ចូរបង្ហាញចំណាប់អារម្មណ៍ដោយចេះសង្កេតមើល
១ ព្រះយេហូវ៉ានិងព្រះគ្រីស្ទយេស៊ូពូកែស្គាល់សេចក្ដីត្រូវការរបស់មនុស្សម្នាក់ៗនិងពូកែផ្ដល់ជំនួយដល់ពួកគេ។ (២របា. ១៦:៩; ម៉ាក. ៦:៣៤) កាលណាយើងស្គាល់ចំណាប់អារម្មណ៍និងកង្វល់របស់អ្នកដែលយើងជួបក្នុងកិច្ចបំរើផ្សាយ យើងអាចកែសម្រួលរបៀបដែលយើងប្រាប់ដំណឹងល្អស្របទៅតាមនោះ។
២ ចូរសង្កេតមើលឲ្យបានសព្វគ្រប់: ព្រះយេស៊ូចេះសង្កេតមើលលក្ខណៈរបស់មនុស្សម្នាក់ៗ។ (ម៉ាក. ១២:៤១-៤៣; លូ. ១៩:១-៦) ស្រដៀងគ្នាដែរ មុននឹងយើងជួបម្ចាស់ផ្ទះ ប្រហែលជាយើងអាចកត់សម្គាល់ឃើញរបស់ផ្សេងៗ ដូចជារបស់ដែលបង្ហាញពីជំនឿសាសនារបស់ម្ចាស់ផ្ទះ។ ប្រហែលជាមានយានយន្តដែលមានបិទផ្លាកសញ្ញាឬអក្សរកាត់របស់អង្គការឬក៏ក្រុមហ៊ុន ហើយក៏អាចមានប្រដាប់លេងនៅរានហាលឬនៅទីធ្លាខាងមុខផ្ទះដែរ។ បើដូច្នោះយើងអាចរកវិធីផ្សព្វផ្សាយដំណឹងល្អដោយប្រសិទ្ធភាពស្របទៅតាមអ្វីដែលយើងបានឃើញ។
៣ ទឹកមុខនិងអាកប្បកិរិយារបស់បុគ្គលម្នាក់អាចបង្ហាញថាគាត់មានអារម្មណ៍យ៉ាងណា។ (សុ. ១៥:១៣) ជួនកាលយើងជួយសំរាលទុក្ខម្ចាស់ផ្ទះដែលបានជួបប្រទះកាលៈទេសៈដែលនាំឲ្យពិបាកចិត្ត ដូចជាមានបងប្អូនញាតិមិត្តទទួលមរណភាពជាដើម។ គាត់ប្រហែលជាចូលចិត្តស្ដាប់យើងអានខគម្ពីរខ្លះដែលទាក់ទងរឿងនោះ។ (សុ. ១៦:២៤) តើម្ចាស់ផ្ទះកំពុងតែប្រញាប់ចេញទៅក្រៅឬបីកូនខ្ចីនៅដៃដែលកំពុងតែយំឬ? បើដូច្នេះមែន យកល្អយើងគួរណាត់ពេលមកជួបគាត់នៅពេលក្រោយ។ បើយើងចេះយល់ចិត្តហើយ«មានចិត្តអាណិតអាសូរ» នេះអាចនាំឲ្យគាត់ចង់ស្ដាប់ពេលយើងត្រឡប់ទៅជួបលើកក្រោយ។—១ពេ. ៣:៨
៤ ចូរកែសម្រួលពាក្យរបស់យើង: សាវ័កប៉ុលបានសង្កេតឃើញមានអាសនាមួយនៅទីក្រុងអាថែនដែលឧទ្ទិសដល់«ព្រះដ៏ពុំស្គាល់»។ នេះនាំឲ្យគាត់កែសម្រួលពាក្យផ្សាយដោយពោលថា៖ «ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះដែលអ្នករាល់គ្នាគោរពបូជាដោយឥតស្គាល់នោះឯង»។ វិធីផ្សព្វផ្សាយដ៏ប៉ិនប្រសប់របស់ប៉ុលបានជំរុញអ្នកខ្លះឲ្យចាប់អារម្មណ៍នឹងសារព្រះរាជាណាចក្រហើយក្លាយទៅជាអ្នកជឿ។—កិច្ច. ១៧:២៣, ៣៤
៥ ស្រដៀងគ្នាដែរ បើយើងចេះសង្កេតមើលរបស់ផ្សេងៗ នេះជួយយើងយល់អំពីចំណាប់អារម្មណ៍របស់មនុស្សម្នាក់ៗ ហើយហេតុដូច្នេះយើងអាចកែសម្រួលវិធីផ្សព្វផ្សាយ។ ចូរប្រើសំនួរដែលប្រហែលជាអាចលើកទឹកចិត្តម្ចាស់ផ្ទះឲ្យបញ្ចេញយោបល់។ ចូរគិតអំពីបទគម្ពីរដែលយើងអាចអានដើម្បីបង្កើនចំណាប់អារម្មណ៍របស់គាត់។ (សុ. ២០:៥) ដោយចេះសង្កេតមើលនិងបង្ហាញចំណាប់អារម្មណ៍ដ៏ស្មោះចំពោះអ្នកឯទៀត នោះយើងអាចផ្សព្វផ្សាយដំណឹងល្អយ៉ាងប៉ិនប្រសប់បាន។