ការរៀនពីអ្នកផ្សាយដែលមានបទពិសោធន៍ច្រើនជាង
យើងពិតជាឲ្យតម្លៃខ្លាំងណាស់ចំពោះបងប្អូនអ្នកផ្សាយដែលមានបទពិសោធន៍ក្នុងក្រុមជំនុំ។ បងប្អូនខ្លះបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំ។ បងប្អូនខ្លះទៀតប្រហែលជាមានបទពិសោធន៍ក្នុងកិច្ចបម្រើផ្សាយមិនសូវយូរឆ្នាំ។ បងប្អូនទាំងនេះបានឃើញនូវរបៀបដែលលោកយេស៊ូបានដឹកនាំក្រុមជំនុំគ្រិស្តសាសនិកនៅគ្រាចុងបញ្ចប់នេះ ដោយបង្កើនកិច្ចផ្សព្វផ្សាយនិងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ (ម៉ាថ. ២៨:១៩, ២០) ដោយចូលរួមក្នុងកិច្ចបម្រើផ្សាយនេះ ពួកគាត់បានទទួល«ឫទ្ធានុភាពដែលលើសពីធម្មតា» ពេលពួកគាត់ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួននិងការល្បងលផ្សេងៗ។ (២កូ. ៤:៧) យើងអាចរៀនយ៉ាងច្រើនពីបងប្អូនអ្នកផ្សាយដែលមានបទពិសោធន៍ទាំងនេះ។ ពេលមានឱកាស ពួកគាត់រីករាយនឹងបង្រៀនអ្នកឯទៀតនូវអ្វីដែលពួកគាត់បានរៀន។ (ទំនុក. ៧១:១៨) ហេតុនេះ យើងគួរឆ្លៀតឱកាសរៀនពីពួកគាត់។ តើយើងអាចធ្វើដូច្នោះយ៉ាងដូចម្ដេច?
ក្នុងកិច្ចបម្រើផ្សាយ: ដើម្បីមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ អ្នកផ្សាយថ្មី ឬមិនសូវមានបទពិសោធន៍ត្រូវការការបង្ហាត់បង្រៀន។ ពួកគាត់អាចរៀនអ្វីជាច្រើន ដោយសង្កេតមើលរបៀបដែលអ្នកផ្សាយមានបទពិសោធន៍បំពេញកិច្ចបម្រើផ្សាយ (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ អត្ថបទ«ចូររក្សាចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ» នៅវគ្គទី៣ ក្រោមចំណងជើងតូច«ចូរជួយអ្នកផ្សាយថ្មី»)។ តើអ្នកបានទទួលប្រយោជន៍យ៉ាងណាពីការចូលរួមកិច្ចបម្រើផ្សាយជាមួយនឹងបងប្អូនទាំងនោះ?
តើអ្នកអាចអញ្ជើញអ្នកផ្សាយម្នាក់ដែលមានភាពប៉ិនប្រសប់ឲ្យចូលរួមកិច្ចបម្រើផ្សាយជាមួយនឹងអ្នកឬទេ? បើអ្នកផ្សាយនោះមានវ័យចាស់ពិបាកចេញពីផ្ទះ ប្រហែលម្ដងម្កាល អ្នកអាចសុំបង្រៀនសិស្សគម្ពីររបស់អ្នកនៅផ្ទះរបស់គាត់។ ក្រោយបង្រៀនរួច សូមសួរគាត់ថា តើគាត់ឃើញចំណុចខ្វះខាតអ្វីខ្លះ ហើយសុំគាត់ជូនយោបល់ដល់អ្នក។
សូមចំណាយពេលជាមួយនឹងពួកគាត់: សូមខំស្គាល់អ្នកផ្សាយដែលមានបទពិសោធន៍ឲ្យបានច្បាស់ ដោយចំណាយពេលជាមួយនឹងពួកគាត់។ សូមអញ្ជើញពួកគាត់ណាម្នាក់ឲ្យចូលរួមការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់អ្នក ហើយសួរបទពិសោធន៍របស់គាត់។ បើអ្នកផ្សាយនោះមានវ័យចាស់ពិបាកចេញពីផ្ទះ តើអ្នកអាចរៀបចំគោរពប្រណិប័តន៍ជាក្រុមគ្រួសារនៅផ្ទះរបស់គាត់បានទេ? អ្នកអាចសួរគាត់ដូចជា៖ តើគាត់បានស្គាល់សេចក្ដីពិតយ៉ាងដូចម្ដេច? តើគាត់បានទទួលពរអ្វីខ្លះ? តើគាត់បានឃើញការរីកចម្រើនអ្វីខ្លះក្នុងក្រុមជំនុំ? តើគាត់បានទទួលអំណរយ៉ាងណាពីការបម្រើព្រះយេហូវ៉ា?
សូមចេះយោគយល់ហើយកុំតម្រូវច្រើនពេកពីពួកគាត់។ ដូចយើងដែរ អ្នកផ្សាយដែលបម្រើព្រះយូរឆ្នាំមានភាពប៉ិនប្រសប់ផ្សេងៗឬអំណោយក្នុងកិច្ចបម្រើផ្សាយ។ (រ៉ូម ១២:៦-៨) ដោយសារអ្នកផ្សាយខ្លះមានវ័យចាស់ ពួកគាត់មិនអាចចំណាយពេលច្រើនជាមួយយើងបានទេ។ ទោះជាយ៉ាងនោះក៏ដោយ យើងអាចរៀនយ៉ាងច្រើនពីពួកគាត់ ដោយសារពួកគាត់មានបទពិសោធន៍ក្នុងការបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។