ការចែកចាយសេចក្ដីអញ្ជើញមក ពិធីបុណ្យរំលឹកនៅទូទាំងពិភពលោក!
១. តើនឹងត្រូវរៀបចំកិច្ចការពិសេសអ្វីនៅទូទាំងផែនដី មុននឹងមានពិធីបុណ្យរំលឹក?
១ «ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។ (លូក. ២២:១៩) ពួកអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាស្ដាប់តាមបង្គាប់របស់លោកយេស៊ូ នឹងមកជួបជុំគ្នាជាមួយនឹងពួកអ្នកចាប់អារម្មណ៍ជាច្រើននាក់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១០ ដើម្បីរំលឹកអំពីមរណភាពរបស់លោកយេស៊ូ។ សេចក្ដីអញ្ជើញពិសេសឲ្យមកចូលរួមពិធីបុណ្យរំលឹក នឹងត្រូវចែកចាយនៅទូទាំងផែនដី ចាប់ពីថ្ងៃទី១៣ ខែមីនារហូតដល់ថ្ងៃទី៣០ ខែមីនា។
២. តើយើងអាចចែកជូនលិខិតអញ្ជើញយ៉ាងដូចម្ដេច?
២ វិធីចែកចាយលិខិតអញ្ជើញ: អ្នកប្រហែលជាអាចជូនលិខិតអញ្ជើញដល់ម្ចាស់ផ្ទះដើម្បីឲ្យគាត់អាចឃើញរូបភាពនៅទំព័រខាងមុខ រួចមកនិយាយថា «នៅយប់ថ្ងៃទី៣០ ខែមីនា មនុស្សរាប់លាននាក់ទូទាំងផែនដីនឹង ប្រារព្ធធ្វើពិធីបុណ្យរំលឹកមរណភាពលោកយេស៊ូ។ ខ្ញុំសូមអញ្ជើញអ្នកនិងក្រុមគ្រួសារមកចូលរួមដែរ ហើយអ្នកក៏អាចអញ្ជើញញាតិមិត្តរបស់អ្នកមកចូលរួមផងដែរ។ សូមកត់សម្គាល់ នេះជាពេលវេលាហើយអាសយដ្ឋាននៃទីកន្លែងដែលនឹងត្រូវប្រារព្ធធ្វើពិធីនេះ»។ អាស្រ័យទៅលើកាល:ទេស: អ្នកអាចអានសេចក្ដីបង្គាប់ក្នុងគម្ពីរនៅលូកា ២២:១៩។ ប៉ុន្តែ ចូរចាំថាពេលវេលាដើម្បីចែកចាយលិខិតអញ្ជើញនេះមានកំណត់ ដូច្នេះជាការល្អសូមឲ្យយើងនិយាយខ្លីៗ។
៣. តើយើងអាចអញ្ជើញអ្នកណាខ្លះ?
៣ ប្រសិនបើក្រុមជំនុំរបស់អ្នកមានតំបន់ផ្សាយធំ ពួកអ្នកចាស់ទុំប្រហែលជានឹងប្រាប់អ្នកឲ្យទុកសេចក្ដីអញ្ជើញនៅផ្ទះណាដែលមិនមានមនុស្សនៅ។ បើអាចធ្វើបាន សូមផ្ដល់ទស្សនាវដ្ដីជាមួយនឹងលិខិតអញ្ជើញ។ ចូរតាំងគោលដៅដើម្បីទៅអញ្ជើញការត្រឡប់ទៅជួប សិស្សគម្ពីរ សាច់ញាតិ សិស្សរួមថ្នាក់ អ្នករួមការងារ អ្នកជិតខាង និងអ្នកឯទៀតដែលអ្នកស្គាល់។
៤. ការយល់និងដឹងគុណចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដែលបានផ្ដល់ថ្លៃលោះយើង តើនឹងជំរុញយើងឲ្យធ្វើអ្វី?
៤ ចូររៀបចំដើម្បីចូលរួមចែកចាយឲ្យបានពេញលេញ: ក្នុងអំឡុងគ្រាជិតបុណ្យរំលឹកជាឱកាសល្អដើម្បីបង្កើនសកម្មភាពរបស់យើង។ តើអ្នកអាចកែសម្រួលកាលវិភាគរបស់អ្នកដើម្បីបម្រើជាអ្នកត្រួសត្រាយជំនួយបានទេ? តើអ្នកមានកូន ឬសិស្សគម្ពីរដែលកំពុងជឿនទៅមុខឬទេ? ប្រសិនបើមាន សូមទៅជួបអ្នកចាស់ទុំដើម្បីដឹងថាអ្នកថ្មីនេះអាចចូលរួមក្នុងកិច្ចការដ៏ពិសេសនេះជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។ ការយល់និងដឹងគុណចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដែលបានផ្ដល់ថ្លៃលោះយើង នឹងជំរុញយើងឲ្យមកចូលរួមពិធីបុណ្យរំលឹក ហើយអញ្ជើញមនុស្សឲ្យបានច្រើនបំផុតមកចូលរួមជាមួយនឹងយើងដែរ។—យ៉ូន. ៣:១៦