ពាក្យផ្សាយគំរូ
ពេលមានចម្ងល់អំពីជីវិត តើអាចរកចម្លើយនៅឯណា?
ជូនខិត្តប័ណ្ណដល់ម្ចាស់ផ្ទះ ដើម្បីគាត់អាចឃើញចំណងជើងខិត្តប័ណ្ណនោះ រួចនិយាយថា «ជម្រាបសួរ ខ្ញុំកំពុងចូលរួមសកម្មភាពចែកចាយដំណឹងដ៏សំខាន់នេះដែលធ្វើឡើងនៅទូទាំងពិភពលោក។ ខ្ញុំជូនលោកអ្នកមួយ»។
បើម្ចាស់ផ្ទះមិននៅផ្ទះទេ តែអ្នកចង់ទុកខិត្តប័ណ្ណនេះឲ្យគាត់ សូមទុកនៅកន្លែងដែលអ្នកឯទៀតមិនឃើញ ហើយមិនចាំបាច់បត់ខិត្តប័ណ្ណនេះច្រើនពេកទេ។
បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ អ្នកប្រហែលជាសួរគាត់អំពីសំណួរដែលជាចំណងជើងខិត្តប័ណ្ណនេះ រួចមកសួរគាត់នូវចម្លើយជ្រើសរើសដែលមាននៅក្រោមចំណងជើង។ បើកខិត្តប័ណ្ណ រួចអានបទគម្ពីរយ៉ូហាន ១៧:១៧។ សូមពន្យល់ដែរថា ក្នុងខិត្តប័ណ្ណនេះមានគេហទំព័ររបស់អង្គការយើងដែលអាចជួយគាត់ឲ្យរកឃើញចម្លើយចំពោះចម្ងល់អំពីជីវិតដោយប្រើគម្ពីរបរិសុទ្ធ។ អ្នកអាចបង្ហាញវីដេអូគំរូមួយ ដែលមានចំណងជើងថា ហេតុអ្វីគួររៀនគម្ពីរ? មុនអ្នកចាកចេញ សូមបង្ហាញសំណួរទាំងបីដែលមាននៅខ្នងខិត្តប័ណ្ណនេះ រួចសួរថា «តើលោកអ្នកចង់ដឹងចម្លើយមួយណាខ្លាំងបំផុត?»។ បន្ទាប់មកស្នើសុំត្រឡប់ទៅជួបវិញ ដើម្បីអ្នកអាចបង្ហាញរបៀបរកចម្លើយចំពោះសំណួរនោះពីគម្ពីរ តាមរយៈគេហទំព័រjw.org/km។ ពេលត្រឡប់ទៅជួបម្ចាស់ផ្ទះវិញ សូមពិគ្រោះចម្លើយក្នុងគេហទំព័រយើង ដោយចុច«សៀវភៅផ្សេងៗ» រួចចុចលើខិត្តប័ណ្ណដែលមានចម្លើយចំពោះសំណួរទាំងនោះ។
បើអ្នកកំពុងចូលរួមចែកលិខិតអញ្ជើញសម្រាប់មហាសន្និបាតតាមភូមិភាគ នោះអ្នកក៏អាចជូនលិខិតអញ្ជើញនេះដល់ម្ចាស់ផ្ទះ នៅពេលដំណាលគ្នាដែលអ្នកជូនខិត្តប័ណ្ណនេះឲ្យគាត់ដែរ រួចនិយាយថា «ខ្ញុំក៏ជូនលិខិតអញ្ជើញនេះដល់លោកអ្នកដែរ សូមអញ្ជើញចូលរួមកម្មវិធីសាធារណៈដោយឥតគិតថ្លៃ ដែលនឹងមាននៅពេលខាងមុខនេះ»។
ទស្សនាវដ្ដីប៉មយាម ខែកក្កដា–កញ្ញា
នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ បើឃើញថាសមគួរក្នុងការស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម នោះអ្នកអាចនិយាយថា «ខ្ញុំសូមជូនទស្សនាវដ្ដីលេខថ្មីនេះដល់លោកអ្នក។ ទស្សនាវដ្ដីនេះមានចម្លើយចំពោះសំណួរថា តើគួរជក់បារីឬទេ?»។