តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះខ្ញុំ?
១. ហេតុអ្វីគម្ពីរគឺដូចកញ្ចក់ឆ្លុះមុខ?
១ ជារឿយៗ តើអ្នកឆ្លុះកញ្ចក់ទេ? យើងភាគច្រើនឆ្លុះកញ្ចក់រៀងរាល់ថ្ងៃ ដើម្បីដឹងថាយើងបានរៀបចំខ្លួនស្អាតបាតហើយឬនៅ។ គម្ពីរបានត្រូវប្រដូចទៅនឹងកញ្ចក់ឆ្លុះមុខ។ ពេលយើងអានបណ្ដាំរបស់ព្រះ នោះយើងហាក់ដូចជាឆ្លុះឃើញធាតុពិតរបស់ខ្លួន ដូចអ្វីដែលព្រះយេហូវ៉ាឃើញដែរ។ (១សាំ. ១៦:៧; យ៉ា. ១:២២-២៤) បណ្ដាំរបស់ព្រះអាច«បង្ហាញឲ្យឃើញគំនិតនិងបំណងចិត្ត»របស់យើង។ (ហេ. ៤:១២) ការអាននិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ អាចជួយយើងឲ្យឃើញនូវចំណុចដែលយើងគួរកែលម្អ ដើម្បីក្លាយទៅជាអ្នកផ្សាយដែលមានប្រសិទ្ធភាពច្រើនជាង។ តើអាចជួយយើងយ៉ាងដូចម្ដេច?—ទំនុក. ១:១-៣
២. តើគម្ពីរអាចជួយយើងឲ្យពិចារណាអំពីខ្លួនយើងយ៉ាងដូចម្ដេច?
២ ចូរប្រើគម្ពីរដូចកញ្ចក់ឆ្លុះ: កំណត់ហេតុគម្ពីរអំពីអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ា បង្រៀនយើងអំពីគុណសម្បត្ដិដែលធ្វើឲ្យលោកពេញចិត្ត។ ជាឧទាហរណ៍ ដាវីឌបានខ្នះខ្នែងការពារកិត្ដិនាមរបស់ព្រះ។ (១សាំ. ១៧:៤៥, ៤៦) អេសាយស្ម័គ្រចិត្តបម្រើនៅតំបន់ដែលពិបាកផ្សព្វផ្សាយ។ (អេ. ៦:៨, ៩) ដោយសារលោកយេស៊ូស្រឡាញ់បិតារបស់លោកនៅស្ថានសួគ៌យ៉ាងខ្លាំង នោះលោកយេស៊ូចាត់ទុកកិច្ចបម្រើរបស់លោកជាអ្វីដែលគួរឲ្យរីករាយ មិនមែនជាអ្វីដែលគួរឲ្យធុញទ្រាន់នោះទេ។ (យ៉ូន. ៤:៣៤) គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានខ្នះខ្នែងផ្សព្វផ្សាយ បានទុកចិត្តព្រះយេហូវ៉ាទាំងស្រុង ហើយបានតាំងចិត្តមិនរាយថយជាដាច់ខាត។ (សកម្ម. ៥:៤១, ៤២; ២កូ. ៤:១; ២ធី. ៤:១៧) ការរំពឹងគិតអំពីឧទាហរណ៍បែបនេះ ជួយយើងឲ្យពិចារណាអំពីខ្លួនយើងដោយមានគោលបំណងបង្កើនគុណភាពនៃកិច្ចបម្រើពិសិដ្ឋរបស់យើង។
៣. ហេតុអ្វីយើងត្រូវកែខ្លួនភ្លាមៗ?
៣ ចាត់វិធានការកែប្រែលក្ខណៈមិនល្អ: បើយើងឆ្លុះកញ្ចក់ហើយឃើញអ្វីដែលមិនល្អ តែយើងមិនកែលម្អទេ នោះការឆ្លុះកញ្ចក់គ្មានប្រយោជន៍ឡើយ។ ដូចគ្នាដែរ យើងអាចសុំព្រះយេហូវ៉ាជួយយើងឲ្យយល់និងទទួលស្គាល់ការពិតអំពីខ្លួនយើង ហើយជួយយើងឲ្យកែប្រែលក្ខណៈមិនល្អ។ (ទំនុក. ១៣៩:២៣, ២៤; លូក. ១១:១៣) ដោយសារពេលវេលាដែលនៅសល់មានតែបន្ដិច ហើយមនុស្សអាចបាត់បង់ជីវិតបាន នោះយើងមិនត្រូវបង្អែបង្អង់ឡើយ តែយើងត្រូវកែខ្លួនភ្លាមៗ។—១កូ. ៧:២៩; ១ធី. ៤:១៦
៤. បើមនុស្សម្នាក់ធ្វើតាមអ្វីដែលគាត់អានក្នុងបណ្ដាំរបស់ព្រះ តើនឹងមានលទ្ធផលយ៉ាងណា?
៤ ព្រះយេហូវ៉ាមើលធាតុពិតរបស់យើង។ ហេតុនេះធាតុពិតរបស់យើងគឺសំខាន់ជាងសម្បកក្រៅរបស់យើងឆ្ងាយណាស់។ (១ពេ. ៣:៣, ៤) បើមនុស្សម្នាក់ពិនិត្យមើលបណ្ដាំរបស់ព្រះ រួចធ្វើតាមអ្វីដែលគាត់អាននោះ តើនឹងមានលទ្ធផលយ៉ាងណា? អ្នកនោះ«នឹងមានសុភមង្គលក្នុងការនោះ ពីព្រោះអ្នកនោះបានក្លាយទៅជាអ្នកដែលធ្វើការនោះ មិនមែនជាអ្នកដែលឮរួចភ្លេចទៅវិញទេ»។ (យ៉ា. ១:២៥) ជាការពិតណាស់ យើងនឹងមានសុភមង្គលនិងប្រសិទ្ធភាពក្នុងកិច្ចបម្រើ ពីព្រោះយើង«ប្រៀបដូចជាកញ្ចក់ឆ្លុះ ដែលជះសិរីរុងរឿងរបស់ព្រះយេហូវ៉ា»។—២កូ. ៣:១៨