ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះ
ហេតុអ្វីសំខាន់?: លោកយេស៊ូឲ្យតម្លៃមនុស្សម្នាក់ៗ ហើយលោកបង្ហាញការយកចិត្តទុកដាក់ចំពោះពួកគេដោយសេចក្ដីស្រឡាញ់។ ឧទាហរណ៍ នៅពេលមួយលោកប្រហែលជាដឹងថាបុរសថ្លង់ម្នាក់មានអារម្មណ៍ខ្មាស ដូច្នេះលោកបាននាំបុរសនោះទៅកន្លែងស្ងាត់ដោយឡែកពីបណ្ដាជន ដើម្បីប្រោសឲ្យគាត់ជា។ (ម៉ាក. ៧:៣១-៣៥) នៅពេលមួយទៀត លោកបានបង្ហាញការយោគយល់ចំពោះអ្នកកាន់តាមលោកដោយទទួលស្គាល់កម្រិតយល់ដឹងរបស់ពួកគេ ហើយលោកមិនបានប្រាប់ព័ត៌មានច្រើនពេកដល់ពួកគេទេ។ (យ៉ូន. ១៦:១២) ទោះបីលោកយេស៊ូនៅស្ថានសួគ៌ក៏ដោយ លោកនៅតែបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះមនុស្ស។ (២ធី. ៤:១៧) ក្នុងនាមជាអ្នកកាន់តាមលោកយេស៊ូ យើងចង់ធ្វើតាមគំរូរបស់លោក។ (១ពេ. ២:២១; ១យ៉ូន. ៣:១៦, ១៨) បន្ថែមទៀត យើងនឹងមានប្រសិទ្ធភាពច្រើនជាងក្នុងកិច្ចបម្រើផ្សាយ បើយើងបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះម្ចាស់ផ្ទះ ដោយគិតអំពីកាលៈទេសៈ ចំណាប់អារម្មណ៍ និងកង្វល់របស់ពួកគាត់។ ម្ចាស់ផ្ទះទំនងជានឹងស្ដាប់យើងច្រើនជាង បើគាត់ដឹងថាយើងមិនគ្រាន់តែមកផ្សព្វផ្សាយឬជូនសៀវភៅគាត់ប៉ុណ្ណោះទេ តែយើងពិតជាយកចិត្តទុកដាក់យ៉ាងស្មោះចំពោះគាត់។
របៀបអនុវត្ត:
• រៀបចំឲ្យបានល្អ។ សូមសម្រួលអារម្មណ៍ ហើយញញឹមរួសរាយរាក់ទាក់។
• ចេះសង្កេតមើល។ តើអ្នកឃើញអ្វីដែលបង្ហាញថាគាត់មានកូនឬទេ? តើគាត់ចូលចិត្តដាំផ្កាឬមានសត្វចិញ្ចឹមឬទេ? តើគាត់មានជំនឿលើសាសនាណាមួយឬ? អ្នកប្រហែលជាអាចកែសម្រួលពាក្យផ្ដើមរបស់អ្នកឲ្យសមនឹងកាលៈទេសៈរបស់គាត់។
• សួរទស្សនៈរបស់គាត់ និងស្ដាប់យ៉ាងយកចិត្តទុកដាក់ ហើយបើមិនចាំបាច់កុំនិយាយកាត់គាត់។ សូមមើលមុខគាត់ពេលគាត់និយាយដើម្បីបង្ហាញថាអ្នកកំពុងស្ដាប់គាត់។ សូមអរគុណចំពោះទស្សនៈរបស់គាត់ និងសរសើរគាត់យ៉ាងស្មោះ។ សូមកុំឈ្លោះប្រកែកជាមួយគាត់។
• ចេះប្រែប្រួល។ បើចាំបាច់ សូមកែសម្រួលពាក្យផ្សាយរបស់អ្នកឲ្យទាក់ទងនឹងកង្វល់របស់គាត់។ ការធ្វើបែបនេះប្រហែលជាមិនពិបាកទេ ព្រោះខិត្តប័ណ្ណ សៀវភៅស្តើង និងទស្សនាវដ្ដីរបស់យើងមានប្រធានបទផ្សេងៗ។ បើអ្នកបានទៅជួបគាត់នៅពេលគាត់ជាប់រវល់ សូមទទួលស្គាល់ថាគាត់ពិតជារវល់មែន ហើយនិយាយឲ្យខ្លីជាង។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
• សូមហាត់ធ្វើតាមយោបល់ទាំងនេះ ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ឬក្នុងកិច្ចបម្រើផ្សាយដែលតម្រូវឲ្យអ្នកផ្សាយកែសម្រួលពាក្យផ្សាយរបស់គាត់ឲ្យស្របតាមអ្វីដែលម្ចាស់ផ្ទះនិយាយ។
• ក្នុងអំឡុងកិច្ចប្រជុំផ្សព្វផ្សាយខ្លះ អ្នកដឹកនាំអាចពិគ្រោះឬធ្វើការសម្ដែង អំពីវិធីផ្សេងៗដែលយើងអាចបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះម្ចាស់ផ្ទះ។