តើអ្នកណានឹងចាប់អារម្មណ៍អត្ថបទនេះ?
១. ពេលយើងអានទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយ តើយើងគួរពិចារណាអំពីអ្វី ហើយហេតុអ្វី?
១ ទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយបានត្រូវរៀបចំឡើងដោយគិតអំពីមនុស្សក្នុងតំបន់ផ្សាយទូទាំងពិភពលោក។ ដូច្នេះហើយ អត្ថបទនីមួយៗមានប្រធានបទផ្សេងៗ។ ពេលយើងអានអត្ថបទក្នុងទស្សនាវដ្ដីរបស់ខ្លួន យើងគួរពិចារណាថាអ្នកណាខ្លះប្រហែលជានឹងចាប់អារម្មណ៍ បន្ទាប់មកស្នើផ្ដល់ដល់បុគ្គលបែបនោះ។
២. តើប្រធានបទអ្វីខ្លះក្នុងទស្សនាវដ្ដីរបស់យើងប្រហែលជានឹងធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍?
២ តើទស្សនាវដ្ដីប៉មយាមថ្មីៗពិគ្រោះប្រធានបទមួយពីគម្ពីរដែលអ្នកធ្លាប់បានលើកឡើងជាមួយអ្នករួមការងារទេ? តើមានអត្ថបទទាក់ទងនឹងជីវិតគ្រួសារដែលអាចជួយដល់សាច់ញាតិរបស់អ្នកឬទេ? តើមានទស្សនាវដ្ដីណាមួយដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សនៅកន្លែងអាជីវកម្ម ឬស្ថាប័នផ្សេងៗខាងរដ្ឋាភិបាលដែលនៅតំបន់ផ្សាយរបស់អ្នកឬទេ? ជាឧទាហរណ៍ ទស្សនាវដ្ដីដែលរៀបរាប់អំពីបញ្ហាដែលមនុស្សវ័យចាស់ជួបប្រទះ ប្រហែលជាធ្វើឲ្យអ្នកនៅមណ្ឌលចាស់ជរាចាប់អារម្មណ៍។ ពួកអាជ្ញាធរប្រហែលជាចាប់អារម្មណ៍ទស្សនាវដ្ដីដែលមានប្រធានបទស្តីអំពីបទឧក្រិដ្ឋ។
៣. សូមប្រាប់បទពិសោធន៍មួយដែលបញ្ជាក់អំពីសារៈសំខាន់នៃការស្នើផ្ដល់ទស្សនាវដ្ដីដែលមានប្រធានបទណាមួយដែលយើងគិតថាមនុស្សចាប់អារម្មណ៍។
៣ លទ្ធផល: ក្រោយពីទទួលទស្សនាវដ្ដីភ្ញាក់រឭក!(Awake!) ខែតុលា ឆ្នាំ២០១១ ដែលមានចំណងជើងថា«របៀបចិញ្ចឹមអប់រំកូនឲ្យចេះទទួលខុសត្រូវ» ប្ដីប្រពន្ធមួយគូនៅប្រទេសអាហ្វ្រិកខាងត្បូងបានទូរស័ព្ទទៅសាលារៀន២៥កន្លែង ក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំពួកគាត់។ ម្ភៃពីរកន្លែងបានទទួលទស្សនាវដ្ដីជាច្រើន និងចែកចាយដល់សិស្ស។ ប្ដីប្រពន្ធមួយគូទៀតក្នុងប្រទេសនោះមានគំនិតដូចគ្នា ហើយបានចែកចាយទស្សនាវដ្ដីនៅសាលារៀនក្នុងតំបន់ផ្សាយរបស់ពួកគាត់ដែរ។ គ្រូបង្រៀននៅសាលារៀនមួយបានសម្រេចឲ្យអានទស្សនាវដ្ដីនោះក្នុងកម្មវិធីសិក្សារាល់សប្ដាហ៍។ ប្ដីប្រពន្ធមួយគូនោះបានប្រាប់បទពិសោធន៍ដល់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ក្រោយមក អ្នកត្រួតពិនិត្យនោះបានលើកទឹកចិត្តក្រុមជំនុំក្នុងមណ្ឌលរបស់គាត់ឲ្យទាក់ទងនឹងសាលារៀនក្នុងតំបន់ផ្សាយរបស់ខ្លួន។ ការិយាល័យសាខាបានទទួលការកុម្ម៉ង់បន្ថែមយ៉ាងច្រើនរហូតដល់ទស្សនាវដ្ដីនោះត្រូវបោះពុម្ពម្ដងទៀត។
៤. ហេតុអ្វីយើងចង់ស្នើផ្ដល់ទស្សនាវដ្ដីដល់មនុស្សច្រើនបំផុតតាមដែលអាចធ្វើបាន?
៤ ទស្សនាវដ្ដីរបស់យើងបញ្ជាក់អត្ថន័យពិតនៃព្រឹត្ដិការណ៍ពិភពលោក ហើយប្រមូលអារម្មណ៍ទៅលើគម្ពីរនិងរាជាណាចក្រព្រះ។ ទស្សនាវដ្ដីរបស់យើងជាទស្សនាវដ្ដីតែមួយគត់នៅផែនដីដែល«ថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ»។ (អេ. ៥២:៧) ដូច្នេះ យើងចង់ស្នើផ្ដល់ទស្សនាវដ្ដីទាំងនោះដល់មនុស្សច្រើនបំផុតតាមដែលអាចធ្វើបាន។ វិធីល្អមួយដើម្បីធ្វើបែបនេះគឺដោយសួរខ្លួនថា៖ ‹តើអ្នកណានឹងចាប់អារម្មណ៍អត្ថបទនេះ?›។