ខែសីហានឹងមានសកម្មភាពផ្សាយជាប្រវត្ដិសាស្ត្រ!
ខិត្តប័ណ្ណថ្មីមួយនឹងត្រូវចែកចាយនៅទូទាំងពិភពលោក
១. ដោយសាររាជាណាចក្រព្រះគ្រប់គ្រងអស់ជិត១០០ឆ្នាំហើយ តើយើងនឹងធ្វើកម្មវិធីពិសេសអ្វីនៅទូទាំងពិភពលោក?
១ ឆ្នាំនេះ រាជាណាចក្ររបស់ព្រះបានគ្រប់គ្រង១០០ឆ្នាំហើយ ដូច្នេះជាការសមរម្យដែលយើងចង់លើកតម្កើងព្រះយេហូវ៉ា តាមរយៈកម្មវិធីផ្សព្វផ្សាយពិសេស! ក្នុងអំឡុងខែសីហា យើងនឹងព្យាយាមចែកចាយខិត្តប័ណ្ណថ្មីដែលមានចំណងជើងថា ពេលមានចម្ងល់អំពីជីវិត តើអាចរកចម្លើយនៅឯណា? សកម្មភាពចែកចាយនេះនឹងត្រូវធ្វើឡើងទូទាំងពិភពលោក។ ខិត្តប័ណ្ណនេះលើកទឹកចិត្តអ្នកអានឲ្យរកចម្លើយពីគម្ពីរ ដោយប្រើគេហទំព័រjw.org។
២. តើយើងអាចចូលរួម‹ស្រែកឡើង ជាសំរែកយ៉ាងខ្លាំងសរសើរដល់ព្រះយេហូវ៉ា›ក្នុងខែសីហាខាងមុខនេះយ៉ាងដូចម្ដេច?
២ សរសើរព្រះដោយសម្រែកយ៉ាងខ្លាំង: សម្រាប់អ្នកផ្សាយដែលចង់ធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងអំឡុងខែសីហា អង្គការយើងបានផ្ដល់នូវការរៀបចំពិសេសមួយ ដើម្បីជួយពួកគេឲ្យបង្កើនកិច្ចបម្រើផ្សាយ។ ក្នុងអំឡុងខែនោះ អ្នកផ្សាយនឹងត្រូវអនុញ្ញាតឲ្យធ្វើជាអ្នកត្រួសត្រាយជំនួយ ដោយផ្សព្វផ្សាយតែ៣០ម៉ោងប៉ុណ្ណោះ។ ដោយសារខែសីហាមានថ្ងៃសុក្រ សៅរ៍ និងអាទិត្យចំនួន៥ដង ដូច្នេះអ្នកផ្សាយជាច្រើនដែលជាអ្នកធ្វើការពេញពេល ឬជានិស្សិត ពួកគាត់អាចធ្វើជាអ្នកត្រួសត្រាយជំនួយបាន។ បើអ្នកមានសិស្សគម្ពីរដែលរីកចម្រើន ឬកូនដែលចង់ក្លាយជាអ្នកផ្សព្វផ្សាយ សូមនិយាយជាមួយនឹងអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំឲ្យបានឆាប់បំផុត។ កាលដែលសិស្សគម្ពីរទាំងនេះចូលរួមផ្សព្វផ្សាយជាមួយនឹងយើងក្នុងអំឡុងខែដ៏សំខាន់នោះ ពិតជាលើកទឹកចិត្តយើងណាស់! ទោះជាអ្នកត្រួសត្រាយពេញពេលជាច្រើនយកវិស្សមកាលក្នុងអំឡុងខែសីហា ដោយសារពួកគេបានបំពេញចំនួនម៉ោងប្រចាំឆ្នាំហើយក្ដី តែប្រហែលជាពួកគេអាចកែសម្រួលកម្មវិធីរបស់ខ្លួនដើម្បីអាចចូលរួមយ៉ាងពេញលេញក្នុងកម្មវិធីផ្សព្វផ្សាយពិសេសនេះ។ ជាការល្អ បើចាប់ពីឥឡូវ ក្រុមគ្រួសារទាំងឡាយពិភាក្សាគ្នាអំពីរបៀបដែលពួកគេនឹងចូលរួម‹ស្រែកឡើង ជាសំរែកយ៉ាងខ្លាំងសរសើរដល់ព្រះយេហូវ៉ា›ក្នុងខែសីហាខាងមុខនេះ។—អែស. ៣:១១; សុភ. ១៥:២២
៣. ស្តីអំពីកម្មវិធីពិសេសនេះ តើយើងសង្ឃឹមយ៉ាងណា?
៣ ទោះជាពីមុនយើងធ្លាប់មានសកម្មភាពផ្សព្វផ្សាយពិសេសក្ដី តែយើងសង្ឃឹមថាលើកនេះនឹងទៅជាសកម្មភាពផ្សាយជាប្រវត្ដិសាស្ត្រ។ តើយើងនឹងមានចំនួនម៉ោង អ្នកផ្សព្វផ្សាយ និងអ្នកត្រួសត្រាយជំនួយកើនឡើងដល់កំពូលថ្មីក្នុងអំឡុងខែសីហាឬទេ? កាលដែលចប់ឆ្នាំកិច្ចបម្រើ២០១៤ សូមឲ្យព្រះយេហូវ៉ាផ្ដល់ពរដល់ការខំព្យាយាមរបស់រាស្ត្រលោកនៅទូទាំងផែនដី ដើម្បីយើងអាចធ្វើឲ្យខែសីហាទៅជាខែសកម្មភាពផ្សាយពិសេសដែលមិនធ្លាប់មាន!—ម៉ាថ. ២៤:១៤