ចូរប្រើពាក្យផ្ដើមដែលមានប្រសិទ្ធភាព
១. តើយើងអាចរៀនអ្វីខ្លះពីពាក្យផ្ដើមផ្សេងៗរបស់គ្រិស្តសាសនិកនៅជំនាន់ដើម?
១ គ្រិស្តសាសនិកជំនាន់ដើមបានផ្សព្វផ្សាយដំណឹងល្អដល់មនុស្សដែលមានទំនៀមទម្លាប់និងសាសនាខុសៗគ្នា។ (កូឡ. ១:២៣) ទោះជាពួកគេផ្សាយដំណឹងអំពីរាជាណាចក្រព្រះដូចគ្នាក៏ដោយ ពួកគេបានប្រើពាក្យផ្ដើមខុសៗគ្នាអាស្រ័យទៅលើអ្នកស្ដាប់។ ជាឧទាហរណ៍ ពេលពេត្រុសនិយាយទៅកាន់ពួកយូដាដែលមានការគោរពយ៉ាងជ្រាលជ្រៅចំពោះគម្ពីរ គាត់បានប្រើពាក្យផ្ដើមដោយដកស្រង់ពាក្យរបស់យ៉ូអែលដែលជាអ្នកប្រកាសទំនាយ។ (សកម្ម. ២:១៤-១៧) ម្យ៉ាងទៀត សូមកត់សម្គាល់អំពីរបៀបដែលប៉ូលវែកញែកជាមួយជនជាតិក្រិច ដូចដែលបានកត់ទុកនៅសកម្មភាព ១៧:២២-៣១។ សព្វថ្ងៃនេះ មនុស្សនៅតំបន់ខ្លះគោរពបណ្ដាំរបស់ព្រះ ដូច្នេះយើងអាចនិយាយដោយសេរីអំពីគម្ពីរ ពេលយើងផ្សព្វផ្សាយពីផ្ទះមួយទៅមួយ។ ក៏ប៉ុន្តែ យើងប្រហែលជាត្រូវចេះពិចារណាច្រើនជាង ពេលយើងនិយាយជាមួយពួកអ្នកដែលមិនចាប់អារម្មណ៍គម្ពីរឬរឿងសាសនា ឬក៏ពួកអ្នកដែលមិនកាន់គ្រិស្តសាសនា។
២. តើតាមរបៀបណាដែលយើងអាចស្នើផ្ដល់សៀវភៅដើម្បីជួយអ្នកដែលគោរពគម្ពីរ និងអ្នកដែលមិនស្គាល់គម្ពីរ?
២ ស្នើផ្ដល់សៀវភៅដោយប៉ិនប្រសប់: សៀវភៅដែលយើងស្នើផ្ដល់សម្រាប់ឆ្នាំកិច្ចបម្រើនេះនឹងត្រូវប្ដូររាល់ពីរខែម្ដង ជាពិសេសរួមបញ្ចូលទាំងទស្សនាវដ្ដី ខិត្តប័ណ្ណ និងសៀវភៅស្តើង។ ទោះជាមនុស្សក្នុងតំបន់ផ្សាយរបស់យើងជាទូទៅមិនចាប់អារម្មណ៍ចំពោះគម្ពីរក៏ដោយ យើងនៅតែអាចប្រើសៀវភៅផ្សេងៗដែលធ្វើឲ្យពួកគេចាប់អារម្មណ៍។ ប្រហែលជាយើងសម្រេចចិត្តមិនអានបទគម្ពីរជូនម្ចាស់ផ្ទះពេលយើងជួបគាត់លើកដំបូង ឬមិនលើកបញ្ជាក់អំពីគម្ពីរចំៗទេ ប៉ុន្តែ បើគាត់បង្ហាញចំណាប់អារម្មណ៍ យើងអាចត្រឡប់ទៅជួបគាត់ដោយមានបំណងជួយគាត់ឲ្យមានជំនឿទៅលើអ្នកបង្កើត និងបណ្ដាំរបស់លោក។ ម្យ៉ាងទៀត បើយើងកំពុងផ្សព្វផ្សាយដល់អ្នកដែលគោរពគម្ពីរ យើងអាចប្រើសៀវភៅនិងពាក្យផ្ដើមដែលបញ្ជាក់អំពីរឿងនេះ។ តាមពិត ទោះជាមានសៀវភៅដែលត្រូវស្នើផ្ដល់ក្នុងខែនីមួយៗក្ដី យើងនៅតែអាចស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន ឬសៀវភៅស្តើងចូរស្ដាប់ព្រះឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូតបានគ្រប់ពេល។ អ្វីដែលសំខាន់បំផុតគឺ សូមប្រើពាក្យផ្ដើមដែលធ្វើឲ្យគេចង់រៀនអំពីព្រះយេហូវ៉ា។
៣. តើចិត្តរបស់មនុស្សក្នុងតំបន់ផ្សាយប្រៀបដូចជាដីក្នុងន័យអ្វី?
៣ ជ្រួយដី: ចិត្តរបស់មនុស្សប្រៀបដូចជាដី។ (លូក. ៨:១៥) ដីខ្លះត្រូវការជ្រួយ មុនពេលដែលគ្រាប់ពូជនៃសេចក្ដីពិតអាចចាក់ឫស និងលូតលាស់ឡើង។ អ្នកផ្សាយដំណឹងល្អនៅសតវត្សរ៍ទី១ទទួលផលល្អក្នុងការដាំគ្រាប់ពូជនៅលើដីគ្រប់ប្រភេទ ហើយនេះបានធ្វើឲ្យពួកគេមានអំណរនិងស្កប់ចិត្ត។ (សកម្ម. ១៣:៤៨, ៥២) យើងក៏អាចទទួលផលល្អបែបនេះដែរ បើយើងយកចិត្តទុកដាក់ចំពោះពាក្យផ្ដើមរបស់យើង។