនិយាយអ្វីដើម្បីជូនលិខិតអញ្ជើញ?
២ អ្វីដែលយើងអាចនិយាយ: ជាការល្អបំផុត បើយើងនិយាយយ៉ាងខ្លី។ យើងអាចនិយាយថា៖ «ជម្រាបសួរ យើងមកទីនេះ ដើម្បីជូនលិខិតអញ្ជើញនេះដល់ក្រុមគ្រួសាររបស់លោកអ្នក ស្តីអំពីពិធីប្រចាំឆ្នាំដែលនឹងធ្វើឡើងទូទាំងពិភពលោកនៅថ្ងៃទី៥ ខែមេសា។ មានសុន្ទរកថាដែលមានមូលដ្ឋានលើគម្ពីរ ដែលពន្យល់អំពីមរណភាពរបស់លោកយេស៊ូបានសម្រេចអ្វី ហើយលោកកំពុងធ្វើអ្វីនៅឥឡូវនេះ។ លិខិតអញ្ជើញនេះ ប្រាប់អំពីទីកន្លែង និងម៉ោងដែលកិច្ចប្រជុំនឹងត្រូវធ្វើឡើងនៅក្នុងតំបន់របស់យើង»។ ពេលចូលរួមចែកលិខិតអញ្ជើញនៅចុងសប្ដាហ៍ បើសមត្រឹមត្រូវយើងគួរស្នើផ្ដល់ទស្សនាវដ្ដីដែរ។
៣. តើយើងអាចអញ្ជើញមនុស្សឲ្យបានច្រើនបំផុតតាមរបៀបណា?
៣ អញ្ជើញមនុស្សឲ្យបានច្រើនបំផុត: គោលដៅរបស់យើងគឺអញ្ជើញមនុស្សឲ្យបានច្រើនបំផុត។ ដូច្នេះ សូមកុំភ្លេចអញ្ជើញសិស្សគម្ពីរ អ្នកដែលយើងត្រឡប់ទៅជួប ញាតិសន្ដាន អ្នករួមការងារ មិត្តរួមថ្នាក់ អ្នកជិតខាង និងអ្នកផ្សេងទៀត។ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំនឹងផ្ដល់ការណែនាំស្តីអំពីរបៀបចែកលិខិតអញ្ជើញឲ្យពេញតំបន់ផ្សាយ។ សកម្មភាពពិសេសប្រចាំឆ្នាំរបស់យើង ដើម្បីអញ្ជើញមនុស្សមកពិធីរំលឹកមានលទ្ធផលល្អ។ ឆ្នាំមុន ពេលដែលស្ត្រីម្នាក់ចូលមកកន្លែងប្រជុំ ឆ្មាំម្នាក់បានស្នើសុំជួយគាត់រកមើលអ្នកផ្សាយដែលបានអញ្ជើញគាត់។ ក៏ប៉ុន្តែ ស្ត្រីនោះបាននិយាយថា គាត់មិនស្គាល់អ្នកណានៅទីនេះទេ គាត់បានទទួលលិខិតអញ្ជើញពីបុគ្គលម្នាក់ដែលដើរពីផ្ទះមួយទៅផ្ទះមួយនៅព្រឹកថ្ងៃនេះ។
៤. ក្នុងសកម្មភាពពិសេស តើមានមូលហេតុអ្វីខ្លះដើម្បីមានចិត្តខ្នះខ្នែងក្នុងការចែកលិខិតអញ្ជើញ?
៤ ប្រហែលជាមានបុគ្គលម្នាក់ដែលចូលរួមពិធីរំលឹកនោះ ដោយសារអ្នកបានទុកលិខិតអញ្ជើញឲ្យគាត់។ ទោះជាមានមនុស្សមកតាមការអញ្ជើញឬក៏មិនមកក៏ដោយ ការខំព្យាយាមរបស់អ្នកនៅតែធ្វើជាសាក្សីបញ្ជាក់។ លិខិតអញ្ជើញដែលអ្នកចែកនឹងប្រកាសថា ឥឡូវនេះ លោកយេស៊ូជាស្តេចដែលមានឫទ្ធានុភាព។ អ្នកសង្កេតមើលទាំងអស់ នឹងឃើញការខ្នះខ្នែងរបស់អ្នកក្នុងការចែកលិខិតអញ្ជើញ ក្នុងនោះមានមនុស្សនៅក្នុងតំបន់ផ្សាយ អ្នកផ្សាយឯទៀត ហើយសំខាន់បំផុតគឺព្រះយេហូវ៉ានឹងឃើញថា អ្នកមានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្លៃលោះដែលជាអំណោយមួយ។—កូឡ. ៣:១៥