ចូរបង្រៀនគម្ពីរដោយប្រសិទ្ធភាព
១. ក្នុងនាមជាអ្នកបង្រៀនគម្ពីរ តើយើងមានភារកិច្ចអ្វី?
១ គ្មានអ្នកណាម្នាក់អាចបម្រើព្រះយេហូវ៉ាបានទេ លុះត្រាតែលោក«ទាញនាំ»អ្នកនោះមក។ (យ៉ូន. ៦:៤៤) ទោះជាយ៉ាងនោះក៏ដោយ យើងជាអ្នកបង្រៀនគម្ពីរត្រូវខំព្យាយាមជួយមនុស្សឲ្យចូលទៅជិតព្រះដែលជាបិតានៅស្ថានសួគ៌របស់ពួកគេ។ (យ៉ា. ៤:៨) នេះតម្រូវឲ្យយើងមានការរៀបចំល្អ។ បើគ្រាន់តែអានវគ្គនីមួយៗ ហើយសួរសំណួរ នោះមិនគ្រប់គ្រាន់ដើម្បីជួយសិស្សគម្ពីរឲ្យយល់អំពីដំណឹងល្អ ហើយរីកចម្រើនបានឡើយ។
២. តើការបង្រៀនគម្ពីរដែលមានប្រសិទ្ធភាពនឹងជួយសិស្សឲ្យធ្វើអ្វីខ្លះ?
២ ដើម្បីបង្រៀនគម្ពីរដែលមានប្រសិទ្ធភាព យើងត្រូវតែជួយសិស្សគម្ពីរឲ្យ (១) យល់អំពីអ្វីដែលគម្ពីរបង្រៀន (២) ទទួលយកអ្វីដែលគម្ពីរបង្រៀន (៣) អនុវត្តអ្វីដែលគម្ពីរបង្រៀន។ (យ៉ូន. ៣:១៦; ១៧:៣; យ៉ា. ២:២៦) យើងអាចចំណាយពេលជាច្រើនខែដើម្បីជួយសិស្សឲ្យធ្វើតាមជំហានខាងលើនេះ ព្រោះជំហាននីមួយៗជួយសិស្សគម្ពីរបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា ហើយប្រគល់ខ្លួនជូនលោក។
៣. ហេតុអ្វីអ្នកបង្រៀនគម្ពីរដែលមានប្រសិទ្ធភាពសួរសំណួរដើម្បីឲ្យដឹងទស្សនៈរបស់សិស្ស?
៣ តើសិស្សគម្ពីរកំពុងគិតអំពីអ្វីខ្លះ?: ដើម្បីជួយឲ្យយើងដឹងថាសិស្សគម្ពីរយល់និងទទួលយកអ្វីដែលគាត់បានរៀន យើងគួរជៀសវាងនិយាយច្រើនពេក តែគួរលើកទឹកចិត្តសិស្សឲ្យប្រាប់អំពីគំនិតរបស់គាត់វិញ។ (យ៉ា. ១:១៩) តើគាត់យល់អ្វីដែលគម្ពីរបង្រៀនស្តីអំពីប្រធានបទដែលគាត់កំពុងរៀនឬទេ? តើគាត់អាចពន្យល់ប្រធានបទនោះដោយខ្លួនឯងបានទេ? តើគាត់មានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលគាត់បានរៀន? តើគាត់ជឿថាអ្វីដែលគម្ពីរបង្រៀនគឺសមហេតុផលឬទេ? (១ថែ. ២:១៣) តើគាត់យល់ថាអ្វីដែលគាត់កំពុងរៀនគួរមានឥទ្ធិពលទៅលើរបៀបរស់នៅរបស់គាត់ឬទេ? (កូឡ. ៣:១០) ដើម្បីជួយយើងឲ្យដឹងចម្លើយចំពោះសំណួរទាំងអស់នេះ យើងត្រូវសួរសំណួរដែលលើកទឹកចិត្តសិស្សឲ្យប្រាប់អំពីទស្សនៈរបស់គាត់ រួចមកស្ដាប់គាត់។—ម៉ាថ. ១៦:១៣-១៦
៤. បើសិស្សគម្ពីរពិបាកយល់ឬពិបាកធ្វើតាមអ្វីដែលគាត់បានរៀនពីគម្ពីរ តើយើងគួរធ្វើអ្វីខ្លះ?
៤ ជាញឹកញយ ទម្លាប់និងរបៀបគិតគូររបស់សិស្សគឺចាក់ឫសយ៉ាងជ្រៅ ហើយត្រូវការពេលវេលាដើម្បីកែប្រែ។ (២កូ. ១០:៥) ចុះបើសិស្សមិនព្រមទទួលយកឬអនុវត្តអ្វីដែលគាត់បានរៀនវិញនោះ? យើងត្រូវមានចិត្តអត់ធ្មត់ ហើយឲ្យពេលវេលាកន្លងទៅ ដើម្បីឲ្យបណ្ដាំរបស់ព្រះនិងសកម្មពលបរិសុទ្ធកែប្រែចិត្តរបស់គាត់។ (១កូ. ៣:៦, ៧; ហេ. ៤:១២) ពេលសិស្សពិបាកយល់ឬអនុវត្តការបង្រៀនពីគម្ពីរ ជាជាងបង្ខំគាត់ ជាការល្អឲ្យយើងប្ដូរទៅប្រធានបទផ្សេង។ បើយើងបន្តបង្រៀនសិស្សគម្ពីរដោយចិត្តអត់ធ្មត់និងសេចក្ដីស្រឡាញ់ ប្រហែលជានៅពេលមួយគាត់នឹងកែប្រែ។