ចូរជួយមនុស្សឲ្យស្ដាប់ព្រះ
១. តើមានសៀវភៅស្តើងអ្វីដែលបានចេញនៅមហាសន្និបាតប្រចាំតំបន់ដែលមានប្រធានថា‹សូមឲ្យរាជាណាចក្ររបស់ព្រះបានមកដល់›? ហើយហេតុអ្វីបានជាសៀវភៅស្តើងនេះមានប្រយោជន៍?
១ នៅមហាសន្និបាតប្រចាំតំបន់ដែលមានប្រធានថា‹សូមឲ្យរាជាណាចក្ររបស់ព្រះបានមកដល់› យើងបានទទួលសៀវភៅស្តើងថ្មីពីរក្បាល។ សៀវភៅមួយមានចំណងជើងថា ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត និងមួយទៀតដែលមានអក្សរតិចជាងគឺចូរស្ដាប់ព្រះ។ ដោយសារសៀវភៅស្តើងនេះមិនសូវមានអក្សរច្រើន នោះនាំឲ្យការបកប្រែមានភាពងាយស្រួលនិងឆាប់រហ័ស។ តាមការពិត មកដល់ពេលដែលសៀវភៅស្តើងចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូតបានចេញជាភាសាអង់គ្លេស ៤៣១ភាសាផ្សេងទៀតបានទទួលការអនុញ្ញាតឲ្យបកប្រែសៀវភៅស្តើងនេះរួចហើយ។
២. តើអ្នកណាខ្លះនឹងទទួលប្រយោជន៍ពីសៀវភៅស្តើងទាំងនេះ?
២ តើអ្នកណាខ្លះនឹងទទួលប្រយោជន៍ពីសៀវភៅស្តើងទាំងនេះ? សូមគិតអំពីឧទាហរណ៍ដូចខាងក្រោមនេះដែលកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោក:
• អ្នកផ្សាយកំពុងពិគ្រោះជាមួយម្ចាស់ផ្ទះជាលើកដំបូង ឬក៏ពេលត្រឡប់ទៅជួប ហើយឃើញថា ម្ចាស់ផ្ទះនោះមិនចេះអានអក្សរសោះ ឬមិនសូវចេះអាន។
• អ្នកផ្សាយនិយាយជាមួយមនុស្សដែលចេះភាសាផ្សេង តែអង្គការយើងគ្មានឬមិនសូវមានសៀវភៅជាភាសានោះទេ។ ឬមនុស្សភាគច្រើនក្នុងតំបន់ផ្សាយមិនចេះអានភាសាដែលពួកគេស្រួលនិយាយជាងគេ។
• អ្នកផ្សាយប្រើភាសាសញ្ញាដើម្បីផ្សព្វផ្សាយដល់មនុស្សគថ្លង់ក្នុងតំបន់ផ្សាយ។
• ឪពុកម្ដាយចង់បង្រៀនសេចក្ដីពិតដល់កូនតូចរបស់ខ្លួនដែលមិនទាន់ចេះអានអក្សរនៅឡើយ។
៣. តើសៀវភៅស្តើងចូរស្ដាប់ព្រះមានលក្ខណៈអ្វីខ្លះ?
៣ លក្ខណៈនៃសៀវភៅស្តើងទាំងពីរនេះ: សៀវភៅស្តើងចូរស្ដាប់ព្រះមានអក្សរតិចណាស់។ ជាធម្មតា នៅខាងក្រោមរឹមទំព័រនីមួយៗ មានឃ្លាស្រួលយល់មួយនិងបទគម្ពីរមួយ ដែលបញ្ជាក់ចំណុចសំខាន់ៗនៃមេរៀន។ តើដើម្បីគោលបំណងអ្វី? សូមស្រមៃគិតថា មានបុគ្គលម្នាក់បានស្នើផ្ដល់សៀវភៅស្តើងមួយក្បាលដល់អ្នក ជាភាសាដែលអ្នកមិនចេះអានទេ ប្រហែលដោយសារតួអក្សរនោះចម្លែក។ ទោះជាសៀវភៅនោះមានរូបភាពស្អាតៗក៏ដោយ តើអ្នកនឹងចាប់អារម្មណ៍ចំពោះសៀវភៅនោះឬទេ? ទំនងជាមិនចាប់អារម្មណ៍ទេ។ ស្រដៀងគ្នាដែរ ពេលមនុស្សមិនចេះអាន ឃើញសៀវភៅដែលមានអក្សរច្រើន ពួកគេងាយនឹងបាត់ចំណាប់អារម្មណ៍។ ដូច្នេះ នៅទំព័រនីមួយៗមានរូបភាពធំៗដែលអង្គការយើងបានរៀបចំយ៉ាងយកចិត្តទុកដាក់។ មានសញ្ញាព្រួញដែលជួយយើងឲ្យស្គាល់លំដាប់លំដោយដែលយើងត្រូវពិគ្រោះគ្នាពីរូបភាពនោះ។
៤. តើសៀវភៅស្តើងចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូតមានលក្ខណៈអ្វីខ្លះ?
៤ សៀវភៅស្តើងចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត មានរូបភាពដូចគ្នានឹងសៀវភៅស្តើងចូរស្ដាប់ព្រះ។ សៀវភៅស្តើងនេះបានត្រូវរៀបចំឡើងដើម្បីរៀនជាមួយអ្នកដែលមិនសូវចេះអានអក្សរឬអ្នកដែលកំពុងរៀនអាន។ ពេលរៀនជាមួយសិស្សដែលមានសៀវភៅស្តើងចូរស្ដាប់ព្រះ នោះសៀវភៅស្តើងចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូតអាចប្រើជាសៀវភៅសម្រាប់អ្នកបង្រៀនវិញ។ មេរៀននីមួយៗមានពីរទំព័រ។ ចំណងជើងនៃមេរៀនទាំងអស់ជាសំណួរ ហើយអ្នកអាចរកឃើញចម្លើយក្នុងមេរៀននោះ។ ក្រៅពីរូបភាព ក៏មានឃ្លាផ្សេងៗនិងបទគម្ពីរដែរ។ នៅខាងក្រោមទំព័រភាគច្រើន យើងឃើញមានប្រអប់ពណ៌សដែលរៀបរាប់អំពីចំណុចនិងបទគម្ពីរបន្ថែមដែលយើងអាចយកមកពិគ្រោះគ្នាស្របទៅតាមសមត្ថភាពរបស់សិស្ស។
៥. តើនៅពេលណា និងតាមរបៀបណាដែលយើងអាចស្នើផ្ដល់សៀវភៅស្តើងទាំងនេះ?
៥ របៀបប្រើ: ពេលដែលអ្នកគិតថាជាឱកាសល្អ អ្នកអាចស្នើផ្ដល់សៀវភៅស្តើងនេះក្នុងកិច្ចផ្សព្វផ្សាយបាន ទោះជាក្នុងខែដែលមិនមានការស្នើផ្ដល់សៀវភៅស្តើងនេះក៏ដោយ។ (សូមមើលប្រអប់«របៀបស្នើផ្ដល់») អ្នកអាចប្រើសៀវភៅស្តើងនេះពេលត្រឡប់ទៅជួប ដោយប្រាប់បុគ្គលដែលចាប់អារម្មណ៍នោះថា អ្នកមានសៀវភៅមួយចង់បង្ហាញគាត់ ហើយជូនសៀវភៅស្តើងនេះមួយក្បាលដល់គាត់។
៦. តើយើងអាចដឹកនាំការបង្រៀនគម្ពីរដោយប្រើសៀវភៅស្តើងនេះយ៉ាងដូចម្ដេច?
៦ ដោយសារសៀវភៅស្តើងចូរស្ដាប់ព្រះគ្មានសំណួរសម្រាប់មេរៀននីមួយៗ យើងនឹងមិនបង្រៀនដោយប្រើសំណួរនិងចម្លើយដូចពេលយើងបង្រៀនសៀវភៅព្រះគម្ពីរបង្រៀនទេ។ មនុស្សទាំងអស់ចូលចិត្តស្ដាប់គេនិយាយរឿង។ ដូច្នេះ សូមប្រើរូបភាពដើម្បីរៀបរាប់រឿងដែលព្រះបានដឹកនាំឲ្យគេកត់ទុកក្នុងគម្ពីរ ហើយឲ្យសិស្សគម្ពីរពន្យល់ថា តើរូបភាពនោះចង់បញ្ជាក់អំពីអ្វី? សូមបង្រៀនដោយចិត្តរំភើប។ សូមឲ្យសិស្សប្រាប់អំពីគំនិតរបស់គាត់។ អានបទគម្ពីរដែលមាននៅរឹមទំព័រខាងក្រោម ហើយពិគ្រោះជាមួយគាត់អំពីអ្វីដែលបទគម្ពីរនោះចែង។ សូមសួរសំណួរដើម្បីមានការពិគ្រោះគ្នា និងដើម្បីប្រាកដថាគាត់ពិតជាយល់មេរៀននោះ។ បើគាត់កំពុងរៀនសៀវភៅស្តើងចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត សូមអានឃ្លានិងបទគម្ពីរក្នុងមេរៀននោះពេលពិគ្រោះអំពីរូបភាពនីមួយៗ។
៧. តើយើងអាចជួយសិស្សគម្ពីរឲ្យរីកចម្រើនយ៉ាងដូចម្ដេច?
៧ ជួយសិស្សឲ្យរីកចម្រើន: យើងសង្ឃឹមថា អ្វីដែលអ្នកបង្រៀននឹងជំរុញចិត្តសិស្សឲ្យចង់រៀនអក្សរ ដើម្បីគាត់អាចទទួលចំណេះពីព្រះយេហូវ៉ាដោយខ្លួនគាត់។ (ម៉ាថ. ៥:៣; យ៉ូន. ១៧:៣) ដូច្នេះ បើអ្នកកំពុងបង្រៀនសៀវភៅស្តើងចូរស្ដាប់ព្រះ ហើយអ្នកគិតថាសិស្សចង់ចេះអក្សរ នោះអ្នកប្រហែលជាអាចស្នើសុំបង្រៀនអក្សរដល់គាត់។ បន្ទាប់មក បើឃើញថាសិស្សអាចអានបានខ្លះៗ អ្នកអាចប្ដូរទៅបង្រៀនសៀវភៅស្តើងចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូតវិញ។ ទោះជាអ្នកបានបង្រៀនសិស្សចប់សៀវភៅស្តើងមួយណាក៏ដោយ តែនេះមិនគ្រប់គ្រាន់ដើម្បីឲ្យសិស្សទទួលការជ្រមុជទឹកឡើយ។ ដូច្នេះ អ្នកគួរបន្តបង្រៀនគាត់ដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន ឬសៀវភៅដែលសមនឹងគាត់ ដើម្បីជួយគាត់ឲ្យមានចំណេះគ្រប់គ្រាន់ពីគម្ពីរ។
៨. ហេតុអ្វីអ្នកមានចិត្តដឹងគុណដែលមានសៀវភៅស្តើងថ្មីសម្រាប់ផ្សព្វផ្សាយ?
៨ មនុស្សត្រូវតែស្ដាប់មហាក្សត្រសកលលោក បើពួកគេចង់រស់ជារៀងរហូត។ (អេ. ៥៥:៣) ព្រះយេហូវ៉ាមានបំណងប្រាថ្នាឲ្យ«មនុស្សគ្រប់ប្រភេទ» រួមទាំងអ្នកដែលមិនចេះអក្សររៀនស្ដាប់បង្គាប់លោក។ (១ធី. ២:៣, ៤) យើងពិតជាមានចិត្តដឹងគុណខ្លាំងណាស់! ដោយសារយើងអាចប្រើសៀវភៅស្តើងថ្មីទាំងនេះដើម្បីបង្រៀនមនុស្សឲ្យចេះស្ដាប់ព្រះ។
[ប្រអប់នៅទំព័រ៣]
របៀបស្នើផ្ដល់
បង្ហាញម្ចាស់ផ្ទះទំព័រ២និង៣ ហើយនិយាយថា «តើលោកអ្នកចង់រស់នៅក្នុងពិភពលោកដូចក្នុងរូបភាពនេះឬទេ? [ទុកឲ្យគេឆ្លើយ] បទគម្ពីរ[ឬសៀវភៅបរិសុទ្ធនេះ]សន្យាថា បន្ដិចទៀតព្រះនឹងធ្វើឲ្យពិភពលោកនេះក្លាយទៅជាសួនឧទ្យាន ជាកន្លែងដែលមានសន្ដិភាព គ្មានមនុស្សក្រ ឬជំងឺទៀតឡើយ។ សូមកត់សម្គាល់ អ្វីដែលយើងត្រូវធ្វើដើម្បីរស់នៅទីនោះ។ [សូមអាន អេសាយ ៥៥:៣ ជាបទគម្ពីរដែលមាននៅខាងលើនៃទំព័រទី៣] បទគម្ពីរនេះប្រាប់យើងឲ្យ‹មក›ឯព្រះ ហើយ‹ស្ដាប់›លោក។ ប៉ុន្តែ តើយើងអាចស្ដាប់ព្រះយ៉ាងដូចម្ដេច?»។ បើកទៅទំព័រ៤និង៥ ហើយពិភាក្សាចម្លើយជាមួយគាត់។ បើគាត់មិនមានពេល សូមទុកសៀវភៅស្តើងមួយក្បាលឲ្យគាត់ ហើយណាត់ពេលដើម្បីពិភាក្សាសំណួរជាបន្ទាប់។