«ចូរស្នើផ្ដល់ទស្សនាវដ្ដីចាស់ៗ ឬសៀវភៅស្តើងណាក៏ដោយដែលមាន ប្រធានបទដែលម្ចាស់ផ្ទះចាប់អារម្មណ៍»
ក្នុងអំឡុងខែដែលយើងស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន ហើយស្នើសុំបង្រៀនគម្ពីរពេលជួបម្ចាស់ផ្ទះជាលើកដំបូង បើម្ចាស់ផ្ទះមានសៀវភៅព្រះគម្ពីរបង្រៀនរួចហើយ ប៉ុន្តែមិនព្រមសិក្សាគម្ពីរ យើងបានត្រូវលើកទឹកចិត្តឲ្យ«ស្នើផ្ដល់ទស្សនាវដ្ដីចាស់ៗឬសៀវភៅស្តើងណាក៏ដោយដែលមានប្រធានបទដែលម្ចាស់ផ្ទះចាប់អារម្មណ៍»។ ហេតុអ្វី?
សៀវភៅស្តើងនិងទស្សនាវដ្ដីចាស់ៗមានប្រធានបទផ្សេងៗដែលមានប្រយោជន៍នៅសព្វថ្ងៃនេះ។ មានអ្វីមួយក្នុងសៀវភៅទាំងនេះប្រហែលជាមានឥទ្ធិពលលើចិត្តម្ចាស់ផ្ទះ។ ហេតុនេះ ពេលអ្នករៀបចំកាតាបឬកាបូបសម្រាប់ផ្សព្វផ្សាយ សូមដាក់សៀវភៅស្តើងនិងទស្សនាវដ្ដីចាស់ៗបីបួនផ្សេងៗគ្នា។ បើអ្នកគ្មានទស្សនាវដ្ដីចាស់ៗទេ ប្រហែលជាអ្នកអាចសុំពីអ្នកទទួលខុសត្រូវផ្នែកទស្សនាវដ្ដី។ ដូច្នេះបើម្ចាស់ផ្ទះមានសៀវភៅព្រះគម្ពីរបង្រៀនតែមិនព្រមសិក្សាគម្ពីរ អ្នកអាចបង្ហាញគាត់នូវទស្សនាវដ្ដីចាស់ៗឬសៀវភៅស្តើងដែលអ្នកមាន ហើយអញ្ជើញគាត់ឲ្យជ្រើសរើសអ្វីដែលគាត់ចាប់អារម្មណ៍។ បន្ទាប់មក សូមណាត់ពេលត្រឡប់ទៅជួបដើម្បីបណ្ដុះចំណាប់អារម្មណ៍របស់គាត់។ នៅទីបំផុតអ្នកប្រហែលជាអាចចាប់ផ្ដើមបង្រៀនគម្ពីរបាន។