ប្រអប់សំណួរ
◼ តើមានគោលការណ៍គម្ពីរអ្វីខ្លះ ដែលទាក់ទងនឹងការប្រើទូរស័ព្ទដៃក្នុងអំឡុងពេលប្រជុំ និងពេលចូលរួមកិច្ចបម្រើផ្សាយ?
«មានពេលសំរាប់គ្រប់ទាំងអស់»។ (សាស្ដ. ៣:១): ទូរស័ព្ទដៃផ្ដល់ឱកាសឲ្យមនុស្សនិយាយឬផ្ញើសារនៅពេលណាក៏បាន។ ប៉ុន្តែ ពេលខ្លះគ្រិស្តសាសនិកមិនចង់ឲ្យទូរស័ព្ទបំបែរអារម្មណ៍របស់ខ្លួនឡើយ។ ជាឧទាហរណ៍ កិច្ចប្រជុំជាពេលសម្រាប់គោរពប្រណិប័តន៍ព្រះយេហូវ៉ា និងដើម្បីទទួលការណែនាំខាងបណ្ដាំព្រះ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក។ (ចោ. ៣១:១២; ទំនុក. ២២:២២; រ៉ូម ១:១១, ១២) តើយើងអាចបិទទូរស័ព្ទដៃពេលយើងមកកិច្ចប្រជុំ ហើយមើលសារក្នុងទូរស័ព្ទក្រោយពីយើងចេញពីប្រជុំបានទេ? បើអាចមានរឿងជាបន្ទាន់មិនអាចបិទទូរស័ព្ទបាន យើងដាក់សំឡេងរោទ៍កុំឲ្យរំខានអ្នកឯទៀត។
«ធ្វើអ្វីៗទាំងអស់ដើម្បីដំណឹងល្អ»។ (១កូ. ៩:២៣): ក្នុងករណីខ្លះ មានហេតុប្រើទូរស័ព្ទដៃនៅក្នុងកិច្ចបម្រើផ្សាយ។ ជាឧទាហរណ៍ បងប្រុសដែលដឹកនាំក្រុមផ្សព្វផ្សាយ ប្រហែលជាប្រើទូរស័ព្ទដៃដើម្បីដឹងថាបងប្អូនដែលផ្សាយក្នុងតំបន់ផ្សាយរបស់គាត់នៅកន្លែងណា។ អ្នកផ្សាយខ្លះប្រើទូរស័ព្ទដៃដើម្បីទូរស័ព្ទទៅអ្នកចាប់អារម្មណ៍ឬសិស្សគម្ពីរមុនគាត់ទៅជួប ជាពិសេសបើគាត់រស់នៅកន្លែងឆ្ងាយ។ ប្រសិនបើយើងមានទូរស័ព្ទដៃនៅជាមួយ យើងគួរប្រយ័ត្នកុំឲ្យបង្អាក់យើងពេលកំពុងនិយាយជាមួយម្ចាស់ផ្ទះ។ (២កូ. ៦:៣) នៅពេលដៃគូយើងកំពុងផ្សាយ ជាការល្អប្រសើរដែលយើងប្រមូលអារម្មណ៍ទៅលើកិច្ចបម្រើនិងដៃគូរបស់យើង ជាជាងទូរស័ព្ទឬផ្ញើសារទៅមិត្តភក្ដិ មែនទេ?
ចូរយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ (១កូ. ១០:២៤; ភី. ២:៤): យើងពិតជាមិនចង់មើលស្រាលនូវសារៈសំខាន់នៃការមកទាន់ពេលដើម្បីចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដោយសារតែយើងមានគំនិតថាចាំទូរស័ព្ទសួរបងប្អូនអំពីកន្លែងផ្សាយក៏បាន។ ពេលយើងមកយឺត ភាគច្រើនក្រុមផ្សព្វផ្សាយត្រូវរៀបចំម្ដងទៀត។ យូរៗម្ដងអាចមានកាលៈទេសៈខ្លះដែលយើងមិនដឹងទុកជាមុនបណ្ដាលឲ្យយើងមកយឺត។ ប៉ុន្តែពេលយើងមានទម្លាប់មកទាន់ពេល យើងបង្ហាញថា យើងចេះគិតដល់ប្រយោជន៍នៃការរៀបចំរបស់ព្រះយេហូវ៉ា និងបងប្រុសដែលដឹកនាំ ព្រមទាំងបងប្អូនរួមជំនឿ។