សកម្មភាពពិសេសដើម្បីផ្សាយប្រកាសអំពីពិធីបុណ្យរំលឹក!
១ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០០៩ ពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ានៅទូទាំងពិភពលោក នឹងប្រជុំគ្នាដើម្បីរំលឹកអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ព្រះចំពោះមនុស្សជាតិ។ (រ៉ូម ៥:៦-៨) យើងសង្ឃឹមថានឹងមានមនុស្សរាប់លាននាក់មកចូលរួមពិធីបុណ្យរំលឹកមរណភាពរបស់លោកយេស៊ូជាមួយនឹងយើង។ សេចក្ដីអញ្ជើញពិសេសឲ្យមកចូលរួមពិធីបុណ្យរំលឹក នឹងត្រូវចែកចាយនៅទូទាំងផែនដីទាំងមូល ចាប់ពីថ្ងៃទី២១ ខែមីនា។
២ ចំណុចដែលគួរចាំ : ចូរបង្ហាញរូបភាព សំណួរ និងបទគម្ពីរដែលមានក្នុងលិខិតអញ្ជើញនោះ។ ជាឧទាហរណ៍ អ្នកប្រហែលជាអាចបង្ហាញរូបភាពនៅទំព័រខាងមុខ ហើយនិយាយថា «ខ្ញុំសូមអញ្ជើញលោកអ្នកមកចូលរួមពិធីបុណ្យរំលឹកនៃមរណភាពលោកយេស៊ូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០០៩»។ បន្ទាប់មកបង្ហាញពីចំណងជើងនៃលិខិតអញ្ជើញ និងសំណួរដែលមាននៅក្នុងនោះ។ សូមកុំភ្លេចបញ្ជាក់ប្រាប់ម្ចាស់ផ្ទះថា គាត់អាចអញ្ជើញសាច់ញាតិ និងអ្នកឯទៀតឲ្យមកចូលរួមជាមួយបានដែរ។
៣ ប្រសិនបើក្រុមជំនុំរបស់អ្នកមានតំបន់ផ្សាយធំ ពួកអ្នកចាស់ទុំប្រហែលជានឹងប្រាប់អ្នកឲ្យទុកសេចក្ដីអញ្ជើញនៅផ្ទះណាដែលមិនមានមនុស្សនៅ។ នៅចុងសប្ដាហ៍ សូមផ្ដល់ទស្សនាវដ្ដីជាមួយនឹងលិខិតអញ្ជើញ។ ចូរតាំងគោលដៅដើម្បីទៅអញ្ជើញការត្រឡប់ទៅជួប សិស្សគម្ពីរ សាច់ញាតិ សិស្សរួមថ្នាក់ អ្នករួមការងារ អ្នកជិតខាង និងអ្នកឯទៀតដែលអ្នកស្គាល់។ ឆ្នាំមុននេះ បងស្រីយើងម្នាក់បានអញ្ជើញសាច់ញាតិរបស់គាត់៣០នាក់មកចូលរួមពិធីបុណ្យរំលឹក ហើយយូរៗម្ដងបងស្រីរំលឹកពួកគាត់ឲ្យដឹងពីសារៈសំខាន់នៃពិធីនោះ។ បងស្រីយើងច្បាស់ជាសប្បាយចិត្តណាស់ ដោយមានសាច់ញាតិរបស់គាត់២៥នាក់បានមកចូលរួម ហើយក្រោយមកមាន៤នាក់ក្នុងចំណោមនោះ បានចាប់ផ្ដើមរៀនគម្ពីរ!
៤ ចូរត្រៀមលក្ខណៈដើម្បីចូលរួមចែកចាយ : អ្នកផ្សាយជាច្រើនប្រហែលជាអាចបង្កើនសកម្មភាពខ្លួន ក្នុងអំឡុងខែមីនា និងខែមេសា។ ប្រសិនបើអ្នកមានកូន ឬសិស្សគម្ពីរដែលកំពុងជឿនទៅមុខ នេះប្រហែលជាឱកាសដ៏ល្អ ឲ្យពួកគេធ្វើជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។ ឥឡូវនេះ គឺជាពេលដើម្បីចាប់ផ្ដើមរៀបចំចូលរួមឲ្យបានពេញលេញ ក្នុងការផ្សាយប្រកាសអំពីពិធីរំលឹកនូវសេចក្ដីស្រឡាញ់ដ៏លើសលប់ពីរ។—យ៉ូន. ៣:១៦; ១៥:១៣
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៩ តើអ្នកផ្សាយរាជាណាចក្រព្រះនៅទូទាំងពិភពលោកនឹងចូលរួមកិច្ចការអ្វី? ហេតុអ្វី?
២. តើមានចំណុចអ្វីដែលអ្នកគួរចាំពេលចែកលិខិតអញ្ជើញ?
៣. តើយើងអាចធ្វើអ្វីទៀត ក្រោយពីបានអញ្ជើញគេមកចូលរួមពិធីបុណ្យរំលឹកជាលើកដំបូង?
៤. តើយើងគួរត្រៀមធ្វើអ្វីពីឥឡូវនេះ? ហេតុអ្វី?