ចូរប្រើទស្សនាវដ្ដីលេខមុនៗឲ្យបានប្រយោជន៍ច្រើនបំផុត
បើយើងទុកទស្សនាវដ្ដីលេខមុនៗឬបោះចោល នោះនឹងគ្មានប្រយោជន៍ដល់នរណាម្នាក់ទេ។ ដូច្នេះ យើងគួរព្យាយាមស្នើផ្ដល់ទស្សនាវដ្ដីទាំងនោះ។ ទស្សនាវដ្ដីមួយអាចជួយឲ្យមនុស្សម្នាក់មានចំណាប់អារម្មណ៍ចំពោះសេចក្ដីពិតបាន ថែមទាំងជំរុញចិត្តគាត់ឲ្យហៅរកនាមរបស់ព្រះយេហូវ៉ា។ (រ៉ូម ១០:១៣, ១៤) នៅខាងក្រោមនេះមានយោបល់ខ្លះដែលជួយយើងឲ្យចេះប្រើទស្សនាវដ្ដីលេខមុនៗឲ្យបានប្រយោជន៍ច្រើនបំផុត។
• ពេលអ្នកផ្សព្វផ្សាយនៅតំបន់ផ្សាយដែលមិនសូវផ្សាយជាញឹកញាប់ អ្នកប្រហែលជាអាចទុកទស្សនាវដ្ដីមួយនៅផ្ទះផ្សេងៗដោយមិនឲ្យអ្នកឯទៀតឃើញ។
• ពេលអ្នកផ្សព្វផ្សាយនៅកន្លែងសាធារណៈ ដូចជានៅចំណតឡានក្រុងឬចំណតរថភ្លើងជាដើម។ អ្នកអាចសួរអ្នកធ្វើដំណើរទាំងនោះថា តើពួកគេចង់អានអ្វីណាមួយទេ? បើពួកគេចង់អានមែន សូមបង្ហាញទស្សនាវដ្ដីលេខមុនៗមួយចំនួន ហើយឲ្យពួកគេជ្រើសរើស។
• ពេលអ្នកផ្សព្វផ្សាយនៅកន្លែងបោកអ៊ុត មណ្ឌលថែទាំមនុស្សវ័យចាស់ គ្លីនិក ឬកន្លែងស្រដៀងនឹងនេះក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំអ្នក អ្នកអាចទុកទស្សនាវដ្ដីលេខមុនៗពីរបីច្បាប់នៅកន្លែងដែលគេរង់ចាំ។ ធម្មតាជាការល្អឲ្យអ្នកសុំការអនុញ្ញាតពីអ្នកទទួលខុសត្រូវមុនសិន បើគាត់នៅទីនោះ។ បើអ្នកឃើញមានទស្សនាវដ្ដីរបស់យើងខ្លះនៅទីនោះហើយ សូមកុំទុកថែមទៀត។
• ពេលអ្នករៀបចំសម្រាប់ការត្រឡប់ទៅជួប សូមគិតអំពីចំណាប់អារម្មណ៍របស់បុគ្គលម្នាក់ៗដែលអ្នកចង់ទៅជួប។ ឧទាហរណ៍ តើគាត់មានគ្រួសារទេ? តើគាត់ចូលចិត្តធ្វើដំណើរទេ? តើគាត់ចូលចិត្តថែសួនទេ? សូមមើលទស្សនាវដ្ដីលេខមុនៗទាំងអស់ ដើម្បីដឹងថាមានអត្ថបទណាមួយដែលគាត់ប្រហែលជាចូលចិត្តអាន ហើយសូមបង្ហាញអត្ថបទនោះដល់គាត់ ពេលអ្នកត្រឡប់ទៅជួប។
• ពេលអ្នកជួបអ្នកចាប់អារម្មណ៍នៅផ្ទះគាត់ ក្រោយពីអ្នកព្យាយាមទៅជួបគាត់ម្ដងហើយម្ដងទៀត សូមបង្ហាញគាត់ទស្សនាវដ្ដីលេខមុនៗខ្លះដែលគាត់មិនទាន់បានទទួល។