សំណួរពីអ្នកអាន
ពេលដាវីឌបានសរសេរពាក្យនៅចម្រៀងសរសើរព្រះ ៦១:៨ គាត់បាននិយាយថាគាត់នឹងសរសើរនាមរបស់ព្រះ«ជារៀងដរាប» តើនេះមានន័យថាគាត់គិតថាគាត់នឹងមិនស្លាប់ឬទេ?
មិនមែនទេ។ អ្វីដែលដាវីឌបានសរសេរគឺសមត្រឹមត្រូវ។
សូមពិចារណាអំពីអ្វីដែលគាត់បានសរសេរក្នុងខនេះនិងខគម្ពីរដែលស្រដៀងៗ ដូចជា៖ «កាលដែលខ្ញុំធ្វើតាមសម្បថរបស់ខ្ញុំរាល់ថ្ងៃ ខ្ញុំនឹងច្រៀងសរសើរនាមរបស់លោកជារៀងដរាប»។ «ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ ខ្ញុំសូមសរសើរលោកយ៉ាងអស់ពីដួងចិត្ត ហើយខ្ញុំនឹងលើកតម្កើងនាមរបស់លោករហូតតទៅ»។ «ខ្ញុំនឹងសរសើរនាមរបស់លោកជារៀងរហូត»។—ចសព. ៦១:៨; ៨៦:១២; ១៤៥:១, ២
ពេលដាវីឌបានសរសេរពាក្យទាំងនេះ គាត់មិនបានគិតថាគាត់នឹងមិនស្លាប់នោះទេ។ គាត់ដឹងថាព្រះយេហូវ៉ាបានប្រកាសថា ការខុសឆ្គងរបស់មនុស្សនឹងនាំឲ្យស្លាប់ ហើយដាវីឌក៏បានដឹងថាគាត់ជាបុគ្គលដែលមានការខុសឆ្គង។ (ដក. ៣:៣, ១៧-១៩; ចសព. ៥១:៤, ៥) គាត់ដឹងថាសូម្បីតែបុរសដែលព្រះពេញចិត្តដូចជាអាប្រាហាំ អ៊ីសាក និងយ៉ាកុប ក៏បានស្លាប់ដែរ។ ម្យ៉ាងទៀត ដាវីឌក៏ដឹងខ្លួនថានៅទីបំផុតគាត់នឹងស្លាប់។ (ចសព. ៣៧:២៥; ៣៩:៤) ប៉ុន្តែ ពាក្យរបស់គាត់នៅចម្រៀងសរសើរព្រះ ៦១:៨ បានបង្ហាញអំពីបំណងប្រាថ្នានិងការតាំងចិត្តរបស់គាត់ឲ្យសរសើរព្រះជារៀងដរាប ពោលគឺដរាបណាគាត់នៅរស់។—២សាំ. ៧:១២
ជួនកាល ដាវីឌបានសរសេរអំពីបទពិសោធន៍ក្នុងជីវិតរបស់គាត់ផ្ទាល់ ដូចដែលយើងអាចឃើញពីពាក្យផ្ដើមនៃចម្រៀងសរសើរព្រះ បទ១៨, ៥១, និង៥២។ នៅចម្រៀងសរសើរព្រះ បទ២៣ ដាវីឌដែលធ្លាប់ធ្វើជាគង្វាលបានរៀបរាប់អំពីព្រះយេហូវ៉ាថាលោកជាគង្វាលដែលផ្ដល់ការណែនាំ ធ្វើឲ្យមានកម្លាំងឡើងវិញ និងផ្ដល់ការការពារ។ នេះធ្វើឲ្យដាវីឌចង់បម្រើលោក‹ពេញមួយជីវិតរបស់គាត់›។—ចសព. ២៣:៦
សូមចាំថាអ្វីទាំងអស់ដែលដាវីឌបានសរសេរគឺព្រះយេហូវ៉ាជាអ្នកដឹកនាំគាត់។ នោះរួមមានទំនាយអំពីអ្វីដែលនឹងកើតឡើងច្រើនឆ្នាំក្រោយមក។ ជាឧទាហរណ៍ នៅចម្រៀងសរសើរព្រះ បទ១១០ ដាវីឌបានសរសេរអំពីគ្រាមួយដែលលោកម្ចាស់របស់គាត់នឹង‹អង្គុយនៅខាងស្ដាំដៃព្រះ›នៅស្ថានសួគ៌ ហើយទទួលអំណាចដ៏ខ្លាំងក្លា។ តើនោះដើម្បីអ្វី? គឺដើម្បីបង្ក្រាបពួកសត្រូវរបស់ព្រះ ហើយ«វិនិច្ឆ័យទោសប្រជាជាតិនានា»នៅផែនដី។ ដាវីឌជាបុព្វបុរសរបស់មេស្ស៊ី ពោលគឺបុគ្គលដែលនឹងគ្រប់គ្រងពីស្ថានសួគ៌ ហើយដែលនឹង«ជាសង្ឃជារៀងរហូត»។ (ចសព. ១១០:១-៦) លោកយេស៊ូបានមានប្រសាសន៍ថាទំនាយនៅចម្រៀងសរសើរព្រះ បទ១១០ គឺចែងអំពីលោក ហើយថាទំនាយនោះនឹងសម្រេចនៅថ្ងៃអនាគត។—ម៉ាថ. ២២:៤១-៤៥
ព្រះយេហូវ៉ាបានដឹកនាំដាវីឌឲ្យសរសេរអំពីសម័យរបស់គាត់និងគ្រាអនាគតពេលដែលគាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយអាចសរសើរព្រះយេហូវ៉ាជារៀងរហូត។ នោះជួយយើងឲ្យយល់ថា ចម្រៀងសរសើរព្រះ ៣៧:១០, ១១, ២៩ អាចសំដៅទៅលើការពណ៌នាអំពីស្ថានភាពនៅស្រុកអ៊ីស្រាអែលសម័យបុរាណ ព្រមទាំងអំពីស្ថានភាពទូទាំងពិភពលោកនៅថ្ងៃអនាគត ពេលដែលព្រះសម្រេចសេចក្ដីសន្យារបស់លោក (សូមមើលវគ្គ៨ក្នុងអត្ថបទដែលមានចំណងជើងថា «អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»ក្នុងលេខនេះ)។
ដូច្នេះ ចម្រៀងសរសើរព្រះ ៦១:៨ និងខគម្ពីរដែលស្រដៀងគ្នាបង្ហាញថា ដាវីឌចង់លើកតម្កើងព្រះយេហូវ៉ានៅអ៊ីស្រាអែលសម័យបុរាណរហូតដល់គាត់ស្លាប់។ ម្យ៉ាងទៀត ខគម្ពីរទាំងនោះបង្ហាញអំពីអ្វីដែលដាវីឌនឹងធ្វើនៅថ្ងៃអនាគត ពេលដែលព្រះយេហូវ៉ាប្រោសគាត់ឲ្យរស់ឡើងវិញ។